វត្ត​​ត្បែងខ្ពស់ដែលល្បី​ នៅ​ខេត្តកំពង់ឆ្នាំង មាន​សភាព​ស្ងប់ស្ងាត់​
COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វត្ត​​ត្បែងខ្ពស់ដែលល្បី​ នៅ​ខេត្តកំពង់ឆ្នាំង មាន​សភាព​ស្ងប់ស្ងាត់​
16, Apr 2020 , 11:32 am        
រូបភាព
​កំពង់ឆ្នាំង​៖ វត្ត​ត្បែងខ្ពស់​ដែល​ធ្លាប់​តែមាន​ពុទ្ធបរិស័ទ​មកជួបជុំ​គ្នា​រាប់ពាន់នាក់ ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ពេលនេះ បាន​ស្ងប់ស្ងាត់ ដោយមាន​តែមាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ ដែល​បាន​យក​ចង្ហាន់ និង បច្ច័យ​ប្រគេន​ដល់​ព្រះសង្ឃ​។ ភាពស្ងប់ស្ងាត់ គឺ​បន្ទាប់ពី​រដ្ឋាភិបាល​បានសម្រេច​បិទ​ការជួបជុំ​បែប​សាសនា រួមទាំង​ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ផងដែរ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រូ​ណា ឬ​ជំងឺ​កូ​វីដ​១៩​។

 
​ជា​បន្ត​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ លោក រ៉ឹ​ម ភា​រី ដូចតទៅ​៖ 
 
 
​យូរៗ​ម្តង​មាន​ពុទ្ធបរិស័ទ​ពីរ​បីនាក់ ដើរចូល​វត្ត​ត្បែងខ្ពស់ ដែល​ស្ថិតនៅ​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង ដើម្បី​មក​ធ្វើបុណ្យ​ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ខុសពី​រាល់​ឆ្នាំ​ដែល​វត្ត​នេះ​តែងមាន​ភាព​អ៊ូអរ​នៅពេល​ចូលឆ្នាំថ្មី តែ​ឆ្នាំនេះ បែរ​មាន​លក្ខណៈ​ស្ងប់ស្ងាត់​ទៅវិញ ដោយ​មានតែ​ពលរដ្ឋ​តិចតួច​ដែល​នៅ​ចំណុះជើងវត្ត​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ ខណៈ​ខ្លះទៀត​មក​ធ្វើ​ពិធី​បែប​សាសនា​នៅតាម​ចេតិយ​រៀងៗ​ខ្លួន​ក្នុង​បរិវេណ​វត្ត ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​ដូនតា​។​
 
​លោកយាយ សយ ម៉ាក់ ដែល​កាន់​ចាន់ស្រាក់​យក​ចង្ហាន់​ទៅ​វត្ត បាន​ឆ្លៀត​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​ថា ឆ្នាំនេះ វត្ត​អារាម មាន​ភាព​ស្ងាត់​ខ្លាំង ដោយសារតែ​ប្រជាជនមាន​ការភ័យខ្លាច​វីរុស​កូ​រូ​ណា​។ 
 
​មាន​រូបរាង​ស្គមកំព្រឹង លោកយាយ សយ ម៉ាក់ រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​វត្ត ទៅ​ប្រហែល​គ្នា​បួនដប់​នាក់​អ៊ីចឹងទៅ ប្រគេន​បាយ​លោក​រួច ត្រឡប់មក​អង្គុយ​ឆ្ងាយៗ​ពីគ្នា​បាន​ប្រហែល​បួនដប់​នាក់​។ ដល់ពេល​ប្រគេន​បាយ​លោក​រួច លោក​វេរ​ហើយ នាំគ្នា​មក​ផ្ទះ​ខ្លះៗ​មក គេ​អ្នក​ទៅក្រោយ​ទៅ​ចឹ​ង​ទៀត​ទៅ បី​បួន​នាក់​ទៀត​ទៅ​។ អត់​សូវ​មាន​មនុស្ស​ទេ បាន​មនុស្ស​ប្រហែល​២០​នាក់​យ៉ាងច្រើន​។ គ្រាន់តែ​ចេញ​ហើយ​ចូលៗ អត់​មានបាន​មនុស្ស​នៅ​មូលគ្នា​ច្រើន​ទេ​»​។ 


