អាមេរិក​ជឿនលឿន ហើយ​ពលរដ្ឋ​យល់ដឹង​ច្រើន តើ​ហេតុអ្វី​បាន​រងគ្រោះ​ដោយ COVID-19 ខ្លាំងជាងគេ​?​​​
COVID-19
អន្តរជាតិ
អាមេរិក​ជឿនលឿន ហើយ​ពលរដ្ឋ​យល់ដឹង​ច្រើន តើ​ហេតុអ្វី​បាន​រងគ្រោះ​ដោយ COVID-19 ខ្លាំងជាងគេ​?​​​
16, Apr 2020 , 12:07 pm        
រូបភាព
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ផ្តើម​រាលដាល​ចេញពី​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន នៅ​ខែធ្នូ ឆ្នាំ​២០១៩​។ អង្គការ​សុខភាព​ពិភពលោក (WHO) បានកំណត់​ឈ្មោះ​ជំងឺ​ថា កូ​វីដ​-១៩ (COVID-19) ដើម្បី​បញ្ចៀស ការភ្ជាប់​ពាក្យ​វូ​ហាន ឬ ចិន លើ​ជំងឺ​រាតត្បាត​នេះ​។ នា​រយៈពេល​ចុងក្រោយ ចិន​ដែល​ផ្តើម​ដោយ​ឈរ​ពីលើ​ដាច់​តែឯង បាន​ធ្លាក់​ចំណាត់ថ្នាក់​ជា​បន្តបន្ទាប់ ដោយ​បច្ចុប្បន្ន​សហរដ្ឋអាមេរិក ជា​ប្រទេស​ដែល​កំពុង​រងគ្រោះ​ខ្លាំងជាងគេ និង​តាម​ពីក្រោយ​ដោយ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​។​

 
​គិត​ត្រឹម​វេលា​ថ្ងៃត្រង់​ទី​១៦ ខែមេសា នេះ COVID-19 បាន​រាលដាល​ដល់​ជាង​២១០​ប្រទេស​/​ដែនដី លើ​ពិភពលោក ដោយមាន​អ្នក​ឆ្លង​ជាង​២​លាន​នាក់ ស្លាប់​ជាង​១៣​ម៉ឺន​នាក់ និង​សះស្បើយ​ជាង​៥១​ម៉ឺន​នាក់​។ សហរដ្ឋអាមេរិក ជា​ប្រទេស ដែលមាន​តួលេខ​អ្នក​ឆ្លង​សរុប​ច្រើនជាងគេ ពោលគឺ​ជិត​៦៥​ម៉ឺន​នាក់ ស្លាប់​ជិត​២៩០០០​នាក់ ហើយ​ក្នុងនោះ​ក៏មាន​ជិត​៤៩០០០​នាក់ សះស្បើយ​ផងដែរ​។​
 
​ចាប់តាំងពី​ថ្ងៃទី​២៧ ខែមីនា មក សហរដ្ឋអាមេរិក បាន​ឈរលើ​កំពូល​តារាង​ដែលមាន​អ្នក​កើត COVID-19 ច្រើនជាងគេ បង្អស់​ដោយ​ក្នុង​មួយថ្ងៃៗ លើសពី​២​ម៉ឺន​ករណី ខណៈ​ចិន​មាន​ចំនួន​អ្នក​ឆ្លង​ថ្មី តិចជាង ១០០​ករណី​ប៉ុណ្ណោះ ហើយ​ភាគច្រើន​ត្រូវបាន​អះអាងថា ជា​ករណី​នាំចូល​។ បច្ចុប្បន្ន​អាមេរិក​ឈរ​ពីលើ​អេ​ស្ប៉ា​ញ អ៊ីតាលី បារាំង អាល្លឺម៉ង់ ចក្រភព​អង់គ្លេស និង​ចិន​។​
 
តើ​ហេតុអ្វី​បាន​សហរដ្ឋអាមេរិក កើនឡើង​អត្រា​អ្នក​ឆ្លង COVID-19 យ៉ាង​រហ័ស​បែបនេះ​?
 

