COVID-19
អន្តរជាតិ
រដ្ឋាភិបាល​ឡាវ​ហាម​ដាច់ខាត​ការរៀប​ពិធីជប់លៀង​ធំ និង​ពិធី​សាសនា​ពេល​ចូលឆ្នាំ​
14, Apr 2020 , 6:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដើម្បី​ក្រើនរម្លឹក​ដល់​ប្រជាជន​ស្តីពី​ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​បទបញ្ជា​របស់​រដ្ឋាភិបាល​លើ​វិធាន​ការការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម Covid-19​។ សេចក្តីថ្លែងការណ៍​នេះ គឺជា​ការ​ពញ្ញាក់​ស្មារតី​របស់​ប្រជាជន​កុំ​ឲ្យ​ភ្លេចខ្លួន ជាពិសេស​ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​។​

 
​តាមរយៈ​សេចក្តីថ្លែងការណ៍​ចេញ​ដោយ​គណៈកម្មាការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 រដ្ឋាភិបាល​ឡាវ នៅ​ថ្ងៃទី​១១ ខែមេសា បាន​ទទូច​ឲ្យ​ប្រជាជន​ទាំងអស់​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​អនុវត្តតាម​បទបញ្ជា​របស់​រដ្ឋាភិបាល ខណៈ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណីជាតិ ក៏​កំពុងតែ​ចូលមក​ដល់​ផង​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឡាវ Vientiane Times​។​
 
​តាម​សេចក្តីថ្លែងការណ៍​ដដែល រដ្ឋាភិបាល​ឡាវ បាន​គូសបញ្ជាក់​ជាថ្មី ពីបទ​បញ្ជា​ដែល​តម្រូវ​ឲ្យ​ប្រជាជន​មិនត្រូវ​ធ្វើដំណើរ​កម្សាន្ត​, ស្នាក់​នៅផ្ទះ​រៀងៗ​ខ្លួន​តាម​អ្វីដែល​អាចធ្វើ​ទៅបាន​, អនុវត្ត​គោលការណ៍​នៅ​ឆ្ងាយ​ពីគ្នា​និង​មិន​ប៉ះពាល់​គ្នា​ដោយផ្ទាល់​, ជាពិសេស​នោះ មិន​ត្រូវមាន​ដាច់ខាត​កម្មវិធី​ជប់លៀង​ទ្រង់ទ្រាយ​ធំ និង​ចូលរួម​កម្មវិធី​បុណ្យ​សាសនា​ផ្សេងៗ ដែលមាន​ប្រជាជន​ចូលរួម​ច្រើន​។​
 
​គិត​ត្រឹម​ថ្ងៃ​១១ មេសា ឡាវ បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម Covid-19 សរុប ១៨ ករណី​។ គិត​ចាប់ពី​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​នេះ​ផ្ទុះ​ឡើងមក ឡាវ បានធ្វើ​តេស្ត​លើ​ប្រជាជន​ជាង​មួយ​ពាន់​នាក់​មកហើយ ដែល​ក្នុងនោះ​មាន​លទ្ធផល​វិជ្ជមាន ១៨ ករណី​។ មិនទាន់មាន​អ្នកជំងឺ​ណា​ម្នាក់ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​នៅឡើយ​នោះទេ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា ឡាវ បានសម្រេច​ដាក់​ប្រទេស​ក្នុង​ភាព​រឹតត្បិត​ចាប់ពី​ថ្ងៃទី​៣០ មីនា មក​។ ប្រជាជន ត្រូវបាន​តម្រូវ​ឲ្យ​ស្នាក់​នៅផ្ទះ ខណៈ​មន្ត្រី​រដ្ឋការ​ស៊ីវិល ត្រូវតម្រូវ​ឲ្យ​ធ្វើការ​ពី​ផ្ទះ លើកលែងតែ​ប៉ូលិស ទាហាន និង​មន្ត្រី​ពាក់ព័ន្ធ​ជំនាញ​ផ្សេងទៀត​ដែលមាន​សមត្ថកិច្ច​ក្នុងការ​ធ្វើការ​ប្រយុទ្ធ​ជាមួយនឹង​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 នោះទេ ដែល​ត្រូវ​នៅ​ធ្វើការ​ដូច​ធម្មតា​៕ 

Tag:
 COVID-19
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com