COVID-19
អន្តរជាតិ
អាមេរិក កំពុង​ស៊ើបអង្កេត​ប្រភព​ផ្ទុះ​COVID-19​ថា​«​មកពី​មន្ទីរពិសោធន៍​វូ​ហាន​ឬ​យ៉ាងណា​»
16, Apr 2020 , 9:29 pm        
រូបភាព
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ថ្លែងនៅសន្និសីទព័ត៌មាននាសេតវិមានអាមេរិក នៅថ្ងៃ១៥ មេសា ២០២០ (Reuters)
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ថ្លែងនៅសន្និសីទព័ត៌មាននាសេតវិមានអាមេរិក នៅថ្ងៃ១៥ មេសា ២០២០ (Reuters)
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​១៥ ខែមេសា បាន​បញ្ជាក់ថា រដ្ឋាភិបាល​លោក​កំពុង​ព្យាយាម​ស៊ើបអង្កេត​ឲ្យ​ឃើញថា​តើ COVID-19 ពិតជា​ផ្ទុះ​ចេញ​មកពី​មន្ទីរពិសោធន៍​មួយ​ក្នុង​ទីក្រុង វូ​ហាន ប្រទេស ចិន ឬ​យ៉ាងណា​។ ទន្ទឹមនេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ទាមទារ​ឲ្យ​ចិន​ចេញមុខ​បកស្រាយ​អ្វីដែល​ពួកគេ​ដឹង​ជុំវិញ​ប្រភព​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ​។

 
​ជាង​៤​ខែក្រោយ​ផ្ទុះឡើង​ដំបូង ប្រភព​នៃ COVID-19 នៅតែ​ស្ថិត​ជា​រឿង​អាថ៌កំបាំង​។ យ៉ាងណាមិញ ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បួន Mike Milley នាយសេនាធិការ​ចម្រុះ​កងទ័ព​អាមេរិក អះអាង​កាលពី​ថ្ងៃ​អង្គារ ទី​១៤ មេសា​ថា ភ្នាក់ងារ​សម្ងាត់​អាមេរិក​គូសបញ្ជាក់ថា វីរុស​នេះ​ទំនង​ផ្ទុះឡើង​ដោយ​ធម្មតា ច្រើនជាង​បង្កើតឡើង​ក្នុង​មន្ទីរពិសោធន៍​ក្នុងប្រទេស​ចិន​។ ក៏ប៉ុន្តែ លោក​សង្កត់ធ្ងន់ថា វា​ពុំទាន់​ច្បាស់លាស់​១០០​ភាគរយ​ថា​ពិតជា​បែបនេះ​ឡើយ​។ 
 
​ដោយឡែក ទូរទស្សន៍​អាមេរិក Fox News បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​១៥ មេសា​ថា វីរុស​នេះ​មាន​ដើមកំណើត​ក្នុង​មន្ទីរពិសោធន៍​មួយ​ក្នុង​ទីក្រុង វូ​ហាន ភាគ​កណ្ដាល​ប្រទេស​ចិន តែ​ពុំ​មែនមាន​ទ្រង់ទ្រាយ​ជា​អាវុធ​ជីវសាស្ត្រ​ឡើយ​។ ផ្ទុយទៅវិញ វីរុស​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​របស់​ចិន​ក្នុង​ការបង្ហាញ​ឲ្យ​ឃើញថា សមត្ថភាព​កំណត់​អត្តសញ្ញាណ និង​ប្រយុទ្ធប្រឆាំង​វីរុស​អម្បូរ​នេះ គឺ​ស្មើ​ដៃ ឬ​ខ្លាំង​ជាង​សមត្ថភាព​ដែល​សហរដ្ឋអាមេរិក​មាន​។ 
 
​របាយការណ៍ Fox News ដដែល​នេះ បង្ហាញ​ទៀតថា មន្ទីរពិសោធន៍​ក្រុង​វូ​ហាន​ដែល​ការធ្វើ​សាកល្បង​វីរុស​ប្រព្រឹត្ត​ទៅនោះ ខ្វះ​ស្ដង់ដារ​សុវត្ថិភាព​ត្រឹមត្រូវ ជាហេតុ​បណ្ដាល​មនុស្ស​ក្នុងនោះ​ឆ្លង ហើយ​បង្ហាញខ្លួន​នៅក្បែរ​ផ្សារ ទី​ដែល​វីរុស​នេះ​បាន​ផ្ទុះឡើង​ដំបូង​។ 
 