​រូបភាព​៖ នាវា USNS Comfort សម្រាប់​ដាក់​អ្នក​ផ្ទុក COVID-19 ដើម្បី​ព្យាបាល​។ រូបភាព​៖ Reuters
 
​កត្តា​ភូមិសាស្ត្រ​
 
​អ្វីដែល​យើង​មើលឃើញ​ច្បាស់​នោះ គឺ​ប្រទេស​ធំ ហានិភ័យ​ខ្ពស់ ដូច្នេះ​ករណី​ដូចជា​សហរដ្ឋអាមេរិក ពិបាក​ចៀស​ផុតពី​ជំងឺ​រាតត្បាត​ខ្លាំងណាស់​។ បច្ចុប្បន្ន​រដ្ឋ​ញូវយ៉ក តែមួយ មាន​ករណី​លើស​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក ដោយមាន​ជាង​២១​ម៉ឺន​ករណី ខណៈ​អេ​ស្ប៉ា​ញ​ដែល​ឈរ​បន្ទាប់ពី​អាមេរិក មាន​ជាង​១៨​ម៉ឺន​ករណី​។​
 
​បើ​ផ្អែក​តាម​ភូមិសាស្ត្រ ក្រៅ​ញូវយ៉ក រដ្ឋ​ដែលមាន​ចំនួន​អ្នក​ឆ្លង​ច្រើន គឺជា​បណ្តា​រដ្ឋ​ដែល​ស្ថិតនៅ​ឆ្នេរ​ភាគ​ខាងលិច​ដូចជា រដ្ឋ​កាលីហ្វ័រ​ញ៉ា និង​រដ្ឋ New Jersey ជាដើម​ដែល​សុទ្ធសឹងតែ​ជា​រដ្ឋ​ដែលមាន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់​។ ក្រៅពីនេះ មាន Massaschusetts, Michigan, Pennysylvania, Illinois, Florida និង Louisiana ជាដើម​។​
 
​បើតាម​មន្ត្រី​នៅ​រដ្ឋ​ញូ​វយ​ក គេ​ពិបាក​នឹង​ទប់ស្កាត់​ការឆ្លង​នៅ​រដ្ឋ​ញូវយ៉ក​ណាស់ ដោយហេតុថា រដ្ឋ​មួយ​នេះ​មាន​ប្រជាជន​ច្រើន ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​រួម មាន​អ្នក​ទេសចរណ៍​ច្រើន និង​ជា​កន្លែង​ប្រមូលផ្តុំ​ជើងហោះហើរ ដែល​ធ្វើ​ឲ្យ​ការអនុវត្ត​គម្លាត​សុវត្ថិភាព (Social Distancing) សឹងតែ​មិនអាច​ទៅរួច​។​
 
 
​រូបភាព​៖ ផែនទី​របស់​អាមេរិក​បង្ហាញ​ពី​COVID-19 នៅក្នុង​រដ្ឋ​នីមួយៗ​។ រូបភាព​៖ CNN
 
​ចំណាត់ការ​យឺតយ៉ាវ និង​មិនបាន​ព្រៀងទុក​របស់​រដ្ឋាភិបាល​សហព័ន្ធ​
 
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​សាធារណជន និង​អ្នកជំនាញ​សុខាភិបាល រិះគន់ថា​មើលស្រាល​ស្ថានការណ៍ និង​មាន​ចាត់វិធានការ​យឺតយ៉ាវ ក្នុងការ​ទប់​ស្កាត​ការ​រាតត្បាត​របស់ COVID-19​។ បញ្ហា​នេះ ត្រូវបាន​គេ​មើលឃើញ​តាំងតែ​ពី​ចុងខែ​មករា និង​ដើមខែ​កុម្ភៈ​មក​ម្លេះ  ពោលគឺ​នៅពេល​ភ្នាក់ងារ​សម្ងាត់​អាមេរិក បាន​ប្រាប់​ប្រធានាធិបតី​ពី​លទ្ធភាព​ដែល​អាចមាន​រោគរាតត្បាត​ជាស​កល​។​
 
​ទោះជា​យ៉ាងនេះ​ក្តី​មេដឹកនាំ​សេត​វិមាន មិនបាន​ចាត់វិធានការ​បម្រុង​ទុកជាមុន​អ្វី​ឡើយ​។ ក្រោយ​ការឆ្លង COVID-19 នៅលើ​អាមេរិក​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​មក មន្ត្រី​សេត​វិមាន​ទទួលស្គាល់ថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​សហព័ន្ធ​យឺតយ៉ាវ​ជាច្រើន​សប្តាហ៍​។​
 
