COVID-19
អន្តរជាតិ
លោក ត្រាំ ប្រកាស​ផ្ដាច់ជំនួយ​ទៅ​អង្គការ​សុខភាព​ពិភពលោក ដោយ​ចោទថា​«​គ្មាន​តម្លាភាព​»
15, Apr 2020 , 10:13 am        
រូបភាព
ដោយ:
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ផ្អាក​ការផ្តល់​ថវិកា​ទៅ​អង្គការ​សុខភាព​ពិភពលោក (WHO) ដោយ​លើកឡើងថា​អង្គការ​នេះ​បាន​លាក់បាំង​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​រាតត្បាត មុននឹង​បណ្តាល​ឲ្យ​សាយភាយ​ជុំវិញ​ពិភពលោក​។

 
​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ នៅ​ថ្ងៃទី​១៥ ខែមេសា លោក​ប្រធានាធិបតី​ត្រាំ បាន​ណែនាំ​ឲ្យ​មន្ត្រី​រដ្ឋការ​របស់លោក​ផ្អាក​ការផ្តល់​វិភាគទាន ខណៈ​ការពិនិត្យ​លើ​សកម្មភាព​របស់​អង្គការ​សុខភាព​ពិភពលោក​នឹងត្រូវ​ធ្វើឡើង ដើម្បី​វាយតម្លៃ​ពី​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ និង​លាក់បាំង​ពី​ការ​សាយភាយ​នៃ​វីរុស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​សហរដ្ឋអាមេរិក ជា​ប្រទេស​ដែល​ផ្តល់​វិភាគទាន​ទៅកាន់​អង្គការ​សុខភាព​ពិភពលោក​ច្រើនជាងគេបង្អស់​។ នៅ​ឆ្នាំ​២០១៩ សហរដ្ឋអាមេរិក​បាន​ផ្តល់​វិភាគទាន​ច្រើនជាង ៤០០​លាន​ដុល្លារ ដែល​ប្រហែល​១៥%​នៃ​កញ្ចប់​ថវិកា​ទាំងមូល​របស់​អង្គការ​នេះ​។​
 
​លោក ដូ​ណា​ល់ ត្រាំ សង្កត់ធ្ងន់ថា អង្គការ​សុខភាព​ពិភពលោក មិន​បង្ហាញ​ពី​តម្លាភាព​ទៅលើ​ការ​សាយភាយ​នៃ​ជំងឺ ហើយនឹង​ពិភាក្សា​អំពី​អ្វីដែល​នឹងត្រូវ​ធ្វើ​ជាមួយ​ទឹកប្រាក់​ដែល​បាន​បរិច្ចាគ​ទៅកាន់​អង្គការ​សុខភាព​ពិភពលោក​។ ត្រង់ចំណុច​នេះ លោក​ត្រាំ បន្ថែមទៀតថា​៖«​ជាមួយនឹង​ការផ្ទុះ​នូវ​ជំងឺ COVID-19 យើង​មានការ​ព្រួយបារម្ភ​អំពី​ការប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ​តាមតែ​អាចធ្វើ​ទៅបាន​នូវ​សប្បុរស​ភាព​របស់​អាមេរិក​»​។​
 
​ការវាយប្រហារ​របស់ ប្រធានាធិបតី ត្រាំ ទៅលើ​អង្គការ​សុខភាព​ពិភពលោក បង្ហាញ​ពី​ជំនឿ​របស់លោក​ដែល​អង្គការ​នេះ​កាន់ជើង​ចិន និង​រួម​ដៃ​ជាមួយ​ចិន​ក្នុងការ​លាក់បាំង​ព័​ត៍​មាន​អំពី​គ្រោះមហន្តរាយ​សុខភាព​មួយ​នេះ​។​
 
​លោក​ត្រាំ​បន្តទៀតថា ការវាយប្រហារ​របស់​អង្គការ​សុខភាព​ពិភពលោក​លើ​ការ​រឹតត្បិត​ក្នុងការ​ធ្វើដំណើរ គឺជា​ការ​ទុក​នយោបាយ​ជាធំ ដោយ​ពុំ​ខ្វល់​ពី​ការសង្គ្រោះ​ជីវិត​ឡើយ ។ ទាំងអស់​នេះហើយ​ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា​ដ៏​សំខាន់​ក្នុង​ការរៀបចំ និង​ពន្យារ​ការសម្រេចចិត្ត​ក្នុងការ​ផ្អាក​ការធ្វើដំណើរ​ជាស​កល ។​
 
​ការសម្រេចចិត្ត​ផ្អាក​ផ្តល់​វិភាគទាន ទៅកាន់​អង្គការ​សុខភាព​ពិភពលោក ទទួលបាន​ថ្កោលទោស​មួយ​រំពេច​។ លោក​វេជ្ជបណ្ឌិត Patrice Harris ប្រធាន​សមាគម​គ្រូពេទ្យ​អាមេរិក​បាន​និយាយថា​៖« នេះ​ជា​ជំហាន​គ្រោះថ្នាក់​ទៅកាន់​ទិសដៅ​ខុស ដែល​មិន​ធ្វើ​ឲ្យ​ការយក​ឈ្នះ​ជំងឺ​COVID-19 មាន​ភាពងាយស្រួល​ឡើយ​»​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៤ មេសា អាមេរិក​មាន​អ្នក​ឆ្លង​ចំនួន ៦​សែន​នាក់ និង​ស្លាប់​ចំនួន ២៥,៧០០​នាក់​។ អង្គការ​សុខភាព​ពិភពលោក ដែលជា​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ ត្រូវការ​ត្រូវការ​ធនធាន​ជាង​ពេលណាៗ​ទាំងអស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​COVID-19 ដោយបាន​អំពាវនាវ​ស្វែងរក​ទឹកប្រាក់​ច្រើនជាង ១​ពាន់​លាន​ដុល្លារ​។ 
 
​ក្នុង​កញ្ចប់​ថវិកា​ឆ្នាំ​២០១៨-២០១៩ អាមេរិក​តម្រូវ​ឲ្យ​ចូលរួម​បរិច្ចាគ​២៣៧​លាន​ដុល្លារ ដែលជា​ការកំណត់​រប​ស់​សភា​អាមេរិក និង​ប្រមាណ​៦៥៦​ដុល្លារ​ដែលជា​ការបរិច្ចាគ​ស្ម័គ្រចិត្ត​ទៅកាន់​កម្មវិធី​ផ្សេងៗ​។ ខណៈ​ចិន​បរិច្ចាគ​ត្រឹមតែ​៧៦​លាន​ដុល្លា និង​ចូលរួម​ក្នុង​ការបរិច្ចាក​ស្ម័គ្រចិត្ត​ត្រឹម​១០​លាន​ដុល្លារ​៕

© រក្សាសិទ្ធិដោយ thmeythmey.com