COVID-19
ជាតិ
អង្គការ​ការពារ​សត្វ​ព្រៃ​អំពាវ​នាវ​ឱ្យ​អាស៊ាន បិទ​ផ្សារ​ជួញដូរ​សត្វព្រៃ ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩
16, Apr 2020 , 8:59 am        
រូបភាព
រូបភាពពី អង្គការWWF
រូបភាពពី អង្គការWWF
​ភ្នំពេញ​៖ ខណៈ​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​នៅ​ជុំវិញ​ពិភពលោក ដែល​ជំងឺ​នេះ​មាន​ប្រភព​ឆ្លង​ពីស​ត្វ អង្គការ​ការពារ​សត្វ​ព្រៃ ហៅ​កាត់​ថា WWF បាន​អំពាវនាវ ដល់​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ឱ្យ​បិទ​ទីផ្សារ​ជួញដូរ​សត្វព្រៃ ដើម្បី​បង្ការ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពី​សត្វ​ទៅ​មនុស្ស​។ នេះ​បើតាម​ការស្ទង់មតិ​រប​ស់​អង្គការ WWF ទៅលើ​ពលរដ្ឋ​ជាង​៥​ពាន់​នាក់​មកពី​ហុងកុង ជប៉ុន ភូមា ថៃ និង វៀត​ត​ណា​ម​។​


 
​លោក គ្រីស្ទី វី​លលៀម​ស៍ នាយក​អង្គការ WWF ប្រចាំ​តំបន់​អាស៊ី​ប៉ាសុីហ្វិ​ក​នៃ បាន​លើកឡើងថា ប្រទេស​ចិន​បាន​ចាត់វិធានការ​សំខាន់ៗ​មួយចំនួន ដើម្បី​ហាមឃាត់​ការ​បរបាញ់ ជួញដូរ និង ការបរិភោគ​សត្វព្រៃ ហើយ​ប្រទេស​វៀតណាម ក៏​កំពុងតែ​រៀបចំ​វិធានការ​ស្រដៀង​គ្នា​ដែរ​។ ដូច្នេះ ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អាស៊ី គួរ​បិទ​ទីផ្សារ​ជួញដូរ​សត្វព្រៃ ដើម្បី​បង្ការ​វិបត្តិ​សង្គម​និង​សេដ្ឋកិច្ច ដែល​មនុស្ស​ទូទាំង​សកលលោក​កំពុង​ទទួលរង​គ្រោះ​។​
 
​លោក សេង ទៀក នាយក​អង្គការ WWF ប្រចាំ​កម្ពុជា បានឱ្យដឹងថា ការបញ្ឈប់​ការជួញដូរ​សត្វព្រៃ​នេះ ជា​វិធានការ​មួយ​ដើម្បី​បង្ការ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​។​
 
​លោក ម៉ា​កូ ឡា​ម​ប៊ឺ​ត​ធី​នី អគ្គនាយក​នៃ​អង្គការ WWF អន្តរជាតិ បាន​លើកឡើងថា ប្រជាពលរដ្ឋ​រស់នៅក្នុង​ប្រទេស​ដែលមាន​ទីផ្សារ​ជួញដូរ​សត្វព្រៃ កំពុង​ទាមទារ​វិធាន​ការបិទ​ការជួញដូរ និង​បរិភោគ​សត្វព្រៃ​។ លោក​បាន​បន្ថែម​ដូច្នេះ​ថា​៖«​វា​ដល់ពេល​ហើយ ដែល​មនុស្ស​ត្រូវ​ឈ្វេងយល់​ពី​ទំនាក់ទំនង​រវាង​ការជួញដូរ​សត្វព្រៃ ការ​សឹករេចរឹល​បរិស្ថាន និង​គ្រោះមហន្តរាយ​ចំពោះ​សុខភាព​មនុស្ស​»​។ 
 
​បើតាម​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)  ជំងឺ​កូ​វីដ​-១៩ បាន​រាលដាល​ជាស​កល ដោយ​ក្នុងនោះ ការបង្ក​លើ​ខ្លួន​មនុស្ស​ចំនួន​៦១​ភាគរយ គឺមាន​ប្រភព​ឆ្លង​ពីស​ត្វ ដែល​ការជួញដូរ​សត្វព្រៃ​ជា​កត្តា​បង្ក​គ្រោះថ្នាក់​ជាងគេ ដែល​ធ្វើឱ្យ​មានការ​រាលដាល​ជំងឺឆ្លង​តាមរយៈ​សត្វ​។ 
 
​សូមបញ្ជាក់ថា មកដល់ពេលនេះ មាន​មនុស្ស​លើសពី​២​លាន​នាក់​ហើយ ដែល​ឆ្លង​កូ​វីដ​-១៩ នៅ​ទូទាំង​សកលលោក​៕ 

Tag:
 សត្វព្រៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com