​គួរ​រំលឹក​ផងដែរ​ថា មូល​ហេតុដែល​រដ្ឋាភិបាល​សហព័ន្ធ​មិនអាច​ប្រុងប្រៀប​ទាន់ពេល គឺ​ដោយសារ​កាលពី​ឆ្នាំ​២០១៨ លោក​ត្រាំ បានសម្រេច​ដក​អង្គភាព​សុខាភិបាល ចេញពី​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ក្នុង​សេត​វិមាន​។ អង្គភាព​សុខាភិបាល​ខាងលើនេះ មាន​នាទី​ផ្តល់ដំណឹង​ដល់​ប្រធានាធិបតី​អំពី​លទ្ធភាព​នៃ​ការ​រាតត្បាត​ជំងឺ​ជាស​កល និង​សម្របសម្រួល​ជាមួយ​ភ្នាក់ងារ​សុខាភិបាល មន្ទីរពេទ្យ​រដ្ឋ និង​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​សុខាភិបាល​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារ​ព័​ត៍​មាន POLITIFACT ថវិកាបម្រុង​របស់ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​(CDC) សម្រាប់​ឆ្លើយតប​ក្នុង​គ្រា​មាន​ជំងឺ​រាតត្បាត ត្រូវបាន​គេ​កាត់បន្ថយ​ជាង ១​ភាគ​៣ តាំងពី​ឆ្នាំ ២០០១ មក ពោលគឺ​ថវិការ​ចំណាយ​បម្រុង​ប្រចាំឆ្នាំ គឺ​ធ្លាក់ចុះ​ពី ២​ពាន់​លាន​ដុល្លា​នៅ​ឆ្នាំ​២០០៣ មក​នៅក្រោម ១​ពាន់​លាន​ដុល្លា​នៅ​ឆ្នាំ​២០២០ និង កាត់បន្ថយ បុគ្គលិក​ជាង​ពាក់កណ្តាល​(៥០,០០០) របស់​កម្មវិធី​ត្រៀមខ្លួន​នៃ​មន្ទីរពេទ្យ (Hospital Preparedness Program) របស់​ក្រសួងសុខាភិបាល  និង​សេវា​មនុស្ស​ពី​ចន្លោះ​ឆ្នាំ​២០១៨ ដល់​២០១៩​។​
 
​រូបភាព​៖ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ (​ខាងឆ្វេង​) និង នាយក​វិទ្យាស្ថាន​ជាតិ​នៃ​ជំងឺ​រមាស់ និង​ជំងឺឆ្លង លោក Anthony Fauci​។ រូបភាព​៖ Bloomberg
 
​បន្ថែម​ពី​បញ្ហា​ខាងលើ ក៏មាន​ផងដែរ​នូវ​ការខ្វែងគំនិត​គ្នា​រវាង​លោក​ប្រធានាធិបតី​ត្រាំ និង​អ្នកជំនាញ​ជំងឺឆ្លង​។ ជាក់ស្តែង លោក​វេជ្ជបណ្ឌិត​Anthony Fauci អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​បាន​ទទូច ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​សំងំ​នៅក្នុង​ផ្ទះ ខណៈ​ប្រធានាធិបតី​ប្រឆាំង មិន​ចង់​ចេញ​សេចក្តីណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​សំងំ​តែ​នៅក្នុង​ផ្ទះ​នៅ​ទូទាំងប្រទេស​ឡើយ​។​
 
​ការលើកឡើង​របស់លោក​ត្រាំ​បែបនេះ មាន​ហេតុផល​២​ធំៗ​។ ហេតុផល​ចម្បង​គឺ សេដ្ឋកិច្ច​។ ដោយ​យល់ឃើញថា ការណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​សម្រាក​នៅផ្ទះ នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច បាត់បង់​ការងារ និង​ប៉ះពាល់​ដល់ទី​ផ្សា​ភាគហ៊ុន​។ តាំងតែ​ពី​មានការ​រាតត្បាត​មក ធនាគារ​បម្រុង​សហព័ន្ធ St. Louis (Federal Reserve Bank of St. Louis) ដែលជា​ផ្នែក​មួយ​របស់​ធនាគារកណ្តាល​អាមេរិក​បាន​ព្យាករណ៍​ថា នៅ​ត្រីមាស​ក្រោយ អាមេរិក អាច​នឹង​បាត់បង់​ការងារ​ចំនួន ៤៧​លាន​ការងារ​ដែល​ស្មើ​ទៅនឹង ៣២,១​ភាគរយ​។​
 
