ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! ពេល​គ្រុនក្ដៅ​គួរ​ទទួលទាន​អ្វី​ទើប​ឆាប់​បាត់​?
17, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​កំឡុងពេល​ឈឺ​គ្រុនក្ដៅ​អ្នក​អាច​នឹង​បាត់បង់​ចំណង់​អាហារ​មិនសូវ​ចង់​ទទួលទាន​អ្វី​ទេ​។ ទោះជា​យ៉ាងណា​វា​ពិតជា​សំខាន់​ណាស់​ក្នុងការ​ទទួលទាន​ដើម្បីឱ្យ​រាងកាយ​ទទួលបាន​នូវ​ថាមពល​និង​សារធាតុចិញ្ចឹម ហើយ​ឆាប់​ជាសះស្បើយ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​នៅពេល​ឈឺ​គ្រុនក្ដៅ ៖

១. ស៊ុប​មាន់​
 
​ស៊ុប​មាន់​ជួយ​បំពេញ​សារធាតុ​រាវ​បន្ថែម​ដល់​រាងកាយ ហើយក៏​ផ្ដល់នូវ​ប្រូតេអ៊ីន​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ទប់​ទល់នឹង​មេរោគ​ឆ្លង​ផងដែរ​។ ការទទួល​ទាន​ស៊ុប​មាន់​អាចជួយ​បន្ថយ​សីតុណ្ហភាព​រាងកាយ​និង​បណ្ដេញ​ជាតិពុល​គួរឱ្យកត់សម្គាល់​។​
 
២. សាច់មាន់​និង​ត្រី​
 
​នៅពេល​អ្នក​គ្រុនក្ដៅ រាងកាយ​ត្រូវការ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ដើម្បី​អាច​សះស្បើយ​ឆាប់រហ័ស​។ ហើយ​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់ គឺ​សាច់មាន់​និង​ត្រី ប៉ុន្តែ​ត្រូវ​ប្រាកដថា​អ្នក​បាន​ចម្អិន​ឆ្អិន​សព្វ​ល្អ​ដើម្បី​ស្រួល​ក្នុង​ការរំលាយ​។ ត្រី ពិសេស​ត្រី​សម្បូរ​ខ្លាញ់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។​

៣. បន្លែ​
 
​គ្មានអ្វី​អាច​ផ្ដល់​សារធាតុចិញ្ចឹម​ចាំបាច់​ដល់​រាងកាយ​ដើម្បី​ឆាប់​ជាសះស្បើយ​ពី​អាកា​រៈ​គ្រុនក្ដៅ​បាន​ច្រើនជាង​បន្លែ​ឡើយ​។ ទោះជា​យ៉ាងណា​អ្នក​ក៏​គួរ​ចម្អិន​និង​លាង​សម្អាត​បន្លែ​ឱ្យបាន​ត្រឹមត្រូវ​មុននឹង​ទទួលទាន​ដើម្បី​ស្រួល​រំលាយ​។​
 
៤. ផ្លែឈើ​
 
​អ្នក​ក៏​គួរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​ផង​នៅពេល​គ្រុនក្ដៅ​។ នេះ​ក៏​ព្រោះ​ផ្លែឈើ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែល​រាងកាយ​ត្រូវការ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ ទឹក​ផ្លែឈើ​ស្រស់​ក៏​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​អ្នក​ផងដែរ​។​
 
៥. ទឹកដូង​

​អ្នក​ក៏​គួរ​ទទួលទាន​ទឹកដូង​នៅពេល​គ្រុនក្ដៅ​ផងដែរ ក៏​ព្រោះ​វា​ចាំបាច់​សម្រាប់​អ្នកជំងឺ​ក្នុងការ​រក្សាបាន​នូវ​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​។ ភេសជ្ជៈ​ធម្មជាតិ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដែល​ជួយ​បំពេញ​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ ហើយ​បញ្ចុះ​កម្ដៅ​បាន​យ៉ាង​ប្រសើរ​។​
 
​ប្រយ័ត្ន​! ប្រសិនបើ​អ្នក​ក្ដៅខ្លួន​ខ្លាំង ហើយ​មាន​អម​មកជា​មួយ​នូវ​អាកា​រៈ​គួរឱ្យ​សង្ស័យ​ខុស​ប្រក្រតី​ផ្សេងទៀត ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com