COVID-19
ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន​៖«​សូម​កូនក្មួយ កុំ​ធ្វើ​អ្វី​ខុសច្បាប់​ក្នុងប្រទេស​គេ ដែល​កំពុង​ដាក់​ក្នុង​គ្រាអាសន្ន​ឲ្យ​សោះ​»
15, Apr 2020 , 4:17 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស ជាពិសេស​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ឲ្យ​គោរព​ច្បាប់ បទ​បញ្ញា​ត្តិ បម្រាម​គោចរ និង​បម្រាម​ជួបជុំគ្នា ឬ​ជប់លៀង​ជា​ក្រុម ដែល​ប្រទេស​គេ បានដាក់​ចេញ និង​កំពុង​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​បំផុត ក្នុងការ​ទប់ស្កាត់​ការចម្លង​រោគ​កូ​វីដ​-១៩​។   

 
 
​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សង្កត់ធ្ងន់ថា​៖«​សូម​កូនក្មួយ​កុំ​ធ្វើ​អ្វី​ខុសច្បាប់​នៅក្នុង​ប្រទេស​គេ ដែល​កំពុង​ដាក់​ក្នុង​គ្រាអាសន្ន​ឲ្យ​សោះ​»​។ ប្រមុខ​រដ្ឋាភិបាល បន្ថែមថា​៖«​សំខាន់​ណាស់​នៅពេលនេះ គឺ​សុវត្ថិភាព សុខភាព​អាយុជីវិត​បងប្អូន​កូនក្មួយ​ពលករ​-​ពលការ​នី​ផ្ទាល់​»​។​
 
​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​ច្បាប់ ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ជាពិសេស​ក្នុងស្ថានភាព ដែល​ប្រទេស​ភាគច្រើន​បាន​ដាក់ចេញ​បទបញ្ញត្តិ​និង​បម្រាម​ដ៏​តឹងរ៉ឹង​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​
 
​នៅ​កម្ពុជា រដ្ឋាភិបាល បានដាក់​កំហិត​លើ​ការធ្វើដំណើរ​មួយរយៈ​ពេល​ខ្លី នា​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ គឺ​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រជាជន ធ្វើដំណើរ​ឆ្លងខេត្ត​ឡើយ និង​មិន​ឲ្យ​ធ្វើដំណើរ​ចេញចូល​រវាង​ខេត្ត​និង​រាជធានី​ភ្នំពេញ​។ តែ​ចំពោះ​ខេត្តកណ្តាល​និង​រាជធានី​ភ្នំពេញ រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ប្រជាជន​ធ្វើដំណើរ​ទៅមក​បាន​។ 
​ដ្បិត​មិន​ចេញ​បទបញ្ជា​ដូច​បណ្តា​ប្រទេស​មួយចំនួន​ក្តី តែ​រដ្ឋាភិបាល​កម្ពុជា ទទូច​ឲ្យ​ប្រជាជន កាត់បន្ថយ​ការជួប​ជុំគ្នា និង ត្រូវ​រក្សា​គម្លាត​ពីគ្នា​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​រាល​ជំងឺ​កូ​វីដ​-១៩​។ 
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៥ ខែមេសា កម្ពុជា ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ឲ្យ​ជាសះស្បើយ​៩៦​នាក់​ហើយ ក្នុងចំណោម​អ្នក​ឆ្លង​១២២​នាក់​៕ 
 

Tag:
 ​ហ៊ុន សែន​
  COVID-19
  ពលករ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com