​បន្ថែម​ពីនេះ​កាលពី​ថ្ងៃ​២៦ ខែមីនា លោក Jerome Powell ប្រធាន​ធនាគារកណ្តាល​អាមេរិក ក្នុង​កិច្ច​សម្ភាស​របស់​ទូរទស្សន៍​NBC បាន​និយាយថា​សហរដ្ឋអាមេរិក​ប្រហែលជា​ស្ថិតក្នុង​វិបត្តិ​សេដ្ឋកិច្ច​បាត់ទៅហើយ ។ ខណ​:​ផ្សា​ភាគហ៊ុន​អាមេរិក​បាន​បាត់បង់​មូលធន​ជាង​៨​ភាយ​រក ដែល​ស្មើនឹង​២៣,៨ ទ្រី​លាន​លាន​ដុល្លារ​តាំងតែ​ពីថ្ងៃ​ទី​១៩ ខែកុម្ភ​: ដល់​ថ្ងៃទី​២ ខែមេសា កន្លងមកនេះ ដែល​បណ្តាលមកពី​ជំងឺ COVID-19 និង​ការធ្លាក់ចុះ​នូវ​តម្លៃ​ប្រេង​សកល​។  ចំណែកឯ​ហេតុផល​ទី​ពីរ​នោះ​គឺ​ចង់​ផ្តល់​សិទ្ធិ​ឲ្យ​អភិបាលរដ្ឋ​នីមួយៗ ជា​អ្នកសម្រេច​ចេញ​បញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​សំងំ​ក្នុងផ្ទះ​។​
 
​ចំណាត់ការ​ដោយឡែក​របស់​រដ្ឋ​នីមួយៗ​
 
​សេត​វិមាន​អាមេរិក​បាន​ឲ្យ​ដឹងថា អភិបាលរដ្ឋ​មាន​សិទ្ធិ​ចេញ​សម្រេច​បិទ​កន្លែង​ជំនួញ និង​ដាក់​បម្រាម​គោចរ ដោយហេតុតែ​ពួកគេ​ដឹង​ច្បាស់​ពី​ស្ថានការណ៍​ផ្ទាល់​។ ចំពោះ​ការផ្តល់​សិទ្ធិ​ឲ្យ​អភិបាលរដ្ឋ ដាក់​រដ្ឋ​ក្នុង ភាពអាសន្ន និង​ចេញ​បញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​សំងំ​នៅផ្ទះ គេ​សង្កេតឃើញថា​ការចេញ​បញ្ជា​នីមួយៗ គឺមាន​សភាព​មិន​ចុះសម្រុង​គ្នា និង​ភាព​តឹងតែង​ខុសពី​គ្នា​។ មាន​រដ្ឋ​មួយចំនួន​តូច បានចេញ​បញ្ជា និង​ចាត់វិធានការ​យ៉ាង​រហ័ស និង​តឹងរ៉ឹង ខណៈ​រដ្ឋ​មួយចំនួនទៀត​នៅ​ស្ទាក់ស្ទើរ អល់អែក មិន​ចង់​ចេញ​បញ្ជា និង​មាន​សភាព​ធូរស្រាល​។​
 
​ការស្ទាក់ស្ទើរ​មិន​ចង់​ដាក់​បម្រាម​គោចរ និង​បិទ​ទីតាំង​ជំនួញ​នេះ ក៏​ដោយសារតែ​អភិបាលរដ្ឋ​ខ្លះ​ខ្លាច​ការបាត់បង់​ការគាំទ្រ​នយោបាយ​។ ជាក់ស្តែង​រដ្ឋ​ផ្លរីដា ដែល​អាស្រ័យ​មួយផ្នែក​លើ​វិស័យ​ទេសចរណ៍ មិន​ហ៊ាន​បិទ​ឆ្នេរសមុទ្រ និង​ទីកន្លែង​កំសាន្ត​ឯទៀត ក៏ដោយ​ហេតុតែ​ខ្លាច​ប៉ះពាល់​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ឧស្សាហកម្ម​ទេសចរណ៍ និង​ខ្លាច​បាត់បង់​អ្នកបោះឆ្នោត​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​អ្នកគាំទ្រ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ខណៈ​អ្នកជំនាញ​ជំងឺឆ្លង​រំពឹងថា​ករណី​ឆ្លង​នៅ​រដ្ឋ​ផ្ល៉​រី​ដា អាច​នឹង​អាក្រក់​ជាង​នេះ ព្រោះ​ពេលនេះ​មាន​អ្នក​ឆ្លង ៧​ពាន់​ករណី​។​
 
