ជាតិ
ក្រសួង រៀបចំ​ដាក់​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ចូល​បញ្ជី​ដី​រដ្ឋ
17, Apr 2020 , 9:19 am        
រូបភាព
រូបពីក្រសួងបរិស្ថាន
រូបពីក្រសួងបរិស្ថាន
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន សហការ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង ការជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  កំពុង​អនុវត្ត​ការចុះ​តំបន់ការពារធម្មជាតិ «​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​» ខេត្តកោះកុង និង «​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​» ខេត្តមណ្ឌលគិរី ចូលក្នុង​បញ្ជី​ដី​រដ្ឋ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​ចេញផ្សាយ​ថ្ងៃទី​១៦ មេសា​។


 
​ការចុះបញ្ជី​ដី​រដ្ឋ​នេះ ក្នុងទិសដៅ​រៀបចំ​ឲ្យ​មាន «​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​» ច្បាស់លាស់​សម្រាប់​ដែនជម្រកសត្វព្រៃ​ទាំងពីរ  ដើម្បី​កាត់បន្ថយ និង​លុបបំបាត់​ករណី​បទល្មើស​កាប់​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិឯកជន តាមរយៈ​ការ​រឹតបន្តឹង​វិធានការ​ច្បាប់ និង​ការពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​។​
 
​តំបន់ការពារធម្មជាតិ «​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​» ខេត្តកោះកុង និង «​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​» ខេត្តមណ្ឌលគិរី ត្រូវបាន​អនុលោម​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ជាពិសេស ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​ឆ្នាំ​២០០៨ និង​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​។ បើតាម​ក្រសួងបរិស្ថាន នីតិវិធី និង​ដំណើរការ​នៃ​ការចុះបញ្ជី​ដី​រដ្ឋ នៅក្នុង​តំបន់ការពារធម្មជាតិ ត្រូវបាន​ធ្វើឡើង​ទៅតាម​គោលការណ៍​នៃ​ការកំណត់ និង​បែងចែក​តំបន់​គ្រប់គ្រង​តំបន់ការពារធម្មជាតិ គឺ​តំបន់​ស្នូល តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​តំបន់​សហគមន៍​សម្រាប់​តំបន់ការពារធម្មជាតិ​នីមួយៗ​។ 
 
​សកម្មភាព​អនុវត្ត​គម្រោង​ចុះបញ្ជី​ដី​រដ្ឋ​នេះ បានចាប់ផ្តើម​តាំងពីដើម​ឆ្នាំ​២០១៨​។ ក្រសួងបរិស្ថាន បញ្ជាក់ថា រហូតមកដល់​ពេលនេះ សម្រេចបាន​លទ្ធផល​សំខាន់ៗ ដូចជា ក្រុមការងារ​បានបញ្ចប់​នីតិវិធី និង​ដំណើរការ​ចុះបញ្ជី​ដី​រដ្ឋ​សម្រាប់​តំបន់​ស្នូល និង​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ទាំងពីរ​, ក្រសួង​រៀបចំ​ដែនដី បានចេញ «​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​» ជូន​ក្រសួងបរិស្ថាន ចំនួន ១៨​ប័ណ្ណ ក្នុងនោះ ១០ ប័ណ្ណ សម្រាប់​សម្គាល់​កម្មសិទ្ធិ​ដី​រដ្ឋ​ក្នុង​តំបន់​ស្នូល និង​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ខេត្តកោះកុង និង ៨  ប័ណ្ណ សម្រាប់​សម្គាល់​កម្មសិទ្ធិ​ដី​រដ្ឋ​ក្នុង​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្ត​មណ្ឌល​គី​រី​។​
 
​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ បន្តថា ក្រសួង​រៀបចំ​ដែនដី កំពុង​បន្ត​ពិនិត្យ​ចេញ «​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​» សម្រាប់​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី​។ ចំណែក​ក្រុមការងារ​អនុវត្ត​គម្រោង កំពុង​បន្ត​នីតិវិធី និង​ដំណើរការ​ចុះបញ្ជី​ដី​រដ្ឋ នៅក្នុង​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ដែនជម្រកសត្វព្រៃ​ទាំងពីរ​។ 
 
​សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុ​ជាមាន​តំបន់ការពារធម្មជាតិ​ចំនួន ៥៧ កន្លែង និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ចំនួន ៣​តំបន់ គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​ប្រមាណ​ជាង ៧,២ លាន​ហិកតា​៕

Tag:
 បរិស្ថាន​
  ដី​
  រដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com