COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ ដូច Liverpool ដែរ Spurs ឈប់​កាត់លុយ​បុគ្គលិក​វិញ ក្រោយ​រង​ការរិះគន់​
14, Apr 2020 , 7:59 pm        
រូបភាព
Tottenham Hotspur បាន​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​របស់ខ្លួន​វិញ​ដោយ​មិន​កាត់​ប្រាក់​ឈ្នួល​របស់​បុគ្គលិក​ឡើយនា​អំឡុងពេល​លី​គ​ផ្អាក​បណ្តោះអាសន្ន ដោយសារ​វិបត្តិ COVID-19 បន្ទាប់ពី​រង​ការរិះគន់​ពី​សំណាក់​អ្នកគាំទ្រ​របស់​ពួកគេ​។​

Spurs កាលពី​ថ្ងៃទី​៣១ ខែមីនា ធ្លាប់បាន​ប្រកាស​កាត់​ប្រាក់​ឈ្នួល​ចំនួន​២០​ភាគរយ លើ​បុគ្គលិក​៥៥០​នាក់ ក្នុង​ខែមេសា និង​ឧសភា​។ ប្រធាន​ក្លិប​រហស្សនាម​មាន់​ខ្នាយ​មាស លោក Daniel Levy អះអាងថា ការធ្វើ​របៀបនេះ គឺ​ដើម្បី​ការពារ​ការងារ​របស់​បុគ្គលិក ព្រមទាំង​គ្រោង​បញ្ឈប់​បុគ្គលិក​បណ្តោះអាសន្ន​ផង​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​អង់គ្លេស ស្របពេល​ក្លិប​គ្មាន​ចំណូល​។​
 
​យ៉ាងណាក៏ដោយ ក្រោយ​មានការ​រិះគន់​ខ្លាំងៗ​ពី​សំណាក់​អ្នកគាំទ្រ​ផង​នោះ Spurs នៅ​ថ្ងៃទី​១៣ ខែមេសា បាន​ផ្លាស់ប្តូរ​គំនិត​ខាងលើនេះ​វិញ ដោយ​សម្រេច​ផ្តល់ប្រាក់​ឈ្នួល​ដល់​បុគ្គលិក​ពេញ ១០០​ភាគរយ​ក្នុង​ខែមេសា និង​ខែឧសភា​ដូច​ធម្មតា​ទោះ​គ្មាន​ការប្រកួត​ក្តី​។​
 
​បើតាម​សេចក្តីប្រកាស​របស់​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៍​នេះ មានតែ​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្លិប​ប៉ុណ្ណោះ​ទេ​ដែល​នឹងត្រូវ​កាត់បន្ថយ​ប្រាក់ខែ​។ នេះ​រាប់បញ្ចូល​ទាំង​លោក Levy ដែល​ទទួលបាន​ថ្លៃ​ពលកម្ម​ជិត​៩​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​២០១៩​។​
 
​លោក Levy បានបង្ហាញ​ការសោកស្តាយ​ចំពោះ​ការសម្រេច​លើកដំបូង ដោយ​លើក​ហេតុផល​ថា​ក្លិប​អន្ទះសារ និង​ព្រួយបារម្ភ​ពី​វិបត្តិ COVID-19 ខ្លាំងពេក​។ ប៉ុន្តែ​ក្រោយ​បើក​កិច្ចប្រជុំ​រូ​ច​ហើយ​នោះ ក្លិប​បានសម្រេច​មិន​កាត់​ប្រាក់​ឈ្នួល​បុគ្គលិក ហើយ​ព្រមទាំង​សុំទោស​អ្នកគាំទ្រ​ខ្លួន​ទៀតផង​។​
 
​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Jose Mourinho នេះ ជា​ក្លិប​ទី​ពីរ​នៅ​លី​គ​កំពូល​អង់គ្លេស​ហើយ​បន្ទាប់ពី Liverpool ដែល​ផ្លាស់ប្តូរ​គំនិត​ចង់​កាត់​ប្រាក់​ឈ្នួល​បុគ្គលិក​អំឡុង​វិបត្តិ COVID-19​។ ដោយឡែក Newcaslte United, Bournemouth និង Norwich City ដែល​បានប្រកាស​កាត់​ប្រាក់​ឈ្នួល​បុគ្គលិក​២០​ភាគរយ​ក្រោម​ហេតុផល​ការពារ​អនាគត​ក្លិប នៅតែ​រក្សា​ជំហរ​នេះ​ដដែល​។​
 
​ចំពោះ Manchester United និង Manchester City សុទ្ធតែ​បានចេញ​មុខ​បញ្ជាក់​ច្បាស់​ថា ក្លិប​នឹងមិន​កាត់​ប្រាក់​ឈ្នួល​បុគ្ល​លិ​ក​ខ្លួន​មួយ​កាក់​មួយ​សេន​ឡើយ បើ​ទោះ​គ្មាន​ការប្រកួត​ដែល​នៅ​សេសសល់​រដូវ​កាល​នេះ​ក៏ដោយ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៤ ខែមេសា​នេះ អ្នក​ឆ្លង COVID-19 នៅ​ចក្រភព​អង់គ្លេស​មាន​ចំនួន​ជិត​៩​ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់​ជាង​មួយ​ម៉ឺន​នាក់​៕

Tag:
 COVID-19
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com