ពីនេះ ពីនោះ
កូវីដ-១៩៖ ជាពេលដែលយុវជនទាំងមូល បង្ហាញកាយវិការស្នេហាជាតិហើយ
× ពេលស្រុកជួបវិបត្តិ យុវជនគួរចេញមុខឱ្យច្រើនជាងពេលធម្មតា។ នេះជាយោបល់របស់សុធីរ និងសំណាង។ មានហើយ អ្នកធ្វើសកម្មភាពមនុស្ស អ្នកស្ម័គ្រចិត្ត ប៉ុន្តែវាហាក់នៅមានចំនួនតិចនៅឡើយ។
សុធីរ៖ ស្រុកយើងជា ស្រុកដែលមានប្រជាជនវ័យក្មេងលើស៥០ភាគរយ។ និយាយម្យ៉ាងទៀត គឺជាប្រទេសដែលមានពលរដ្ឋសកម្មច្រើន មានយុវជនច្រើន។ មុនមានអាកូវីដ ស្អីគេហ្នឹង យុវជនអ្នកស្នេហាជាតិមានច្រើនណាស់ មកពីគ្រប់ជ្រុង ចេញមុខនៅលើហ្វេសប៊ុក។
សំណាង៖ អើ បើកុំឯងនិយាយ អញចង់ភ្លេចរឿងហ្នឹងដែរ។ តែអញឃើញបណ្តាញក្រុមយុវជន ស.ស.យ.ក នៅភ្នំពេញ និងតាមខេត្ត ដើរផ្សព្វផ្សាយសារអប់រំតាមភូមិ និងចែកជំនួយសម្បើមដែរតើ។ នៅមានក្រុមនិស្សិត យុវជន ជាលក្ខណៈឯកជនខ្លះទៀត ពួកគេធ្វើសកម្មភាពមនុស្សធម៌ ចែកអាល់កុល អង្ករ សាប៊ូដែរ។
សុធីរ៖ អញដឹងហើយ អញឃើញដែរ។ អញសរសើរពួកគេហើយ ព្រោះពួកគេខំចំណាយពេលវេលា ចំណាយលុយផ្ទាល់ខ្លួន អំពាវនាវប្រមូលថវិកាយកមកជួយអ្នកខ្វះខាត។ ការងារអស់នេះ ហត់ណាស់ណា។ ប៉ុន្តែអញចង់និយាយថា កាលមិនទាន់មានកូវីដ យុវជនអ្នកបញ្ចេញយោបល់ សរសេបង្ហោះទ្រឹស្តីមានច្រើនជាងនេះឆ្ងាយណាស់។ មើលទៅ បើថាប្រទេសមានវិបត្តិ គឺមិនខ្វះអ្នកស្នេហាជាតិ អ្នកស្ម័គ្រចិត្តនោះទេ។
សំណាង៖ អឺមែនវ៉ី! យើងត្រូវការកម្លាំងមនុស្សច្រើនជាងនេះ។ ថវិកាយើងអាចរកបាន តែយើងត្រូវការ ទឹកចិត្ត និងកម្លាំងមនុស្សធ្វើការ។ តែក្រែងថា មិនទាន់មានការអំពាវនាវ ស្វែងរកកម្លាំងស្ម័គ្រចិត្តទេដឹង?
សុធីរ៖ អ្ហែងថាអ៊ីចឹងក៏បាន។ សង្ឃឹមថា ពេលប្រទេសជាតិត្រូវការកម្លាំងមនុស្សមែនទែន វានឹងមានមនុស្សចូលរួមជាមួយរដ្ឋាភិបាល។ ទាំងអ្ហែង ទាំងអញ ក៏កុំគិតតែពីនិយាយអី ត្រៀមខ្លួនស្ម័គ្រចិត្តទៅ។ អញបារម្ភរឿងករណីផ្ទុះខ្លាំង នៅក្រោយចូលឆ្នាំនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com