​ទាក់ទិន​នឹង​រឿងនេះ អំឡុង​សន្និសីទ​ព័ត៌មាន​នា​សេត​វិមាន​អាមេរិក​នៅ​ថ្ងៃ​១៥ ខែមេសា លោក​ប្រធានាធិបតី ត្រាំ ត្រូវបាន​សាកសួរ​ពាក់ព័ន្ធ​នឹង​របាយការណ៍​ដែល​វីរុស​នេះ​បាន​បែកធ្លាយ​ពី​មន្ទីរពិសោធន៍​វូ​ហាន ហើយ​លោក​បាន​ឆ្លើយតប​វិញ​ថា លោក​បាន​ដឹងឮ​អំពី​រឿងនេះ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ត្រាំ និយាយ​ដូច្នេះ​ថា​៖«​យើង​កំពុង​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​បំផុត​លើ​ស្ថានការណ៍​ដ៏​អាក្រក់​ដែល​បាន​កើតឡើង​មួយ​នេះ​»​។​
 
​សាកសួរ​ប្រសិនបើ​លោក​បានលើកឡើង​ពី​បញ្ហា​នេះ​ក្នុង​កិច្ចសន្ទនា​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភិ​ង លោក ត្រាំ បញ្ជាក់ថា​៖«​ខ្ញុំ​មិន​ចង់​ពិភាក្សា​អ្វីដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​លោក (​ស៊ី​) អំពី​មន្ទីរពិសោធន៍​ឡើយ​, ខ្ញុំ​គ្រាន់តែ​មិន​ចង់​ពិភាក្សា​, វា​ជា​រឿង​ដែល​មិន​សមរម្យ​ឡើយ​នាពេលនេះ​»​។​
 
​មែន​ទៅ លោក ដូ​ណា​ល់ ត្រាំ កំពុង​ពង្រឹង​ចំណងទាក់ទង​ជាមួយ​ចិន អំឡុងពេល​ជំងឺ​រាតត្បាត COVID-19 នេះ ព្រោះថា សហរដ្ឋអាមេរិក​ពឹងផ្អែក​លើ​ភាគី​ចិន​សម្រាប់​បរិក្ខារ​ពេទ្យ ដែលជា​តម្រូវ​ការចាំបាច់​បំផុត​សម្រាប់​បុគ្គលិក​សុខាភិបាល​អាមេរិក​។​
 
​ដោយឡែក លោក​រដ្ឋមន្ត្រី ប៉ុ​ម​ប៉េ​អូ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​អាមេរិក Fox News ក្រោយ​សន្និសីទ​លោក​ត្រាំ​រួចរាល់ បាន​លើកឡើងថា​៖«​យើង​ដឹងថា វីរុស​នេះ​មាន​ដើមកំណើត​ក្នុង​ក្រុង វូ​ហាន ប្រទេស​ចិន ហើយ​វិទ្យាស្ថាន​វីរុស​ក្រុង​វូ​ហាន​ដែលជា​កម្មសិទ្ធិ​របស់រ​ដ្ឋ​ចិន មាន​ទីតាំង​នៅក្បែរ​ផ្សារ​នោះ​»​។  
 
​ត្រង់ចំណុច​នេះ ប្រមុខ​ការទូត​អាមេរិក​រូបនេះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន​បើក​កកាយ​រឿង​ពិត  ហើយ​ជួយ​ពន្យល់​ជុំវិញ​ប្រភព​នៃ​ការផ្ទុះ​សាយភាយ​របស់​វីរុស​នេះ​ផង​។ លោក​សង្កត់ធ្ងន់ថា​៖«​រដ្ឋាភិបាល​ចិន​ត្រូវតែ​សារភាព​អស់ពី​ចិត្ត​»៕

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  COVID-19
  វូ​ហាន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com