ជាតិ
ប្រទះឃើញ​បំណែក​បដិមា​ច្រើន​អង្គ​កប់​ក្នុង​រណ្ដៅ​ដី​នៅ​បរិវេណ​អង្គរវត្ត​
16, Apr 2020 , 4:59 pm        
រូបភាព
​សៀមរាប​៖ បំណែក​បដិមា​ច្រើន​អង្គ ត្រូវបាន​ប្រទះឃើញ​ដោយ​ចៃដន្យ​ក្នុង​រណ្ដៅ​ដី​ខាងត្បូង​នៃ​ប្រាសាទអង្គរវត្ត​។ ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក បាន​ជីកដី​ដើម្បី​កប់​ទុយោ​ទឹក​ក្នុង​គម្រោង​ស្រោចស្រព​ស្មៅ​ជុំវិញ​បរិវេណ​ប្រាសាទ​អង្គរ និង​ជីក​ប៉ះ​រណ្ដៅ​បំណែក​បដិមា​ដែល​ការសន្និដ្ឋាន​របស់បុរាណ​វិទូ បដិមា​ទាំងនោះ​ត្រូវបាន​គេ​កប់ បំណង​ដើម្បី​ថែរក្សា និង​គេច​ពី​ការ​លួច​។ បច្ចុប្បន្ន អ្នកជំនាញ​កំពុង​ធ្វើ​កំណាយ​បន្ត និង​រំពឹងថា​អាច​ឃើញ​បដិមា​បន្ថែមទៀត​។​

 
 
​លោក ស្រ៊ន ទិច ប្រធាន​គម្រោង​កំណាយ​បានឱ្យដឹងថា ការប្រទះឃើញ​ដោយ​ចៃដន្យ​នេះ​គឺ​ពី​ថ្ងៃទី​១១ មេសា​មក និង​បាន​បន្ដ​ពង្រីក​រណ្ដៅ​កំណាយ​បន្ថែម​ជា​បន្ដបន្ទាប់​។ តាម​ការបញ្ជាក់​ពី​អ្នកជំនាញ បដិមា​ដែល​កប់​ក្នុង​រណ្ដៅ​ដែលមាន​ជម្រៅ​មិន​ដល់​កន្លះ​ម៉ែត្រ​ផង​នោះ មាន​រហូតដល់​២១​អង្គ និង​ជាង​១០០​បំណែក ដែលមាន​ជា​បំណែក​ព្រះ​កេស សីមា ដែល​ភាគច្រើន​ជា​បដិមា​នៃ​ព្រះពុទ្ធសាសនា​។ ក្រៅពីនោះ​ក៏​នៅមាន​បំណែក​ជា​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត ដែលជា​សំណល់​សម័យ​ទំនើប​ក្នុង​រវាង​ឆ្នាំ​១៩៦០ និង​១៩៧០ ដូចជា​អំបែង​កែវ ថង់​ប្លា​ស្ទិ​ក​។​ល​។ 
 
​លោក អ៊ឹម សុខ​រិទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹង​ដែរ​ថា មកដល់​ថ្ងៃទី​១៦ មេសា​នេះ ក្នុង​រណ្ដៅ​កំណាយ​ដែល​មើលឃើញ​ជាទូទៅ​ឃើញ​បដិមាគរ​ជា​៣​ថ្នាក់ តែ​អាច​នៅ​មិនទាន់​អស់​ទេ ដោយ​ត្រូវ​រង់ចាំ​កំណាយ​បន្ត​។ លោក អ៊ឹម សុខ​រិទ្ធី សន្និដ្ឋានថា វា​ជាការ​រៀបចំ​របស់​មនុស្ស បង្ការ​ពី​ការ​ចោរលួច ព្រោះ​បដិមា​ខ្លះ​មាន​ចុះ​លេខ​ត្រឹមត្រូវ ខ្លះ​ធ្លាប់បាន​ជួសជុល​រួចទៅហើយ ពិសេស​បដិមា​ទាំងនោះ​ត្រូវបាន​គេ​អភិសេក​រួចហើយ មានន័យថា​ជា​របស់​ស័ក្ដិសិទ្ធិ មានព្រលឹង ដែល​ត្រូវបាន​មនុស្ស​គោរពបូជា​។​ល​៕















Tag:
 បដិមា​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com