COVID-19
អន្តរជាតិ
ប្រមុខ UN៖ មានតែ​វ៉ាក់សាំង​COVID-19 ដែល​អាច​ឲ្យ​យើង​ត្រលប់​ទៅកាន់​សភាព​ធម្មតា​វិញ​
16, Apr 2020 , 7:29 pm        
រូបភាព
ដោយ:
​វ៉ាក់សាំង COVID-19 ប្រហែលជា​របស់​តែមួយគត់​ដែល​អាច​ឲ្យ​យើង​ត្រលប់​ទៅកាន់​សភាព​ធម្មតា​វិញ​។ នេះ​ជាការ​ថ្លែង​របស់លោក​អង់​តូ​នី​ញ៉ូ ហ្គូ​តែ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​១៥ ខែមេសា ដោយ​សង្កត់ធ្ងន់ថា វ៉ាក់សាំង​ត្រូវ​ក្លាយជា​ប្រយោជន៍​សកល និង​អនុញ្ញាត​ឲ្យ​យើង​គ្រប់គ្រង​ជំងឺ​រាតត្បាត​។​

 
«​វ៉ាក់សាំង​ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ប្រហែលជា​របស់​តែមួយគត់​ ដែល​អាច​ឲ្យ​ពិភពលោក​ត្រឡប់​ទៅកាន់​សភាព​ធម្មតា​វិញ ដោយ​ជួយ​ជីវិត​មនុស្ស​រាប់លាន​នាក់ និង​ទឹកប្រាក់​រាប់​ទ្រី​លាន​ដុល្លារ​»​។ នេះ​ជាការ​បន្ថែម​របស់ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ អំឡុងពេល​ជំនួប​តាម​វីដេអូ​ពី​ចម្ងាយ (video conference) ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​អង់​តូ​នី​ញ៉ូ ហ្គូ​តែ​រ៉េ​ស បាន​អំពាវនាវ​ឲ្យ​ព​ន្លឿ​ន​ការអភិវឌ្ឍ​វ៉ាក់សាំង និង​ដែល​អាច​បាន​ប្រើ​សម្រាប់​មនុស្ស​គ្រប់គ្នា ដោយ​សង្កត់ធ្ងន់ថា ​វ៉ាក់សាំង​ត្រូវ​ក្លាយជា​ប្រយោជន៍​សកល និង​អនុញ្ញាត​ឲ្យ​យើង​គ្រប់គ្រង​ជំងឺ​រាតត្បាត​។​
 
​ត្រង់ចំណុច​នេះ ប្រមុខ​អង្គការ​អន្តរជាតិ​រូបនេះ ថ្លែង​ទៀតថា​៖«​យើង​ត្រូវការ​កិច្ច​ខំប្រឹងប្រែង​ប្រកបដោយ​ម​ហិ​ច្ឆ​តា ដើម្បី​ធានា​ឲ្យ​ភាគី​ពាក់ព័ន្ធ​អន្តរជាតិ អាច​ប្រតិបត្តិ​តាម​វិធាន​មួយ​ដែល សុខដុមរមនា រួបរួមគ្នា និង​មាន​អនុភាព​ក្នុងការ​បង្កើនល្បឿន និង​បរិមាណ​ដែល​ត្រូវការ ​ដើម្បី​ចែកចាយ​នៅ​ជុំវិញ​ពិភពលោក​ឲ្យ​បាន​មុន​ឆ្នាំ​២០២០»​។​
 
​តាមរយៈ​អង្គការ​សុខភាព​ពិភពលោក អង្គការសហប្រជាជាតិ​ បាន​ចែកចាយ​សម្ភារ​ធ្វើតេស្ ត​ដល់​ប្រទេស​ចំនួន​៤៧ ក្នុង​ទ្វីបអាហ្វ្រិក​។ ម្យ៉ាងវិញទៀត ក្នុងជំនួប​តាម​វីដេអូ​ពី​ចម្ងាយ​ដដែល អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​បាន​លើ​កស​សើរ​រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​មួយចំនួន ​ដែល​ព្យាយាម​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​ ដែល​កើតឡើង​ដោយ​ជំងឺ COVID-19​។ ជាក់ស្តែង​ លោក​បា​នស​សើរ​ប្រទេស​អេ​ហ្ស៊ី​ប អ៊ូ​ហ្គ​ង់​ដា ណា​មី​ប៊ី និង កាប​វែ​រ ដែល​បន្ធូរ​បន្ថយពន្ធ​ដល់​អាជីវកម្ម និង​ឧស្សាហកម្ម ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​អ្នក​បាត់បង់​ការងារ និង​ជំនួយ​ស្បៀង​។​
 
​គួរ​បញ្ជាក់ថា តាំងតែ​ពីថ្ងៃ​ទី ២៥ ខែមីនា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ​បាន​អំពាវនាវ​ការបរិច្ចាគ​ទឹកប្រាក់​២​ពាន់​លាន​ដុល្លារ​ ក្នុង​ក្របខណ្ឌ​ជំនួយ​មនុ​ស្សធ​ម៌ ដែល​មកដល់ពេលនេះ​ ទើបតែ​បាន​២០​ភាគរយ​ប៉ុណ្ណោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com