 
​តាមពិតទៅ លោកយាយ សយ ម៉ាក ក្នុង​វ័យ​៦២​ឆ្នាំ ក៏មាន​អារម្មណ៍​ខ្លាច​ជំងឺ​នេះដែរ តែ​លោកយាយ​ក៏​មិនអាច​ចោល​ពិធី​ដ៏​មាន​សារសំខាន់​នេះឡើយ​។ លោកយាយ​បន្ថែមថា​៖«​មិនដឹង​ធ្វើ​ម៉េច​ទេ ចេះតែ​ទៅ​តិច​ទៅ បើ​អត់​ទៅ​សោះ ដូចជា​មិនកើត ចេះតែ​ធ្វើទៅ ព្រោះ​បុណ្យ​ធ្លាប់ធ្វើ​តាំងពី​យូរ​មកហើយ​។ យក​បាយ​សម្ល​ទៅ​ប្រគេន​លោក​ប៉ុណ្ណឹង ជួបគ្នា​តែ​បី​បួន​នាក់​ហ្នឹង មិន​ហ៊ាន​អង្គុយ​ជុំគ្នា​ច្រើន​ឯណា​។ ខ្លាច​(​ជំងឺ​កូ​វីដ​-១៩)​ដែរ​ហ្នឹង ព្រោះ​ជំងឺ​ហ្នឹង​វា​សាហាវ​ណាស់​។ លោក​ក៏​ឆាន់​បែក​គ្នា​ដែរ​។ មេវត្ត​ផ្សេង​ទៅ លោក​នេន​បី​បួន​អង្គ​ផ្សេង​ទៅ អត់​មាន​ឆាន់​រួមគ្នា​ទេ​»​។ 
 
​តាមពិតទៅ វត្ត​ត្បែងខ្ពស់ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៥០​គីឡូម៉ែត្រ​ភាគ​ខាងជើង​ក្រុងភ្នំពេញ តែងតែមាន​មនុស្ស​រាប់ពាន់នាក់ សម្រុក​មក​ធ្វើបុណ្យ​នៅទីនេះ ដ្បិត​វត្ត​នេះ មាន​ភូមិ​ចំនួន​៦​ព័ទ្ធជុំវិញ ដែល​សម្បូរ​ប្រជាជន​រស់នៅ​ច្រើន​។ ប៉ុន្តែ នៅ​ឆ្នាំនេះ ពិធីបុណ្យ​ចូលឆ្នាំថ្មី មាន​ភាពស្ងប់ស្ងាត់ បន្ទាប់ពី​មាន​វិធានការ​របស់​រដ្ឋាភិបាល​មិន​ឲ្យ​មានការ​ជួបជុំ និង​ផ្អាក​ពិធី​ចូលឆ្នាំ​ខ្មែរ​។ យ៉ាងណាក៏ដោយ ក៏​នៅតែមាន​ពុទ្ធបរិស័ទ​តិចតួច​ដែរ ដែល​បាន​ឆ្លៀត​មកលេង​វត្ត​អារាម និង​ធ្វើបុណ្យ​តាម​ទំនៀមទម្លាប់​កន្លងមក​។ 
 
​លោក ព្រៃ ផល្លី អាយុ​៣៤​ឆ្នាំ ដែល​បណ្តើរ​ប្អូន និង​ម្តាយ​នៅក្នុង​ទីធ្លា​វត្ត បាន​អះអាងថា ចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ ទាំង​លោក និង​ពុទ្ធបរិស័ទ មានការ​ភ័យខ្លាច​ជំងឺ​កូ​វីដ​១៩​ដែរ តែ​ពួកគេ​ការពារ​ខ្លួន​ដោយ​ប្រើ​អាកុល ឬ​ជែ​ល ដើម្បី​លាងដៃ​។ 
 
