អត្ថបទ៖ ស៊ីធី
Ilias Ennahachi រហស្សនាម «Tweety» បានបង្កើតព្យុះភ្លៀងក្លាយជាម្ចាស់ខ្សែក្រវាត់ ONE Super Series ទម្ងន់ flyweight កាលឆ្នាំ ២០១៩។ ម្ចាស់ខ្សែក្រវាត់កូនកាត់ម៉ារ៉ុក-ហូឡង់រូបនេះគ្រងខ្សែក្រវាត់ ONE Flyweight Kickboxing World Title បន្ទាប់ពីបង្ហាញខ្លួនដំបូងកាលខែសីហាកន្លងទៅ និងការពារខ្សែក្រវាត់បានសម្រេចក្នុងរយៈពេល ៣ ខែបន្ទាប់។
ជើងខ្លាំងវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញភាពត្រចះត្រចង់នៅលើសង្វៀន ដោយជោគជ័យរបស់ Ennahachi បានមកពីការលើកទឹកចិត្តរបស់មនុស្សជុំវិញខ្លួនជាពិសេសក្រុមគ្រួសាររបស់គេ។ តើពួកគេលើកទឹកចិត្ត «Tweety» ដោយវិធីណា ហើយតើ ជើងខ្លាំងរូបនេះជម្នះឧបសគ្គដោយរបៀបណា?
គ្រួសារគួរឲ្យគោរព
Ennahachi បានកើតនៅក្រុង Utrecht ប្រទេសហូឡង់ ប៉ុន្តែមានឳពុកម្ដាយជាជនជាតិម៉ារ៉ុក ហើយរូបគេមានបទពិសោធន៍ច្រើនក្នុងការរស់នៅក្រុងតំបន់អឺរ៉ុប។ ប៉ាម៉ាក់របស់គេសុទ្ធតែជះឥទ្ធិពលនៃភាពរីកចម្រើនរបស់កូន។ ការដែលនៅប្រទេសហូឡង់កាន់តែធ្វើឲ្យកូនៗមានឱកាសយ៉ាងច្រើន។
ម្ចាស់ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion ពន្យល់បែបនេះ៖«ឳពុកម្ដាយរបស់ខ្ញុំជាជនភៀសខ្លួន ដូច្នេះពួកគាត់បានជម្នះរឿងជាច្រើនដើម្បីសិទ្ធិរស់រាន។ ប៉ារបស់ខ្ញុំពេលខ្លះក៏តតាំងជាមួយមនុស្សដូចគ្នាដើម្បីត្រូវបានគេទទួលស្គាល់សិទ្ធិ។ ខ្ញុំមានឈាមជ័រជាជនជាតិម៉ារ៉ុក តែខ្ញុំកើតនៅហូឡង់ ខ្ញុំរស់នៅហូឡង់ និងធំធាត់នៅទីនេះ។ អ្វីៗ គឺនៅហូឡង់ពិតជាអស្ចារ្យ»។ ប៉ារបស់ Ennahachi ជាអ្នករើសអេតចាយដើម្បីទ្រទ្រង់ជីវភាព ខណៈដែលម្ដាយធ្វើការផ្ទះកាលគ្រានោះដើម្បីមើលថែកូន មុនពេលចាប់ផ្ដើមការងារ។ ដោយសារពួកលោកទាំងទ្វេខំធ្វើការងារខ្លាំងក្លាទើបអាចទ្រទ្រង់ដល់ការចិញ្ចឹមកូនៗ។ ម្ចាស់ខ្សែក្រវាត់បន្តថា៖«ទីនេះ[ហូឡង់] ពិតជាល្អខ្លាំងណាស់ ដែលខ្ញុំធំធាត់ជាមួយបងប្អូនប្រុសស្រី។ គ្រួសាររបស់ខ្ញុំពិតជាមានន័យធំធេងសម្រាប់ខ្ញុំ»។
ឈាមជ័រជាអ្នកហាត់គុន
