ជាតិ
ត្រ​យ៉ង​យក្ស​ជិត​ផុត​ពូជ ៣​ក្បាល​ស្លាប់​ដោយ​ការបំពុល​នៅ​ដែនជម្រកសត្វព្រៃ​ឆែប​
16, Apr 2020 , 10:59 pm        
រូបភាព
 រូបពីអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS
រូបពីអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា WCS
​ភ្នំពេញ​៖ សត្វ​ត្រ​យ៉ង​យក្ស​ចំនួន ៣​ក្បាល ត្រូវបាន​ពុល​ស្លាប់​ក្នុងករណី​ដាក់​ថ្នាំ​បំពុល​ដោយ​ចេតនា កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២០ ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​ខេត្តព្រះវិហារ​។ ការបំពុល​នេះ គឺ​ដើម្បី​យក​សាច់សត្វ​ត្រ​យ៉ង​យក្ស​ទៅ​លក់​នៅ​ផ្សារ​។ នេះ​បើតាម​ការផ្សាយ​របស់ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS)​។​


 
​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​បញ្ជាក់ថា ករណី​ពុល​ស្លាប់​សត្វ​ត្រ​យ៉ង​យក្ស​នេះ មាន​ចំនួន​នេះ​សើ្ម​នឹង​ការបាត់បង់​ប្រហែល​ពី ១ ទៅ ២​ភាគរយ នៃ​ចំនួន​សត្វ​ត្រ​យ៉ង​យក្ស​សរុប​នៅលើ​ពិភពលោក​។ បើតាម WCS ដដែល ការស្លាប់​សត្វ​ត្រ​យ៉ង​យក្ស​នេះ​ជា​ផ្នែក​មួយ​នៃ​ក្តីបារម្ភ​ជាស​កល ។ 
 
​លើសពីនេះ​អ្នក​អភិរក្ស​កត់សម្គាល់ឃើញ​ថា មានការ​កើនឡើង​នៃ​ការ​បរបាញ់​ប្រភេទ​សត្វ ដែល​ត្រូវការពារ ចាប់តាំងពី​ការរីក​រាល​នៃ​វីរុស​កូ​រ៉ូ​ណា​ផ្ទុះឡើង ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​លក្ខណៈ​ប្រពៃណី និង​សង្គមកិច្ច​នៅ​តំបន់​ជនបទ​។ អង្គការ​WCS បាន​សង្កត់ធ្ងន់ថា ករណី​ស្លាប់​នេះ អាច​នឹង​ប៉ះពាល់​ដល់​សហគមន៍ ដែល​រកចំណូលបាន​ប្រមាណ ១០​ម៉ឺន​ដុល្លារ​អាមេរិក​ពី​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​។ 
 
​ត្រ​យ៉ង​យក្ស ជា​សត្វ​ស្លាប​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដែល​ស្ថិតក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅលើ​សកលលោក​។ នេះ​បើតាម អង្គការ​WCS ដែល​ឲ្យ​ដឹង​ទៀតថា ពួកវា​រស់នៅ​តែ​ក្នុងប្រទេស​កម្ពុជា និង​តួច​នៅក្នុង​ប្រទេស​ឡាវ​។ នៅលើ​ពិភពលោក សត្វ​ត្រ​យ៉ង​យក្ស​មាន​ចំនួន​តែ​៣០០​ក្បាល​ប៉ុណ្ណោះ​៕ 





Tag:
 ត្រ​យ៉ង​យក្ស​
  ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com