​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​
 
​បើទោះបីជា អាមេរិក​មើលស្រាល​ស្ថានការណ៍ COVID-19 នៅក្នុង​ប្រទេស និង​ខ្លាច​បាត់បង់​សម្លេងឆ្នោត​ពី​សំណាក់​មន្ត្រី​មួយចំនួន​ក៏ពិតមែន ប៉ុន្តែ​អាមេរិក​ក៏មាន​ចំណាត់ការ​ឆ្លើយតប​នឹង COVID-19 ដែរ នៅពេល​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​។ ដោយ​យក​វិធានការ​តាម​កូរ៉េខាងត្បូង អាមេរិក បានចាប់ផ្តើម​អនុវត្ត​ការធ្វើ​តេស្ត​ជា​ទ្រង់ទ្រាយ​ធំ​(Mass Testing)​។ បើតាម​សារព័ត៌មាន CNN ប្រធានាធិបតី​អាមេរិក បាន​លើកឡើងថា អាជ្ញាធរ​សុខាភិបាល​បានធ្វើ​តេស្ត​ប្រជាជន​រហូតដល់​ទៅ​ជាង ២​លាន​នាក់ និង​បាន​រកឃើញ​មនុស្ស​ជាច្រើន​នាក់​មាន​ផ្ទុក COVID-19 គិត​ត្រឹម​ថ្ងៃទី​៩ ខែមេសា​។​
 
​ការធ្វើ​តេស្ត​នេះ អាចជា​លទ្ធផល​វិជ្ជមាន​មួយ​សម្រាប់​រដ្ឋាភិបាល​អាមេរិក ព្រោះ​មាន​ប្រជាជន​ច្រើន ត្រូវបាន​គេ​ធ្វើតេស្ត និង​រកឃើញថា​មាន​ផ្ទុក COVID-19​។ ពិតណាស់ តួលេខ​អ្នក​ឆ្លង​នៅ​អាមេរិក អាច​នឹង​កើនឡើង​ដោយសារ​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​បែបនេះ ព្រោះ​មាន​ប្រជាជន​អាមេរិក​ជាច្រើន​នាក់​ណាស់ មាន​ផ្ទុក​COVID-19 ជា​យូរ​មកហើយ ឬក៏​ទើបតែ​ឆ្លង​។ នៅពេល​រដ្ឋាភិបាល​អាមេរិក ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​បែបនេះ ទើប​វា​បង្ហាញ​ឲ្យ​ដឹងថា មាន​ពលរដ្ឋ​អាមេរិក​ជាច្រើន​នាក់ និង​មាន​ផ្ទុក​ជំងឺឆ្លង​ប្រភេទ​ថ្មី​។ ការណ៍​នេះ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក កាន់​តែមាន​ចំណាត់ការ​បន្ថែមទៀត ដើម្បី​ទប់ស្កាត់ COVID-19​។​
 
​ប៉ុន្តែ​តួលេខ​អ្នក​ឆ្លង នាពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខ អាច​នឹង​ធ្លាក់ចុះ​ដោយសារតែ​អ្នក​ផ្ទុក​COVID-19 ត្រូវបាន​គេ​រកឃើញ​មួយ​ភាគ​ធំ​យកទៅ​ព្យាបាល និង​មួយចំនួនទៀត​ត្រូវគេ​ដាក់​ច​ត្តា​ឡី​ស័ក​។  អ្នក​ឆ្លង​កាន់តែ​រកឃើញ​ច្រើន​តាមរយៈ​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ បូក​រួមទាំង​វិធានការ​រឹតត្បិត​ការធ្វើដំណើរ អាចធ្វើ​ឲ្យ​អាមេរិក​ទប់ស្កាត់ COVID-19​។​
 