​ពាក់អាវ​ស តឺ​នុយ​ជាមួយ​ខោ​ខ្មៅ ផល្លី បរិយាយ​យ៉ាង​ដូច្នេះ​ថា​៖«​កាលពីមុន ត្បែងខ្ពស់​យើង ជាទី​ប្រជុំជន តែ​តាំងពី​វីរុស​កូ​រូ​ណា​វ៉ៃ​លុក​ចូលមក ពុទ្ធបរិស័ទ​មានការ​ភ័យខ្លាច​រៀងៗ​ខ្លួន​។ និយាយ​ឲ្យ​ចំ សល់​១០​ភាគរយ នៅ​វត្ត​ស្ងាត់ជ្រងំ​តែម្តង​។ មូលហេតុ​ដែល​ខ្ញុំ​មក​វត្ត​ថ្ងៃនេះ ខ្ញុំ​គិតថា ស្រុកស្រែ​ជនបទ​យើង​ហ្នឹង អត់​សូវ​មាន​អ្នកដទៃ​ណា ជនជាតិ​បរទេស​ណា​គេ​មកលេង​ទេ ទើប​សម្រេច​មក​។ ចេះតែ​ខ្លាច​ដែរ តែ​ទីនេះ​មានតែ​ពុទ្ធបរិស័ទ​យាយៗ​តាៗ​គាត់​ធ្វើបុណ្យ​ធ្វើ​ទាន ពួកគាត់​អត់​បាន​ដើរទៅ​ណា​ទេ​។ តែ​យើង​មក​វត្ត​យើង​លាង​ជែ​ល ឬ​ទឹក​អាកុល​លាងដៃ​»​។ 


 
​ដូចគ្នា​ដែរ លោក ម៉ី ឌី​ម៉ា អាយុ​២៧​ឆ្នាំ ដែល​កំពុងតែ​ថតរូប​សែ​ល​ហ្វី​ជា​មួយគូ​ដណ្តឹង​របស់ខ្លួន​ក្នុង​ទីធ្លា​វត្ត បាន​អះអាងថា មូលហេតុ​ដែល​លោក​មក​វត្ត​ត្បែងខ្ពស់​នេះ ព្រោះ​លោក​មាន​កាតព្វកិច្ច​មក​បង្សុកូល​ជូន​ដូនតា​។ ឌី​ម៉ា ដែល​មកពី​ខេត្ត​ព្រះសីហនុ​តាំងពី​មុន​ថ្ងៃ​រដ្ឋាភិបាល​បញ្ជា​ឲ្យ​បិទផ្លូវ​ឆ្លងខេត្ត បាន​បន្តថា បើទោះបី​លោក​ចង់​មក​វត្ត​ដើម្បី​បានធ្វើ​បុណ្យ​ដោយ​ភាព​រីករាយ​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​មែន តែ​លោក និង​គ្រួសារ​តែងតែ​ប្រយ័ត្នប្រយែង​ជានិច្ច ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​វីរុស​កូ​រូ​ណា​។ 
 
​មាន​សម្បុរ​ស និង​ពាក់អាវ​ស​ទី​នុយ​ជាមួយ​ខោ​ខ្មៅ យុវជន​រូបនេះ លើកឡើង​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​ភ័យខ្លាច​ធម្មតា តែ​យើង​បង្ការ​ការពារ​ខ្លួន​ដូចជា​យក​អាកុល​តាម​ខ្លួន​បាញ់​អាកុល​ធម្មតា ពី​ផ្ទះ​មក​ក៏​បាញ់​អាកុល​ធម្មតា ហើយ​ឈរ​ឆ្ងាយ​ពី​ពួកគាត់​យ៉ាងហោច​ក៏​មួយ​ម៉ែត្រ​ដែរ​។ នៅ​វត្ត​ក៏មាន​ទឹក​អាកុល យើង​អត់​បាន​ពាក់​ម៉ាស​ទេ​។ នៅទីនេះ មិនបាច់​ពាក់​ម៉ាស​ដូច​កំពង់សោម​ទេ​។ កំពង់សោម​មាន​បរទេស​មកលេង​ច្រើន វា​ជា​តំបន់​ទេសចរ និង​សេដ្ឋកិច្ច ចឹ​ង​ប្រជាជន​ពាក់​ម៉ាស​ច្រើន និង​បាញ់​អាកុល សូម្បី​លោក​ក៏​ពាក់​ម៉ាស​ដែរ តែ​ទីនេះ​មិនបាច់​ទេ គ្រាន់តែ​នៅ​ឆ្ងាយ​ពីគ្នា​»​។​
 
