COVID-19
អន្តរជាតិ
ជាង​២​ខែ ថៃ​ធ្វើតេស្ត​មនុស្ស​១០​ម៉ឺន​នាក់ ខណៈ​COVID-19​សរុប​មាន​២៦០០​ករណី​
15, Apr 2020 , 3:43 pm        
រូបភាព
ប្រភពរូប៖ កាសែតបាងកកប៉ុស្តិ៍
ប្រភពរូប៖ កាសែតបាងកកប៉ុស្តិ៍
ដោយ:
​អាជ្ញាធរ​សុខាភិបាល​ថៃ បានធ្វើ​តេស្ត​មនុស្ស​ជាង​១០​ម៉ឺន​នាក់​រកមើល​COVID-19 ចាប់ពី​ខែកុម្ភៈ រហូតដល់​ថ្ងៃទី​១០ ខែមេសា ហើយនឹង​បន្តធ្វើ​តេស្ត​បន្ថែមទៀត​។ គិត​មក​ត្រឹម​ថ្ងៃ​១៥ ខែមេសា មនុស្ស​ជាង​២៦០០​នាក់​ហើយ​ក្នុងប្រទេស​ថៃ បាន​រកឃើញថា​ឆ្លង​ជំងឺ​នេះ​។

 
​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​COVID-19​ថៃ លោក Taweesilp Visanuyothin បានបញ្ជាក់​កាលពី​ថ្ងៃទី ១៤ ខែមេសា ថា ក្រសួងសុខាភិបាល​បានបញ្ចប់​ការធ្វើ​តេស្ត​លើ​មនុស្ស​១០០ ៤៩៨​នាក់​ហើយ ក៏ប៉ុន្តែ​ការធ្វើ​តេស្ត​ជា​បន្តបន្ទាប់​ថែមទៀត នឹងត្រូវ​ប្រព្រឹត្ត​ទៅក្នុង​គោលដៅ​ទប់ស្កាត់​ការរីក​រាលដាល​នៃ COVID-19 ។ 
 
​លោក​វេជ្ជបណ្ឌិត Taweesilp ទទូច​ឲ្យ​ពលរដ្ឋ​អនុវត្ត​ចំណាត់ការ​បង្ការ​ទុកជាមុន ព្រោះថា​វា​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​ក្នុងការ​ព្យាបាល​អ្នកជំងឺ​COVID-19 ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​។ នេះ​តាម​ការចុះផ្សាយ​កាសែត បាងកក​ប៉ុស្តិ៍ ។ 
 
​ត្រង់ចំណុច​នេះ លោក សង្កត់ធ្ងន់ថា ក្រសួង​ប៉ាន់​ស្មានថា លុយ​ប្រមាណ​១​លាន​បាត ឬ​៣​ម៉ឺន​ដុល្លារ កំពុង​ចាយវាយ​លើ​ការព្យាបាល​អ្នកជំងឺ​នីមួយៗ​ដែល​រងគ្រោះ​ខ្លាំង​ដោយសារ​វីរុស​កាច​សាហាវ​នេះ​។ បើតាម​លោក​វេជ្ជបណ្ឌិត​រូបនេះ បច្ចុប្បន្ន ថៃ​មាន​អ្នកជំងឺ​ប្រភេទ​នេះ​សរុប ៤៨​នាក់ ហើយ​៣៧​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​១១​នៅ​មន្ទីរពេទ្យ​ឯកជន​។​
 
​ម្យ៉ាងវិញទៀត លោក Taweesilp ស្នើ​ឲ្យ​ពលរដ្ឋ​ថៃ​កុំ​ចេញ​ដើរហើរ​ខាងក្រៅ​អំឡុងពេល​សង្ក្រាន្ត​ ដែល​រដ្ឋាភិបាល​បានប្រកាស​លែង​ជា​ថ្ងៃ​ឈប់សម្រាក​សម្រាប់​ឆ្នាំ​២០២០​នេះ​។ ទោះជា​បែបនេះ​ក្តី កាលពី​ថ្ងៃ​យប់​ថ្ងៃ​ចន្ទ ១៣ ខែមេសា និង​ព្រឹក​ថ្ងៃ​អង្គារ មនុស្ស​៨០៦​នាក់​ត្រូវបាន​រកឃើញថា​បំពាន​បម្រាម​គោចរ ហើយ​ក្នុងចំណោម​នោះ មនុស្ស​១៥៥​នាក់​បាន​ទៅ​ចូលរួម​ពិធីជប់លៀង​។ 
 
​គិត​ត្រឹម​ថ្ងៃ​១៥ ខែមេសា ប្រទេស​ថៃ បាន​រាយការណ៍​ករណី​ឆ្លង​COVID-19 សរុប ២៦៤៣​នាក់ ក្នុងនោះ​៣០​ករណី​ថ្មី​។ អ្នកស្លាប់​សរុប​ឡើងដល់​៤៣​នាក់ ក្រោយ​រកឃើញ​ថ្មី ២​នាក់​បន្ថែម​។ ក្នុងចំណោម​អ្នក​ឆ្លង​ទាំង​ជាង​២៦០០​នាក់ អ្នកជំងឺ​ជិត​១៥០០​នាក់​បានជា​សះស្បើយ ហើយ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​ពេទ្យ​។ ក្រុម​អ្នកជំងឺ​មួយ​ភាគ​ធំ​នៅ​ថៃ គឺមាន​អាយុ​ចន្លោះ​ពី​៣០-៣៩​ឆ្នាំ​៕
 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com