Ennahachi ត្រូវបានគេដឹងថាហាត់ក្បាច់គុនតាមឳពុក និង ពូរបស់គេ ដែលអ្នកទាំងពីរសុទ្ធតែចេះការ៉ាតេ។ «ប៉ារបស់ខ្ញុំតែងតែរំលឹកក្បាច់គុន។ គាត់និងប្អូនប្រុសរបស់គាត់ចេះការ៉តេ។ ហើយបងប្អូនជីដូនមួយរបស់ខ្ញុំហាត់ kickboxing។ ដូច្នេះខ្ញុំគិតថាខ្ញុំមានឈាមជ័រជាអ្នកហាត់ក្បាច់គុនស្រាប់»។
យ៉ាងណាក្ដី កាលនៅតូច Ennahachi ចូលចិត្តលេងបាល់ទាត់ ប៉ុន្តែមិនយូរប៉ុន្មានក៏ចូលក្លិបហាត់ប្រដាល់ទៅវិញដើម្បីប្រជែងជាមួយបងប្អូន។ កីឡាកររូបនេះរំលឹក ៖«ខ្ញុំរៀនក្បាច់ kickboxing នៅអាយុ ១១ ឆ្នាំ។ ហើយបងប្អូនជីដូនមួយខ្ញុំប្រាប់ថាមានក្មេងប្រុសម្នាក់ពូកែណាស់និងអាចឈ្នះខ្ញុំបាន។ ខ្ញុំក៏ចេះតែមានមោទនភាពដើម្បីហាត់ និងចង់បង្កើនសមត្ថភាព។ ខ្ញុំក៏ចូលរួមក្លិបរបស់បងប្អូនជីដូនមួយរបស់ខ្ញុំ និងចាប់ផ្ដើមឡាំគ្នា។ ខ្ញុំសប្បាយចិត្តពេលគ្រូបង្វឹកប្រាប់ថាខ្ញុំធ្វើបានល្អ។ ២ខែក្រោយមកខ្ញុំប្រកួតលើកដំបូង»។ តាំងពីនោះមក kickboxing បានធ្វើឲ្យរូបគេកាន់តែក្លាហានក្នុងការហ្វឹកហាត់។
ជាមួយគ្នានោះ “Tweety” មានបងប្អូនក៏ជាចំណែកជំរុញឲ្យហ្វឹកហាត់និងសាកក្បាច់គ្នាដែរ។ Ennahachi បញ្ជាក់ ៖«ក្បាច់គុនធ្វើឲ្យខ្ញុំអារម្មណ៍ល្អ។ ពេលអ្នកហាត់ខ្លាំង នោះនឹងទទួលបានលទ្ធផលតាមនោះ។ ខ្ញុំក៏មានអារម្មណ៍ហាត់ខ្លាំងឡើងៗ។ អ្នកដែលខ្ញុំសរសើរបំផុតគឺ ប៉ារបស់ខ្ញុំ។ គាត់តែងតែចូលរួមមើលការហ្វឹកហាត់របស់ខ្ញុំ។ នោះជាកម្លាំងចិត្តសំខាន់បំផុត ហើយវាធ្វើឲ្យខ្ញុំហ្វឹកហាត់បានល្អបំផុត»។
ការសម្រេចចិត្តនាំឲ្យមានការផ្លាស់ប្ដូរ
ប៉ារបស់ “Tweety” បានធ្វើឲ្យរូបគេចាកឆ្ងាយពីការហ្វឹកហាត់នៅអាយុ ១៦ ឆ្នាំដោយសារតែដើរខុសផ្លូវ។ កីឡាករដដែលលាតត្រដាងបែបនេះ ៖«ខ្ញុំត្រូវជ្រើសរើសរវាងមិត្ត ឬ យកការហ្វឹកហាត់ ព្រោះខ្ញុំបានព្រងើយកន្តើយនឹង kickboxing ដោយសារដើរជាមួយពួកម៉ាក និង ដើរខុសផ្លូវ។ ហើយពេលត្រលប់មកផ្ទះ ខ្ញុំធ្វើរឿងអាក្រក់ៗច្រើន»។