​នៅក្នុង​វត្ត​ត្បែងខ្ពស់ ក៏មាន​រថយន្ត​របស់​អាជ្ញាធរ ប្រចាំការ​ផ្សព្វផ្សាយ​ពី​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ និង​មាន​ប្រជា​ការពារ​ភូមិ​ជួយ​ការពារ​សុវត្ថិភាព​ពុទ្ធបរិស័ទ​ផងដែរ ដូចជា មើល​ការខុសត្រូវ​យានជំនិះ និង​សន្តិសុខ​ក្នុង​វត្ត​ទាំងមូល​ដែរ​។ 


 
​លោក ប៉ុន សុវណ្ណ ប្រជា​ការពារ​ភូមិ​ដែល​អង្គុយ​ឃ្លាំមើល​ការខុសត្រូវ​សន្តិសុខ​ក្នុង​វត្ត បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ឆ្នាំ លោក​មមាញឹក​ខ្លាំង ដ្បិត​មាន​ពុទ្ធបរិស័ទ​ច្រើន តែ​ឆ្នាំនេះ លោក​មិនសូវ​មមាញឹក​នោះទេ​។​
 
​លោក​និយាយ​បែបនេះ​៖«​ខ្ញុំ​នៅ​យាម​ម៉ូតូ​។ ឆ្នាំនេះ​រាង​ខ្សោយ បើ​ឆ្នាំទៅ​ខ្លាំង ព្រោះ​យើង​នៅក្នុង​ទីប្រជុំជន ក្នុង​ទី​អារាម​»​។  
 
​ព្រះ​តេជគុណ យឹម ឆិល ជន្មាយុ​៣៥​វស្សា មាន​សង្ឃដីកា​រថា ថ្នាក់លើ​បាន​ណែនាំ​ឲ្យ​គ្រប់​វត្ត​ទាំងអស់​មាន​សាប៊ូ និង​អាកុល​លាងដៃ និង​មិន​ឲ្យ​ព្រះសង្ឃ​នៅ​ជិត​ឧបាសក​ឧបាសិកា ព្រមទាំង​មិន​ឲ្យ​ព្រះសង្ឃ​និមន្ត​ឆ្ងាយៗ​ពី​វត្ត​។ បើតាម​សង្ឃដីការ​ព្រះ​តេជគុណ យឹម ឆិល ដែល​គង់នៅ​វត្ត​ត្បែងខ្ពស់ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ការពារ​បាន​ស្អាត​ល្អ​ណាស់​ញោម​។ មុន​ឧបាសក​ចូលទៅ​ចឹ​ង មាន​សាប៊ូ​អាកុល​លាងដៃ ម៉ាស​មានអី ឲ្យ​ការពារ​ខ្លាច​ឆ្លង​មេរោគ​។ ហើយ​ការធ្វើ​បុណ្យ មិន​រលូន​ដូច​ឆ្នាំមុន​ដែរ​។ ឆ្នាំនេះ គេ​ការពារ​ចឹ​ង​ទៅ មិនសូវមាន​ពុទ្ធបរិស័ទ​។ គេ​គ្រាន់តែ​ប្រគេន​ចង្ហាន់​រួច​គេ​ទៅផ្ទះ​រៀងៗ​ខ្លួន​»​។​
 
​បើទោះបី​វត្ត​អារាម មាន​វិធានការ​ការពារ​មែន តែ​ព្រះ​តេជគុណ យឹម ឆិល ថា ពុទ្ធបរិស័ទ​វ័យ​ចំណាស់​មួយចំនួន ពុំបាន​ការពារ​ខ្លួន​ឲ្យ​បាន​ដល់​ដិតដល់​នោះទេ ពោលគឺ​ពួកគាត់​មិនចេះ​ពាក់​ម៉ាស និង​នៅតែ​អង្គុយ​ជិតៗ​គ្នា ដែល​ងាយ​បណ្តាល​ឲ្យ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​១៩៕









































Tag:
 កូ​វីដ​១៩
 ​ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com