COVID-19
ជាតិ
ចូលឆ្នាំ​ខ្មែរ​ស្របពេល​ផ្ទុះ​កូ​វីដ​១៩៖​ពលរដ្ឋ​ខ្មែរ​ខ្លះ ដាំ​បន្លែ លេង​កីឡា ធ្វើការ និង​ធ្វើបុណ្យ​នៅផ្ទះ​…
16, Apr 2020 , 8:29 am        
រូបភាព
ដោយ:
​កំពង់ឆ្នាំង​៖ នៅពេល​ដល់​ពិធី​ចូលឆ្នាំ​ខ្មែរ​ម្តងៗ ប្រជាជន​កម្ពុជា​ប្រុស​ស្រី​ចាស់​ក្មេង តែង​នាំគ្នា​ល្បែង​ប្រជាប្រិយភាព ទៅ​វត្ត​អារាម និង​ជួបជុំគ្នា​យ៉ាង​សប្បាយ​អើ​ង​កង ក៏ប៉ុន្តែ​ចូលឆ្នាំ​ខ្មែរ​ក្នុងឆ្នាំនេះ ស្រាប់​តែមាន​សភាព​ស្ងាត់ជ្រងំ​ទៅវិញ ព្រោះ តែមាន​ការបារម្ភ​ពី​ជំងឺឆ្លង​ដ៏​សាហាវ​កូ​វីដ​១៩​។ ពលរដ្ឋ​ខ្លះ បង្ហាញ​អារម្មណ៍​សោកស្តាយ​ដែល​មិនបាន​ជួបជុំ​បងប្អូន​សាច់ញាតិ ខណៈ​ពលរដ្ឋ​ខ្លះ បាន​បង្វែរ​ពី​ការ​អផ្សុក​ទៅជា​ការដាំ​ដំណាំ​នៅផ្ទះ និង​លេង​កីឡា​នៅផ្ទះ​រៀងៗ​ខ្លួន តែ​ក៏មាន​ចាស់ៗ​តិចតួច​នៅតែ​បន្តទៅ​វត្ត​អារាម ដើម្បី​អនុវត្តន៍​ជំនឿ​របស់​ពួកគាត់ ស្រប​ពេលដែល​យុវជន​មួយចំនួន​នៅតែ​បន្ត​ច្រៀង​លេង​តាម​ផ្ទះ​រៀងៗ​ខ្លួន​។ 

 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​យកការណ៍​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖ 
 
 
​បន្ទាប់ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​តម្រូវ​ឲ្យ​បុគ្គល​រដ្ឋ និង​ឯកជន​ធ្វើការ​ធម្មតា បាន​ឲ្យ​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង មិនមាន​ភាព​អ៊ូអរ​ដូច​ឆ្នាំមុន​ឡើយ ព្រោះ​អ្នកធ្វើការ​នៅ​ភ្នំពេញ និង​ខេត្ត​ឆ្ងាយៗ​មិនបាន​វិល​ត្រឡប់មក​ស្រុកកំណើត​។ ចំណែក ពលរដ្ឋ​នៅ​ស្រុក​ឯណេះ​វិញ ក៏​មិនមាន​ការជួបជុំ​ធំដុំ​អ្វី​នោះទេ ពោលគឺ​មានតែ​ពលរដ្ឋ​ខ្លះ​និមន្ត​ព្រះសង្ឃ​សូត្រមន្ត​នៅផ្ទះ ស្របពេល​ដែលមាន​ពល​រដ្ឋ​ខ្លះទៀត ក៏​នាំគ្នា​ច្រៀង​លេង​ជា​លក្ខណៈ​គ្រួសារ ហើយ​ខ្លះ​ក៏​ឆ្លៀត​ដាំ​បន្លែ និង​លេង​កីឡា ដើម្បី​កែ​អផ្សុក​ជាដើម​។ 
 
​អ្នកស្រី កែវ សុ​នាថ អាយុ​៣០​ឆ្នាំ ជា​ពលរដ្ឋ​ម្នាក់ បាន​អះអាងថា អ្នកស្រី​គាំទ្រ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល ដែល​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ ដើម្បី​កុំ​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ 
 
