COVID-19
ជាតិ
សង្គមជាតិ
Covid-19៖ ទោះ​នៅ​ទីក្រុង ឬ​ជនបទ ពលរដ្ឋ​នៅតែ​បារម្ភ និង​ធុញទ្រាន់​នឹង​បែបផែន​រស់នៅ​ថ្មី​
14, Apr 2020 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ វិបត្តិ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​អ្នករស់នៅ​ទីក្រុង​មួយចំនួន បង្ខំចិត្ត​ស្នាក់នៅ​ក្នុងផ្ទះ មិន​ហ៊ាន​ចេញទៅ​ទីប្រជុំជន​។ ចំណែក​អ្នក​ដែល​ត្រឡប់​ទៅ​រស់នៅ​ស្រុកកំណើត​មួយចំនួន ក៏​រស់នៅ​ដោយ​ប្រយ័ត្នប្រយែង​ដែរ ព្រោះ​នៅតែ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។

 
​លោក ងា​ន កាបិ​ល ជា​និស្សិត និង​អ្នកធ្វើការ​នៅ​ភ្នំពេញ និង​កំពុងស្នាក់នៅ​បន្ទប់​ជួល​មួយកន្លែង ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ​។ លោក កាបិ​ល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រាល់ថ្ងៃ​លោក​មិន​ហ៊ាន​ចេញ​ទៅណា​នោះទេ ព្រោះ​បារម្ភ​ខ្លាច​ឆ្លង​កូ​វីដ​-១៩​។ នៅផ្ទះ​ច្រើនជាង​រាល់ដង លោក កាបិ​ល មិនទាន់​អាច​ស៊ាំ​នឹង​បរិយាកាស​រស់នៅ​ថ្មី​នេះឡើយ​។ លោក ងា​ន កាបិ​ល រៀបរាប់ថា​៖ «​ខ្ញុំ​មិន​ហ៊ាន​ហូប​អី​នៅក្រៅ​ទេ​។ នៅផ្ទះ​ដាំបាយ ធ្វើ​ម្ហូប ហើយ​មាន​ទិញ​ពង​ទា ត្រីខ ហើយ​ត្រីប្រលាក់​អី​ខ្លះមក​ទុក​។ ហើយ​ពិបាក​នៅ​ធុញថប់​ណាស់ នៅតែ​ក្នុង​បន្ទប់​អស់​សូវ​ចេះ​នៅទេ ព្រោះ​បន្ទប់​តូច​»​។ 
   
    កញ្ញា សោភ័ណ្ឌ និង ឪពុក 

​សម្រាប់​ការសិក្សា និង​ការងារ លោក កាបិ​ល ត្រូវ​រៀន​ពី​ផ្ទះ​តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​នេះ​មិនមាន​បញ្ហា​ចោទ​ទេ​។ ក៏ប៉ុន្តែ​ការធ្វើការ​ពី​ផ្ទះ​ពិបាក​ទៅវិញ ព្រោះ​លោក​ទើប​ចូល​បំពេញការងារ​នៅ​ក្រសួងបរិស្ថាន ដែល​ទាម​ទាម​ការរៀនសូត្រ​ពី​ការងារ​ថ្មី​ច្រើន​។​ ​ទោះជា​យ៉ាងនេះ​ក្តី មិនមែន​មាន​កិច្ចការ​ចេញទៅ​ក្រៅ​សោះ​ទេ​។ យូរៗ​ម្តង​លោក​ត្រូវ​ចេញ​ក្រៅ​ទិញ​ម្ហូប និង​ជួប​មិត្តភក្តិ​ខ្លះ​ដែរ ដែល​ធ្វើ​ឲ្យ​លោក​មាន​កង្វល់​ខ្លាច​ឆ្លង​COVID-19 ដោយ​មិនដឹង​ខ្លួន​។​
 