នៅពេលអាយុ ១៧ ឆ្នាំ ឳពុករបស់គេឲ្យជ្រើសរើស និងគិតជាលើកចុងក្រោយថាតើនៅហាត់kickboxing ឬ បោះបង់វា។ Ennahachi បង្ហាញភាពតានតឹង ៖«វាជាការសម្រេចចិត្តដ៏លំបាករវាងពួកម៉ាក និង ហាត់ក្បាច់គុន។ តែខ្ញុំចង់ជ្រើសរើសទាំងពីរ។ ក្បាច់គុនធ្វ្យើ្ឲខ្ញុំមានលំនឹង។ តែប៉ារបស់ខ្ញុំបើកភ្នែកធំៗ ហើយដំឡើងសំឡេងឲ្យរើសយកការហាត់គុន ១០០%។ ហើយអ្វីៗចាប់ផ្ដើមបានល្អវិញ។ ខ្ញុំមិនឈប់ទៀតទេ។ ក្បាច់គុនធ្វើឲ្យខ្ញុំចាកចោលរឿងអាក្រក់ៗ។ គាត់បង្ហាត់ឲ្យខ្ញុំចេះគោរព ឲ្យខ្ញុំចាស់ទុំគំនិតទោះនៅក្មេង និង ត្រូវសប្បាយចំពោះអ្វីដែលអ្នកមាន»។
ដំណើរឆ្ពោះទៅរកខ្សែក្រវាត់
ដោយសារតែការតាំងចិត្ត Ennahachi ទទួលបានជោគជ័យធំធេង។ “Tweety” មានកំណត់ត្រាឈ្នះ ៣៤ លើក និងចាញ់ ៣ លើកក្នុងអាជីព។ គេឈ្នះខ្សែក្រវាត់ Enfusion World Title, Blade World Championship, និង WFL World Title។ នៅមិនទាន់អស់ទៀត កីឡាករកូនកាត់ម៉ារ៉ុក-ហូឡង់រូបនេះ បន្តជោគជ័យធ្វើឲ្យគេឯងភ្ញាក់ផ្អើលនៅសង្វៀនកម្រិតពិភពលោក ONE Championship។
«ពេលខ្ញុំចុះកុងត្រានៅ ONE Championship វាធ្វើឲ្យខ្ញុំបង្កើនការងារធ្ងន់។ វាជាការបើកទ្វារដើម្បីឲ្យខ្ញុំភ្លឺស្វាងនិងបង្កើនការប្រឹងប្រែងទ្វេដង»។ Ennahachi បានបង្ហើបបែបនេះ។ ពេលបង្ហាញខ្លួនដំបូងនៅខែសីហាពិតជាមិនធម្មតាព្រោះ Ennahachi បានផ្ដួល “The Baby Shark” Petchdam Petchyindee Academy ឲ្យសន្លប់ដើម្បីគ្រងខ្សែក្រវាត់ ONE Flyweight Kickboxing World Title។
៣ខែក្រោយមករូបគេការពារខ្សែក្រវាត់បានសម្រេចទល់នឹងគូប្រកួតយូរយារ Wang Wenfeng បន្ទាប់ពីឈ្នះពិន្ទុមិនឯកច្ឆន្ទ។ អ្នកជំនាញ Kickboxing រូបនេះដាក់គោលដៅបង្ហាញខ្លួនឲ្យកាន់តែល្អនាប្រកួតបន្ទាប់។ «ការលើកទឹកចិត្តមិនឲ្យខ្ញុំឈប់ហាត់ គឺ ម៉ាក់ប៉ារបស់ខ្ញុំ។ ខ្ញុំត្រូវតែបង្កើនសមត្ថភាពបន្ថែមសម្រាប់គ្រួសាររបស់ខ្ញុំ ប្រពន្ធខ្ញុំ ប្អូនស្រីខ្ញុំ និងអ្នកមានគុនរបស់ខ្ញុំ។ ការលះបង់ និងការហ្វឹកហាត់ឲ្យខ្លាំងគឺជាហេតុផលនៃការជំរុញទឹកចិត្តទាំងនេះ។ ខ្ញុំត្រូវធ្វើការងារច្រើនដើម្បីឆក់ឱកាស។ ហើយខ្ញុំទទួលលទ្ធផលមកវិញ និង មិនបោះបង់វា»៕