​សុខ​នាថ​ដែល​កំពុង​ពកូន​តូច និង​ឈរ​ជជែក​គ្នា​លេង​ជាមួយ​សាច់ញាតិ​បី​បួន​នាក់ បាន​បន្តថា ទោះ​មិនបាន​ជួបជុំ​បងប្អូន​ច្រើន តែ​ឆ្នាំនេះ អ្នកស្រី​នៅ​បន្ត​ជូន​ថវិកា និង​សម្ភារ​ដល់​ឪពុកម្តាយ និង​សាច់ញាតិ​ទៅតាម​ទំនៀមទម្លាប់​កន្លងមក​។ 
 
​អ្នកស្រី កែវ សុខ​នាថ រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ឆ្នាំនេះ អត់​បាន​ជុំគ្នា​ទេ គ្រាន់តែ​ម៉ែឪ​ជូន​របស់របរ​ដដែលៗ បងៗ​ទៅមុន​ចឹ​ង​ទៅ បាន​ប្អូន​ទៅតាម​ក្រោយ​។ នៅក្នុង​គ្រួសារ​មានកម្ម​វិធី​ទទួល​ទេវតា​ធម្មតា គ្រាន់តែ​មិនមាន​ការជួបជុំ​ហូបចុក​អី អត់​មាន​ទេ ឯ​ដូនតា បងប្អូន យើង​ជូន​នំចំណី ទឹក​ផ្លែឈើ លុយកាក់​អី​ធម្មតា បើ​ថា​ជួបជុំ​អត់​មាន​ទៀត​ទេ​»​។​


 
​ពលរដ្ឋ​ម្នាក់ទៀត លោក ទិន វុទ្ធី អាយុ​២៤​ឆ្នាំ បាន​អះអាងថា លោក​មានការ​សោកស្តាយ​ចំពោះ​ការអាក់ខាន​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ ប៉ុន្តែ លោក​នៅតែ​គាំទ្រ​វិធានការ​ផ្អាក​ពិធី​នេះ ដើម្បី​ការពារ​ការឆ្លង​រាលដាល​វីរុស​កូ​រូ​ណា​។ វុទ្ធី​ដែល​អង្គុយ​ជុំគ្នា​ជាមួយ​ជីដូន និង​បងប្អូន​ឪពុកម្តាយ បាន​អះអាងថា ឆ្នាំនេះ មិនមាន​ភាពសប្បាយ​រីករាយ​ដូច​ឆ្នាំមុនៗ​នោះទេ ព្រោះ​មិនបាន​ជួប​បងប្អូន​ច្រើន​ដូច​ឆ្នាំមុន​។ 
 
​វុទ្ធី បាន​បរិយាយ​ថា​៖ «​ឆ្នាំមុនៗ សូត្រមន្ត​នៅផ្ទះ ឬក៏​ជួបជុំ​បងប្អូន​មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ ដូច​បងប្អូន​នៅ​កំពង់ស្ពឺ គាត់​មក​រាប់បាត្រ​មានការ​ជួបជុំគ្នា​នៅផ្ទះ​មាន​ភាពសប្បាយ តែ​ឆ្នាំនេះ ដោយសារ​ទៅ​វត្ត គេ​អត់​ឲ្យ​រាប់​បាត អត់​ឲ្យ​ជុំគ្នា គ្រាន់តែ​យក​ចង្ហាន់​ទៅ​វត្ត​បាន ហើយ​មក​ផ្ទះ​វិញ អត់​សូវ​មាន​បងប្អូន​មកលេង​ទេ​។ ម្នាក់ៗ​នៅតែ​ផ្ទះ​រៀងៗ​ខ្លួន ដល់​អ៊ីចឹង​អត់​សូវ​សប្បាយ​ទេ​»​។ 
 
​យ៉ាងណាក៏ដោយ វុទ្ធី ដែលជា​គ្រូបង្រៀន ក្រៅពី​មាន​វិធានការ​ការពារ​ខ្លួន លោក​ក៏បាន​បង្កើត​សួន​បន្លែ ដើម្បី​កែ​អផ្សុក​ផងដែរ​។ លោក​បន្ថែមថា​៖ «​ដោយសារ​ជំងឺ​កូ​វីដ​១៩ នៅផ្ទះ​អផ្សុក​ដែរ ព្រោះ​អត់​ហ៊ាន​ចេញ​ទៅណា ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ ពេលទំនេរ​ខ្ញុំ​ក៏​ដាំ​បន្លែបង្ការ​នៅផ្ទះ ដើម្បី​កាត់បន្ថយ​ការចំណាយ​ថវិកា​ផ្ទាល់ខ្លួន និង​ជួយ​សុខភាព ព្រោះ​តែមាន​បន្លែ​គ្មាន​ជាតិគីមី​។ បច្ចុប្បន្ន​ជំងឺ​ហ្នឹង​រាតត្បាត​ផង យើង​អត់​ហ៊ាន​ចេញទៅ​ផ្សារ​ផង យើង​មាន​បន្លែបង្ការ​នៅផ្ទះ យើង​កាត់​ស្ល​ក៏​អាចជួយ​ការពារ​ខ្លួន​យើង​ដែរ​»​។​
 