​ចំណែក កញ្ញា ឡុ​ច សោ​ភ័​ណ្ឌ ជា​អ្នករៀបចំ​បន្ទប់​នៅ​សណ្ឋាគារ និង​ជា​សិ​ន្សិ​ត​នៅ​ភ្នំពេញ បាន​ត្រឡប់​ទៅ​ស្រុកកំណើត នៅ​ខេត្តតាកែវ​វិញ តាំងពី​អំឡុង​ខែមីនា​ម្ល៉េះ​បន្ទាប់ពី ការសិក្សា និង​ការងារ​ត្រូវ​ផ្អាក​។​ទោះបី​សាលា​របស់​កញ្ញា មានការ​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ប៉ុន្តែ​កញ្ញា​អះអាងថា រៀន​មិនសូវ​យល់​ដូច​រៀន​ក្នុង​ថ្នាក់​នោះទេ ហើយ​បញ្ហា​ចម្បង គឺ​ប្រព័ន្ធ​អ៊ី​ធឺ​ណិ​ត​យឺត​មិនអាច​ស្រាវជ្រាវ​ឬ​រៀន​តាម​អន​ឡាញ​ទាន់​គេ​ឡើយ​។  «​មក​នៅ​ស្រុក​វា​ស្រស់ថ្លា​ជាង​នៅ​ក្រុងភ្នំពេញ តែ​ពិបាក​ត្រង់​អ៊ីនធឺណិត​យឺត ចង់​បើក​ឬ​ស្រាវជ្រាវ​អ្វី​ពិបាក ជួន​អ៊ីនធឺណិត​ដើរ​ជួន​មិន​ដើរ​។ អ៊ីនធឺណិត​នៅទីនេះ បើ​មានការ​អី​បន្ទាន់ ឬ​ព័ត៌មាន​បន្ទាន់ គឺ​មិនអាច​ឆ្លើយឆ្លង​គ្នា ឬ​ទទួលបាន​ទាន់ពេលវេលា​ទេ​»​។ នេះ​ជាការ​រៀបរាប់​របស់​ក​ញ្ញា សោ​ភ័​ណ្ឌ​។ 
​ទោះ​ទៅដល់​ស្រុកកំណើត​ហើយក៏​ដោយ កញ្ញា សោ​ភ័​ណ្ឌ នៅតែ​ខ្លាច​ឆ្លង​កូ​វីដ​-១៩ ដដែល ព្រោះ​នៅក្នុង​ឃុំ​របស់​នាង មាន​ពលរដ្ឋ​ដែល​ទើប​ត្រឡប់​មកពី​ធ្វើការ​នៅក្រៅ​ប្រទេស​ច្រើន​។​
  
កញ្ញា អេត ចាន់ថង 

​ចំណែក កញ្ញា អេ​ត ចាន់​ថង ដែល​សម្រេច​ត្រលប់​ទៅ​រស់នៅ​ស្រុកកំណើត នៅ​ខេត្តកំពង់ចាម​វិញ កាលពី​សប្ដាហ៍​មុន ដោយសារ​កន្លែង​ការងារ​ផ្អាក​មួយរយៈ ហើយ​តម្រូវឱ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ​។ មូលហេតុ​ដែល​កញ្ញា ចាន់​ថង មិន​បន្ត​រស់នៅ​បន្ទប់​ជួល បន្ត ព្រោះ​នាង​ខ្លាច​ឆ្លង COVID-19 ពេល​រស់នៅ​ភ្នំពេញ​ដែល​មនុស្ស​ច្រើន​។ កញ្ញា អេ​ត ចាន់​ថង បញ្ជាក់​ដូច្នេះ​៖ «​បន្ទប់​ជួល​នៅ​ម្ដុំ​វត្ត​សន្សំ​កុសល​តូចចង្អៀត ហើយ​ខ្ញុំ​គិតថា​នៅ​ទីក្រុង​ភ្នំពេញ ងាយ​នឹង​ឆ្លង COVID-19 ព្រោះ​ភ្នំពេញ​មាន​មនុស្ស​ច្រើន​»​។​
 
​កញ្ញា ចាន់​ថង អះអាងថា ការរស់នៅ​ស្រុកកំណើត​មាន​បរិយាកាស​ល្អ ប៉ុន្តែ​ប្រសិទ្ធភាព​ការងារ​ធ្លាក់ចុះ​ដោយសារ​បញ្ហា​អ៊ីនធឺណិត​។ កញ្ញា​ថ្លែងថា​៖ «​នៅផ្ទះ​ស្រុក​នេះ មាន​ដំណាំ​ជុំវិញ​ផ្ទះ ខ្យល់អាកាស​ល្អ មិន​ធុញ​ដូច​ភ្នំពេញ​ទេ​។ ប៉ុន្តែ​ចំពោះ​ការងារ ដែល​ធ្វើ​ពី​ផ្ទះ​ខ្ញុំ​គ្មាន​អ៊ឺ​ន​ធឺ​ណិ​ត​ទេ ។ ត្រូវ​ជិះ​ម៉ូតូ​ប្រមាណ​៣​គឺ​ឡូ​ម៉ែត្រ ទៅដល់​ទីរួមស្រុក ទើប​មាន​អ៊ីនធឺណិត​។ បញ្ហា​នេះ ធ្វើឱ្យ​ប្រសិទ្ធភាព​ការងា​ធ្លាក់ចុះ ព្រោះ​ពិបាក​ទាក់ទង​ជាមួយ​ក្រុមការងារ ហើយ​នៅផ្ទះ​មាន​ការងារ​តិចតួច​ច្រើនយ៉ាង អារម្មណ៍​មិន​មូល​ដូច​កន្លែង​ការងារ ទើប​ការងារ​មិនសូវ​រលូន​ល្អ​»​។ 
​យុវតី​រូបនេះ​ថា នឹង​ត្រឡប់មក​ភ្នំពេញ ក្រោយ​ចូលឆ្នាំ​ខ្មែរ​វិញ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ឡើងវិញ​៕
 

រូបពីលោក លោក កាបិល

Tag:
 COVID-19
  ភ្នំពេញ​
  ជនបទ
© រក្សាសិទ្ធិដោយ thmeythmey.com