COVID-19
ជាតិ
មេដឹកនាំ​អាស៊ាន​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​ស្តីពី Covid-19 ជា​និមិត្តរូប​នៃ​ការ​រួប​រូ​ម​គ្នា​របស់​មេដឹកនាំ​ក្នុង​តំបន់​ក្នុង​គ្រា​លំបាក​
15, Apr 2020 , 6:09 pm        
រូបភាព
ដោយ:
​អគ្គលេខាធិការ​អាស៊ាន លោក Lim Jock Hoi បាន​វាយតម្លៃ​ខ្ពស់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​អាស៊ាន​បូក​បី ដែល​បាន​ផ្តោត​សំខាន់​ខ្លាំង​លើ​ការឆ្លើយតប​ទៅនឹង​វីរុស Covid-19​។ សម្រាប់​លោក​អគ្គលេខាធិកា​រ ឥរិយាបថ​នេះ បង្ហាញ​ពី​សាមគ្គីភាព​របស់​មេដឹកនាំ​ក្នុង​តំបន់ អំឡុងពេល​កំពុង​តែមាន​វិបត្តិ​។

 
​លោក​អគ្គលេខាធិការ Lim Jock Hoi តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន Vietnam News បាន​លើកឡើងថា ជំងឺ​ប្រភេទ​រាតត្បាត Covid-19 គឺជា​ប្រភេទ​វីរុស​មួយ ដែល​មិន​បែងចែក​ព្រំដែន​នោះទេ ដែល​បញ្ហា​នេះ តម្រូវ​ឲ្យ​មានការ​ឆ្លើយតប​ជា​សមូហភាព​ពី​មេដឹកនាំ​តំបន់ ដើម្បី​បំពេញបន្ថែម​គ្នា ក៏ដូចជា​ពង្រឹង​ការឆ្លើយតប​ទាំង​ថ្នាក់ជាតិ និង​តំបន់​។​
 
​ក៏ប៉ុន្តែ ប្រមុខ​អាស៊ាន​រូបនេះ មាន​ជំនឿ​ជាក់​ថា​តាមរយៈ​កិច្ចប្រជុំ​កំពូល​អាស៊ាន នឹង​ផ្តល់​កិច្ចសហការ​ផ្នែក​នយោបាយ​កាន់តែ​ល្អប្រសើរ និង​ការប្តេជ្ញា​ច្បាស់លាស់​ក្នុងការ​បង្កើន​កិច្ចប្រឹងប្រែង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​គាំទ្រ​រដ្ឋាភិបាល និង​ប្រព័ន្ធ​សុខាភិបាល​ទាំងស្រុង ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​កាន់តែខ្លាំង​នៃ​វីរុស​រាតត្បាត Covid-19​។​
 
​លោក បន្ថែមថា វីរុស​រាតត្បាត មិនអាច​បញ្ចប់​ត្រឹម​ចំណាត់ការ​មួយ​លើក​ឡើយ​។ ពោលគឺ វា​ទាមទារ​ឲ្យ​មាន​ផែនការ​រយៈពេល​វែង និង​គ្រប់​ជ្រុងជ្រោយ​។ លោក អះអាងថា អាស៊ាន​កំពុង​ខិតខំ​ក្នុង​ការពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​សម​ភាគី​អាស៊ាន​បូក​បី ដើម្បី​ស្វែង​មធ្យោបាយ​ដែល​ភាគី​ទាំងអស់​អាចធ្វើ​ការរួម​គ្នា​បាន ដើម្បី​ឈានដល់​ការឆ្លើយតប​រួមមួយ​ទៅលើ​វីរុស Covid-19​។​
 
​ជា​កម្រិត​យុទ្ធសាស្ត្រ មេដឹកនាំ​អាស៊ាន​រូបនេះ បាន​វាយតម្លៃ កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ដៃគូ​ថា បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​លើ​គោលការណ៍​បើកចំហ​តំបន់​ក្នុងស្ថានភាព​លំបាក ហើយ​អាស៊ាន​ជឿជាក់ថា នៅពេលដែល​គ្រប់ភាគី​ទាំងអស់​រួមគ្នា នឹង​កាន់តែខ្លាំង​។ ហើយ​តាមរយៈ​ការរួម​គ្នា​នេះហើយ ដែល​ធ្វើ​ឲ្យ​តំបន់ អាច​ជម្នះ​ជាមួយនឹង​បញ្ហា​ប្រឈម​ប្រកបដោយ​ប្រសិទ្ធភាព​៕ 

Tag:
 អាស៊ាន​
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com