​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ផ្ទុះឡើង​កាលពី​ចុងឆ្នាំ​២០១៩​នៅ​ក្រុង​វូ​ហាន​ប្រទេស​ចិន ហើយ​មកទល់​បច្ចុប្បន្ន ជំងឺ​ដ៏​សាហាវ​នេះ បាន​រាតត្បាត​ស្ទើរ​ពាសពេញ​ពិភពលោក និង​បានសម្លាប់​មនុស្ស​រាប់ម៉ឺន​នាក់ ព្រមទាំង​បាន​បង្ខំ​ឲ្យ​ប្រទេស​ជាច្រើន មាន​វិធាន​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ឬ​មាន​វិធាន​ការបិទ​ការ​ជុំ​ជួប ឬ​ធ្វើដំណើរ​ជាដើម​។ ដោយឡែក​នៅ​កម្ពុជា ក៏មាន​អ្នក​ឆ្លង​វីរុស​នេះ​ជាង​មួយរយ​នាក់ តែ​មិនទាន់មាន​អ្នកស្លាប់​នៅឡើយ​ទេ​។ តែ​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចេញ​វិធាន​ការផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ចេញ​បញ្ជា​មិន​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងខេត្ត​/​រាជធានី​១​សប្តាហ៍ ព្រមទាំង​អំពាវនាវ​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ និង​ឲ្យ​ពលរដ្ឋ​ធ្វើ​ការងារ​ជាធម្មតា ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។ 


 
​កញ្ញា ចំរើន សុភាព កម្មការិនី​នៅ​ឃុំ​ត្បែងខ្ពស់ បាន​អះអាងថា វិធានការ​របស់​រដ្ឋា​ភិ​បាល​ចំពោះ​ការផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​បានកំណត់​ឲ្យ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​ធ្វើការ​ជាធម្មតា គឺជា​រឿង​ត្រឹម តែ​កម្មករ​ជាច្រើន​នៅ​រោងចក្រ​របស់​នាង​ហាក់​មិន​ពេញចិត្ត​នោះទេ​។ កម្មការិនី​វ័យ​២២​ឆ្នាំ​រូបនេះ បាន​រៀបរាប់​ពី​ស្ថានភាព​រោងចក្រ​របស់ខ្លួន​ដែល​ស្ថិតនៅ​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​យ៉ាង​ដូច្នេះ​ថា​៖ «​គាត់​អត់​ចង់ទៅ​ធ្វើការ​ភាគច្រើន ភាគតិច​ចង់ទៅ​ធ្វើការ ព្រោះ​អី​បុណ្យចូលឆ្នាំថ្មី​មួយឆ្នាំ​មាន​ម្តង ដល់ពេល​កើត​ជំងឺ​ចឹ​ង​ទៅ​លក្ខណៈ​ថា​គាត់​អត់​មាន​កម្លាំងចិត្ត​ធ្វើការ ព្រោះ​ជិត​ដល់​ថ្ងៃ​ឈប់​ចឹ​ង​។ មាន​អ្នកខ្លះ ម្សិលមិញ​អត់​ទៅធ្វើ​ការ ហើយ​មក​ព្រឹក​មិញ គេ​បញ្ឈប់​ខ្លះ ព្រោះ​អី​គេ​ខ្លាច​យើង​ឆ្លង​ជំងឺ​ហ្នឹង​។ គេ​ផ្អាក​ការងារ​១៤​ថ្ងៃ ដើម្បី​ដាន​តាន​ជំងឺ​យើង​»​។ 
 
