COVID-19
អន្តរជាតិ
ការសិក្សា​របស់ Harvard៖ ការរក្សា​គម្លាត​សុវត្ថិភាព​អាចធ្វើ​រហូតដល់​ឆ្នាំ​២០២២
15, Apr 2020 , 8:59 pm        
រូបភាព
​ការផ្អាក​ចលនា​មនុស្ស​ដែល​ធ្វើឡើង​តែមួយ​ពេលនោះ ប្រហែលជា​មិនអាច​ទប់ស្កាត់ COVID -19 បាន​ទាំងស្រុង​នោះទេ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ Harvard ដែលមាន​តួនាទី​ក្នុងការ​ប៉ាន់ស្មាន​ចលនា​នៃ​ការរីក​រាលដាល​របស់​ជំងឺ​បានបញ្ជាក់​បែបនេះ កាលពី​ថ្ងៃទី​១៥ ខែមេសា ដោយ​បន្ថែមថា ការរក្សា​គម្លាត​សុវត្ថិភាព​នឹងត្រូវ​អនុវត្ត​ឡើងជា​រឿយៗ រហូត​ទៅដល់​ឆ្នាំ​២០២២​។

 
​ការប៉ាន់ស្មាន​ចលនា​នៃ​ជំងឺ​ដោយ​ប្រើប្រាស់​ការចង​ទិន្នន័យ​នានា​នៅក្នុង​ប្រព័ន្ធ​កំ​ព្យូ​ទ័​រ​នៃ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សកលវិទ្យា​ល័យ Harvard បានបញ្ជាក់​បន្ថែមថា COVID-19 នឹង​អាច​ក្លាយទៅជា​ជំងឺ​មាន​ឥទ្ធិពល​នៅតាម​រដូវ​កាល ស្រដៀង​គ្នា​នឹង​ប្រភេទ​នៃ​ក្រុម​វីរុស​កូ​រ៉ូ​ណា​ផ្សេងៗ​ទៀត​ដែរ ដែល​ឧស្សាហ៍​បង្ក​ទៅជា​ជំងឺ​ផ្តាសាយធំ ជាពិសេស​នៅ​រដូវរងា​។ ទោះបីជា​យ៉ាងនេះ​ក្តី គេ​ក៏​មិនអាច​សន្និដ្ឋាន​ឲ្យ​បានច្បាស់លាស់​ពី​ទិន្នន័យ​ខាងលើ​បានដែរ ដូចជា​កម្រិត និង​រយៈពេល​នៃ​ប្រព័ន្ធ​ស៊ាំ​ដែល​ខ្លួនប្រាណ​របស់​មនុស្ស​ត្រូវ​មាន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Stephen Kissler ដែលជា​អ្នកដឹកនាំ​ក្រុម​សិក្សា​បាន​លើកឡើងថា​៖«​ការរក្សា​គម្លាត​សុវត្ថិ​ភាពជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​តែមួយ​ដងនោះ​ប្រហែលជា​មិនអាច​គ្រប់គ្រង​ឥទ្ធិពល​នៃ​ការឆ្លង​ជំងឺ​នេះ​ឲ្យ​នៅក្នុង​កម្រិត​ដែល​មន្ទីរពេទ្យ​នៃ​សហរដ្ឋអាមេរិក​អាច​ទទួល​អ្នកជំងឺ​ធ្ងន់ធ្ងរ​ទាន់ពេលវេលា​នោះទេ​។ ក្រៅពី​វិធីសាស្ត្រ​ព្យាបាល​ផ្សេងៗ ការរក្សា​គម្លាត​សុវត្ថិភាព​នឹងត្រូវ​ធ្វើឡើង​ជារឿយៗ និង​មិន​ជាក់លាក់​បន្តទៀត​ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​នៃ​វីរុស​»​។ 
 
​ការធ្វើ​តេស្ត​រក​វត្តមាន​នៃ​វីរុស​លើ​ប្រជាជន​ទូទៅ​អាច​ផ្តល់ព័ត៌មាន​ឲ្យ​កាន់តែច្រើន​ថា​តើ​ការអនុវត្ត​គម្លាត​សុវត្ថិភាព​នឹង​គួរតែ​ត្រូវធ្វើឡើង​ដែរឬទេ​។ រយៈពេល និង​កម្រិត​នៃ​ការរក្សា​គម្លាត​សុវត្ថិភាព ឬ​ការផ្អាក​ចលនា​របស់​ម​នុស្ស​នៅតាម​ទីសាធារណៈ អាច​នឹង​ធ្វើឡើង​អាស្រ័យ​លើ​លក្ខណៈ​នៃ​ការព្យាបាល និង​វត្ត​មាននៃ​វ៉ាក់សាំង​ចាក់​ការពារ​។ 
 
​បើ​មិន​ដូច្នេះ​ទេ ការអនុវត្ត​គម្លាត​សុវត្ថិភាព និង​ការផ្អាក​ចលនា​របស់​ម​នុស្ស​ជារឿយៗ មិនជា​ក់លាក់ គួរតែ​ត្រូវធ្វើឡើង​ដើម្បី​ឲ្យ​មន្ទីរពេទ្យ​នានា​មាន​ពេលវេលា និង​កន្លែង​គ្រប់គ្រាន់​ក្នុងការ​មើលថែ​អ្នកជំងឺ​។ ប៉ុន្តែ​ការផ្អាក​ចលនា ឬ​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​រយៈពេល​យូរពេក​ក៏​អាច​ឲ្យ​មនុស្ស​នានា​មិន​ងាយ​នឹង​ផលិត​ប្រព័ន្ធ​ស៊ាំ​របស់ខ្លួន​ដើម្បី​ប្រយុទ្ធ​នឹង​វីរុស​បានដែរ​។ យ៉ាងណាក៏ដោយ ទិន្នន័យ​ជាច្រើន​ទៀត​នឹងត្រូវ​ទាមទារ​ក្នុងការ​ទាញ​សន្និដ្ឋាន​ឲ្យ​បាន​កាន់តែ​ច្បាស់លាស់​។​
 
​សរុប​ជា​ខ្លី​មកវិញ COVID-19 អាច​នឹង​បន្ត​យាយី​សកម្មភាព​មួយចំនួន​របស់​មនុស្ស​នៅ​ថ្ងៃ​ខាងមុខ ហើយ​ប្រព័ន្ធ​ស៊ាំ​របស់​មនុស្ស​ប្រហែលជា​មិន​អាចមាន​ឥទ្ធិពល​លើ​វីរុស​ភ្លាមៗ​បាន​នោះទេ​។ វ៉ាក់សាំង​ការពារ​នៅតែ​ជាវ​ត្ថុ​សំខាន់​មួយ​ចំពោះ​ព្រឹត្តិការណ៍​នេះ​។ ប៉ុន្តែ​ទិន្នន័យ​ដែល​ប្រមូលបាន​ថ្មី​នឹង​អាច​កែប្រែ​ការប៉ាន់ស្មាន​ចលនា​របស់​វីរុស​នៅក្នុង​ពេលអនាគត​៕

© រក្សាសិទ្ធិដោយ thmeythmey.com