 
​រូបភាព​៖ ប្រជាជន​អាមេរិក ចាក​ចេញពី​កន្លែង​ធ្វើតេស្ត​រក COVID-19​។ រូបភាព​៖ AFP
 
​ការធ្វើ​ធ្វេសប្រហែស​ប្រជាជន និង​រដ្ឋាភិបាល​
 
​ប្រធានាធិបតី​អាមេរិក ធ្លាប់​និយាយថា​៖ «​យើង​ចង់បាន​ប្រទេស​យើង​ត្រលប់​មកវិញ​។ យើង​នឹងមិន​ពាក់​ម៉ាស់​រហូត​នោះទេ​»​។ ចំណែក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​អាមេរិក​នាពេល​កន្លងមក បាន​គិតថា ម៉ាស់ គឺ​សម្រាប់តែ​អ្នកជំងឺ​ប៉ុណ្ណោះ ហើយ​មនុស្ស​ធម្មតា មិនចាំបាច់​ត្រូវការ​ម៉ាស់​។ ការលើកឡើង​បែបនេះ គឺ​ដើម្បី​ទុក​ម៉ាស់​សម្រាប់​អ្នកជំងឺ និង​បុគ្គលិក​សុខាភិបាល ខណៈពេល​ម៉ាស់​នៅ​អាមេរិក កំពុងមាន​ការខ្វះខាត​។ អាមេរិក បាន​បញ្ជា​ទិញ​ម៉ាស់​ពី​ចិន​ជាច្រើន​លាន​សន្លឹក​បម្រុង​ទុក​ផង​។​
 
​ពិតណាស់ ការ​ទុក​ម៉ាស់​ឲ្យ​អ្នកជំងឺ និង​បុគ្គលិក​សុខាភិបាល​ពាក់ គឺជា​បញ្ហា​ខុសឆ្គង ព្រោះ​នៅមាន​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​នៅ​អាមេរិក មាន​ផ្ទុក​COVID-19 និង​មិនទាន់​ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​រកឃើញ​។ ការណ៍​នេះ កាន់តែ​ធ្វើ​ឲ្យ​អាមេរិក​មាន​អ្នក​ផ្ទុក និង​ឆ្លង​COVID-19​។ បើតាម​ការវាយតម្លៃរ​បស់​នាយក​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង អ្នកជំងឺ COVID-19 នៅ​អាមេរិក មាន​ចំនួន ២៥​ភាគរយ គឺ​មិន​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​ឡើយ​។​
 
​នេះ គឺជា​បញ្ហា​ដ៏​គួរ​ឲ្យ​បារម្ភ​បំផុត​នៅ​អាមេរិក ខណៈពេល​ប្រជាជន​ជាច្រើន​មិនបាន​ពាក់​ម៉ាស់​ការពារ​។ ដូច​អ្នកវិទ្យាសាស្ត្រ​ចិន លោក George Gao បាន​លើកឡើងថា ប្រជាជន​អាមេរិក និង​អឺរ៉ុប មិន​ពាក់​ម៉ាស់ គឺជា​រឿង​ខុសឆ្គង ព្រោះ COVID-19 អាច​ឆ្លងតាម​ខ្យល់​ដង្ហើម ដំណក់ទឹក​ចេញពី​មាត់ ឬ​កណ្តាស់​ជាដើម​។ ហេតុនេះ ហើយ​វា​គ្មាន​បញ្ហា​អ្វី​ចម្លែក​ទេ ដែល​អាមេរិក​មាន​អត្រា​អ្នក​ឆ្លង​ច្រើនជាងគេ​។ យ៉ាងណាមិញ ទើបតែ​ថ្មីៗ​នេះ​ទេ លោក​ត្រាំ បាន​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន និង​អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិក​ពាក់​ម៉ាស់ ការពារ​កូ​រ៉ូ​ណាវី​រុស តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​ប្រភេទ​ថ្មី​។​
 
​សូមបញ្ជាក់ថា នា​ថ្ងៃទី​២៤ ខែមីនា លោកស្រី​អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក (WHO) ធ្លាប់បាន​ព្រមាន​ថា អាមេរិក អាច​ក្លាយជា​ទីតាំង​ផ្ទុះ​កូ​រ៉ូ​ណាវី​រុស​ថ្មី បន្ទាប់ពី​ចិន និង​អ៊ីតាលី​។ នៅពេល​លើកឡើង​អ្នកនាំពាក្យ​នាពេលនោះ អាមេរិក​មាន​ករណី COVID-19​សរុប ប្រមាណ​ជា ៥​ម៉ឺន​នាក់​ប៉ុណ្ណោះ​៕
 

Tag:
 អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com