​យ៉ាងណា សម្រាប់​សុភាព នាង​គាំទ្រ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល និង​ចង់ទៅ​ធ្វើការ​ជាង​នៅផ្ទះ ដ្បិត​នាង​យល់ថា នៅ​រោងចក្រ​មាន​សុវត្ថិភាព​ជាង​នៅផ្ទះ​។ នាង​ពន្យល់ថា ការ​ស្នាក់​នៅផ្ទះ​ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ តែងតែមាន​បងប្អូន​ជិត​ឆ្ងាយ​មកលេង ដែល​ងាយ​នឹង​ឆ្លង​វីរុស​កូ​រូ​ណា​។ តែ​ទោះជា​យ៉ាងនេះ​ក្តី សុភាព​ដែលមាន​មាឌ​ធាត់​បន្តិច មាន​សម្បុរ​ស និង​មាន​ពាក់​កាត​សម្គាល់​ខ្លួន​ផង បានស្នើ​ឲ្យ​រដ្ឋាភិបាល​សង​ថ្ងៃ​ឈប់សម្រាក​ដល់​ខ្លួន​វិញ​នៅពេល​ជំងឺ​នេះ​មាន​ភាពស្ងប់ស្ងាត់​។​
 
​ទន្ទឹមនឹង​ការភ័យខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​១៩ និង​អនុវត្តន៍​តាម​ការណែនាំ​របស់​រដ្ឋាភិបាល នៅក្នុង​អំឡុងពេល​ឃុំខ្លួន​ឯង​នៅផ្ទះ ពលរដ្ឋ​ខ្លះ​មាន​មធ្យោបាយ​រៀងៗ​ខ្លួន ដើម្បី​បំបាត់​ភាព​អផ្សុក ដោយ​ខ្លះ​ធ្វើការ​ជាធម្មតា ខណៈ​ខ្លះទៀត ក៏​ធ្វើ​សួន​ដាំ​បន្លែ ឬ​លេង​កីឡា​ផ្សេងៗ​។ 


 
​លោកតា ចេង រ៉ឹ​ម អាយុ​៧២​ឆ្នាំ បាន​អះអាងថា ដ្បិតតែ​លោកតា​សោកស្តាយ​ដែល​មិនបាន​ទៅ​វត្ត​ដូច​រាល់​ឆ្នាំ​មែន តែ​លោកតា​មិនបាន​ខឹងសម្បា​នឹង​វិធានការ​រឹតបន្តឹង​របស់​រដ្ឋាភិបាល​នោះទេ​។ តែ​ផ្ទុយទៅវិញ ក្រៅពី​ពាក់​ម៉ាស និង​មាន​អាកុល​លាងដៃ​ផង​នោះ លោកតា​ថែមទាំង​បាន​បង្កើត​កន្លែង​លេង​បោះ​បូល ឬ​គេ​ហៅថា​កីឡា​ប៉េតង់​នៅផ្ទះ​របស់ខ្លួន ដើម្បី​កែ​អផ្សុក​ក្នុងពេលដែល​លោកតា​ស្នាក់​នៅផ្ទះ​។ 
 
​ស្លៀក​ក្រមា និង​ដោះអាវ​មើលឃើញ​ច្បាស់​ពី​ស្បែក​ជ្រាវ​ជ្រួញ លោកតា​ដែល​កំពុង​បោះ​បួល​បណ្តើរ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​៖ «​ឆ្នាំ​ហ្នឹង​មាន​ស្អី បើ​គេ​អត់​ឲ្យ​ដើរ​ផង​។ នៅតែ​មួយកន្លែង អត់​បាន​ទៅ​វត្ត​ណា បើ​សភាពការណ៍​ក្នុងប្រទេស​ច្របូកច្របល់​ហើយ​។ មានតែ​ពាក់​ម៉ាស និង​លាង​អាកុល ហើយ​នៅផ្ទះ​។ នៅផ្ទះ​អផ្សុក​ណាស់ ទើប​វ៉ៃ​បូល​ដើម្បី​ឲ្យ​បែកញើស​»​។ 
 
​បើទោះបី​មាន​ពលរដ្ឋ​ជាច្រើន​ចូលរួម​អនុវត្តន៍​នូវ​វិធានការ និង​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ក៏ដោយ តែ​ក៏មាន​ពលរដ្ឋ​ខ្លះ​ដែរ នៅតែ​ព្រងើយកន្តើយ ដូចជា នៅតែ​បន្ត​ជួបជុំ​គ្នាច្រើន និង​ធ្វើ​ពិធី​សាសនា ឬ​ពិធី​ប្រពៃណី​ជាដើម​៕    





© រក្សាសិទ្ធិដោយ thmeythmey.com