COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង បាញ់​មី​ស៊ី​ល​ជាច្រើន​គ្រាប់​មុន​ការបោះឆ្នោត​សភា​កូរ៉េខាងត្បូង
14, Apr 2020 , 5:12 pm        
រូបភាព
រូបភាព៖ Chung Sung-Jun, Getty Images
រូបភាព៖ Chung Sung-Jun, Getty Images
 
​កូរ៉េខាងជើង នា​ថ្ងៃទី​១៤ ខែមេសា បាន​បាញ់​មី​ស៊ី​ល​ប្រដេញ ជាច្រើន​គ្រាប់​សំដៅទៅ​សមុទ្រ​ខាងកើត ឬ​សមុទ្រ​ជប៉ុន​។ ការបាញ់​នេះ គឺធ្វើឡើង​នៅ​ចំ​ថ្ងៃ​បុណ្យខួប​អតីត​មេដឹកនាំ​កូរ៉េខាងជើង Kim Il-sung និង​កៀក​ថ្ងៃ​បោះឆ្នោត​សភា​នៅ​កូរ៉េខាងត្បូង​។


​នេះ​គឺជា​លើក​ទី​៥ ហើយ​របស់​កូរ៉េខាងជើង ដែល​បាន​បាញ់​សាកល្បង​អាវុធ​របស់ខ្លួន​នៅក្នុង​ឆ្នាំ ២០២០​។ ការបាញ់​នេះ ធ្វើឡើង​នៅ​ចំ​ខួប​អាយុ ១០៨​ឆ្នាំ នៃ​អតីត​មេដឹកនាំ​កូរ៉េខាងជើង គីម អ៊ី​ល​ស៊ុ​ង (Kim Il-sung) និង​មុន​ថ្ងៃ​បោះឆ្នោត​សភា​កូរ៉េខាងត្បូង ដែល​ត្រូវ​រៀបចំឡើង​នា​ថ្ងៃទី​១៥ ខែមេសា​។ 
 
​បើតាម​ការអះអាង​រប​ស់នាយ​សេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​លពីរ​ប្រភេទ​សំដៅទៅ​សមុទ្រ​ជប៉ុន​។ ប្រភេទ​ទី​១ គឺជា​មី​ស៊ី​ល​ប្រឆាំងនឹង​នាវា​បាញ់​ចេញពី​ដីគោក (surface-to-ship cruise missiles) ដែល​ត្រូវបាន​បាញ់​នៅក្នុង​អំឡុង​ម៉ោង​៧​ព្រឹក ពី​តំបន់​មួយ​ក្បែរ​ក្រុង Munchon ។ មី​ស៊ី​ល​ប្រភេទ​នេះ ហោះ​បាន​ចម្ងាយ ១៥០​គីឡូម៉ែត្រ​មុននឹង​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ខាងកើត​។ 
 
​ប្រភេទ​ទី​២ គឺជា​មី​ស៊ី​លបាញ់​ពីលើ​អាកាស​ទៅ​ដី (air-to-ground missiles)  ដែល​បាញ់​ចេញពី​យន្តហោះ​ចម្បាំង​Sukhoi និង​យន្តហោះ​ចម្បាំង MiG​។ មី​ស៊ី​ល​ប្រភេទ​ចុងក្រោយ​នេះ កូរ៉េខាងជើង​បាន​បាញ់​ជាច្រើន​គ្រាប់​ចេញពី​ក្រុង Wonsan សំដៅទៅ​ស​មុ​ត្រ​ខាងកើត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ការបាញ់​មី​ស៊ី​ល​លើក​នេះ គឺ​ធ្វើ​ក្រោយ​កិច្ចប្រជុំសភា និង​កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​នៃ​គណៈ​មជ្ឈិមបក្ស​ពលករ​កូរ៉េខាងជើង តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ ការបាញ់​មី​ស៊ី​ល​ប្រដេញ​ចុងក្រោយ​របស់​កូរ៉េខាងជើង គឺធ្វើឡើង​នៅក្នុង​ឆ្នាំ ២០១៧​។ ពេលនោះ​កូរ៉េខាងជើង បាន​សាកល្បង​មី​ស៊ី​ល​ប្រដេញ​ប្រភេទ Kumsong-3 នៅ​ក្រុង​Wonsan ៕ 

Tag:
 កូរ៉េខាងជើង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com