ជាតិ
សង្គមជាតិ
ក្នុង​ខែមេសា​នេះ មាន​មនុស្ស​២​នាក់​ស្លាប់ និង​ផ្ទះ​ជាង​១​ពាន់​ខ្នង​ខូចខាត ដោយសារ​គ្រោះធម្មជាតិ​
14, Apr 2020 , 4:39 pm        
រូបភាព
រូបពីក្រសួងធនធានទឹក និងឧតុនិយម
រូបពីក្រសួងធនធានទឹក និងឧតុនិយម
 
​ភ្នំពេញ​៖ រយៈពេល​១៤​ថ្ងៃ ក្នុង​ខែមេសា​ឆ្នាំ​២០២០​នេះ មាន​មនុស្ស​២​នាក់​បាន​ស្លាប់ និង​ផ្ទះ​ពលរដ្ឋ​ជាង​១០០០​ខ្នង​បាន​រង​ការខូចខាត ដោយសារ​គ្រោះធម្មជាតិ​។ លោក ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៤ មេសា​នេះ​។​


​បើតាម លោក ឃុន សុខា ក្នុងចំណោម​ផ្ទះ​ពលរដ្ឋ​ដែល​រង​ការខូចខាត ភាគច្រើន​រង​ផលប៉ះពាល់​តិចតួច រួមមាន​ផ្ទះ​ពលរដ្ឋ​នៅ​ខេត្តបាត់ដំបង​ជាង​៨៣០​ខ្នង​, ខេត្តបន្ទាយមានជ័យ​ចំនួន​៥៣​ខ្នង​, ខេត្តតាកែវ​ចំនួន​៥០​ខ្នង​, ខេត្តស្វាយរៀង​ចំនួន​៣២​ខ្នង​, កំពង់ស្ពឺ​ជាង​១០០​ខ្នង និង​ខេត្តកំពង់ឆ្នាំង​១០​ខ្នង​។​
 
​លោក ឃុន សុខា មិនទាន់មាន​តួលេខ​ជាក់លាក់​ពី​ករណី​រងគ្រោះ​ដោយសារ​ធម្មជាតិ​ចាប់តាំងពី​ដើមឆ្នាំ​២០២០​នោះមក​ទេ​។ តែ​យ៉ាងណា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ និង​មិនត្រូវ​ធ្វើដំណើរ​នៅ​អំឡុងពេល​មេឃ​ភ្លៀង​ឡើយ​៕  

Tag:
 គ្រោះធម្មជាតិ​
  ខ្យល់​កន្ត្រាក់​
© រក្សាសិទ្ធិដោយ thmeythmey.com