COVID-19
ជាតិ
អ្នកនាំពាក្យ​៖ ការប្រឡង​ឌី​ប្លូ​ម និង​បាក់​ឌុប​តាម​អន​ឡាញ សម្រាប់តែ​គ្រឹះស្ថាន​អប់រំ​ឯកជន​ប៉ុណ្ណោះ​
16, Apr 2020 , 7:59 pm        
រូបភាព
សកម្មភាពសិស្សប្រឡងបាក់ឌុបឆ្នាំ២០១៧
សកម្មភាពសិស្សប្រឡងបាក់ឌុបឆ្នាំ២០១៧
​ភ្នំពេញ​៖ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ បំភ្លឺថា ការណែនាំ​ឲ្យ​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (​ឌី​ប្លូ​ម​) និង​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) តាម​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ ឬ​ប្រព័ន្ធ​អេឡិចត្រូនិក គឺ​ផ្តោត​តែ​ទៅលើ​គ្រឹះស្ថាន​អប់រំ​ឯកជន​ប៉ុណ្ណោះ​។ ដោយឡែក គ្រឹះស្ថានសិក្សា​រដ្ឋ​វិញ ក្រសួង​អប់រំ បានប្រកាស​ពន្យារពេល​នៃ​ការប្រឡង​។


 
​ការប្រកាស​ពី​ការប្រឡង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ ទំនងជា​ធ្វើ​ឲ្យ​សិស្សានុសិស្ស និង​អាណាព្យាបាល​មួយចំនួន យល់ច្រឡំ​ថា រៀបចំ​សម្រាប់​សិស្ស​ទាំងអស់​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​១៥ ខែមេសា លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បកស្រាយ​ដូច្នេះ​ថា​៖«​ការរៀបចំ​ការប្រឡង​តាម​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ ឬ​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ មិនមែនជា​ការរៀបចំ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​នោះទេ គឺ​ផ្តោតលើ​គ្រឹះស្ថាន​ឯកជន​ប៉ុណ្ណោះ​»​។​
 
​អ្នកនាំពាក្យ​ក្រសួង​អប់រំ មិនទាន់​អាច​ពន្យល់​លម្អិត​ឡើយ​ថា ការប្រឡង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ នឹងត្រូវ​រៀបចំ​ដូច​ម្ត៉េ​ច​ខ្លះ ហើយ​អាចមាន​សុក្រឹតភាព​និង​តម្លាភាព​ដែរឬទេ​។ លោក និយាយថា​៖«​ខ្ញុំ សូម [ បញ្ជាក់​] ប៉ុណ្ណឹង​សិន បើ​មានអី ក្រសួង នឹង​ចេញ​សេចក្តីជូនដំណឹង​តាម​ក្រោយ​ទៀត​»​។   
 
​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ផ្ដល់ឱកាស​ឲ្យ​សិស្សានុសិស្ស​អាច​បន្ត​ការសិក្សា ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​១៣ ខែមេសា បានចេញ​សេចក្ដីណែនាំ​ស្ដីពី​ការលើកកម្ពស់​ការបង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​គ្រឹះស្ថានសិក្សា​ឯកជន​គ្រប់​កម្រិត​។ ក្នុង​សេចក្ដីណែនាំ ដែលមាន​៧​ចំណុច ក៏បាន​លើកឡើង​ពី​ការរៀបចំ​ការប្រឡង​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ​។ 
 
​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ចំពោះ​សិស្ស​ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្រសួង​នឹង​អនុញ្ញាត​ឲ្យ​រៀបចំ​ការប្រឡង​តាម​ប្រព័ន្ធ​សិក្សា​ពី​ចម្ងាយ ឬ​ប្រព័ន្ធ​អេឡិចត្រូនិក ទៅតាម​ប្រតិទិន​គ្រឹះស្ថានសិក្សា​រៀងៗ​ខ្លួន ដោយ​ធានា​នូវ​ស្ដង់ដា​គុណភាព​ដែល​អាច​ទទួលយកបាន​។ ក្នុងករណី​ចាំបាច់ ក្រសួង​អប់រំ យុវជន និង​កីឡា នឹងចូលរួម​សហការ​ជាមួយ​គ្រឹះស្ថានសិក្សា ដើម្បី​ធានា​នូវ​ស្ដង់ដា​គុណភាព​នេះ​»​។ 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៨ ខែមេសា​កន្លងទៅ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្ដីណែនាំ ពី​ការពន្យារពេល​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៩-២០២០ ដោយ​ក្រសួង នឹង​កំណត់​កាលបរិច្ឆេទ​នៃ​ការប្រឡង​នៅពេល​ក្រោយ​។ ចំណែក​ការបើក​សាលា ឲ្យ​សិស្ស​-​និស្សិត ចូល​សិក្សា​វិញ​នោះ គឺ​នៅពេលណា ដែល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ធូរស្បើយ​៕ 

Tag:
 អប់រំ​
  បាក់​ឌុប​
  ឌី​ប្លូ​ម​
  COVID19
© រក្សាសិទ្ធិដោយ thmeythmey.com