COVID-19
អន្តរជាតិ
COVID-19 នៅ​សិង្ហ​បុរី​មាន​៧២៨​ករណី​ថ្មី ដែល​ភាគច្រើន​ជា​ពលករ​បរទេស​
17, Apr 2020 , 9:51 am        
រូបភាព
ដោយ:
​សិង្ហ​បុរី បាន​រាយការណ៍​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ៧២៨​ករណី នៅ​ពីថ្ងៃ​១៦ ខែមេសា ដែល​ភាគច្រើន​នៃ​ពួកគេ​ជា​ពលករ​បរទេស​។ តួលេខ​ថ្មី​នេះ ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុងប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ឡើង​រហូតដល់ ៤៤២៧​ករណី​ហើយ ហើយ​ករណី​ស្លាប់មាន​១០​នាក់​។

 
​សេចក្តីប្រកាស​ព័ត៌មាន ក្រសួងសុខាភិបាល​សិង្ហ​បុរី បាន​បញ្ជាក់ថា ក្នុងចំណោម​ករណី​ឆ្លង​សរុប អ្នកជំងឺ​ថ្មី ៦៥៤​នាក់ គឺជា​ពលករ​បរទេស​ដែល​រស់នៅក្នុង​អន្តេវាសិកដ្ឋាន ខណៈ​២៦ នាក់​ផ្សេងទៀត​ជា​អ្នក​កាន់​លិខិតអនុញ្ញាត​ការងារ​ដែល​ស្នាក់នៅ​ខាងក្រៅ​អន្តេវាសិកដ្ឋាន​។ ចំណែក ករណី​ឆ្លង​សហគមន៍ (​សំដៅលើ​ពលរដ្ឋ​សិង្ហ​បុរី​) ត្រូវបាន​រាយការណ៍​ថា​មាន ៤៨​ករណី​ថ្មី ហើយ​គ្មាន​ករណី​នាំចូល​ឡើយ​។  
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ក្រសួងសុខាភិបាល​សិង្ហ​បុរី សង្កត់ធ្ងន់ថា ចំនួន​អ្នក​ឆ្លង​ក្នុងចំណោម​ពលករ​បរទេស​ដែល​រស់នៅក្នុង​អន្តេវាសិកដ្ឋាន បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ចំណែក​ក្នុងចំណោម​ពលករ​បរទេស​ដែល​មិន​រស់នៅក្នុង​អន្តេវាសិកដ្ឋាន តួលេខ​ឆ្លង​ថ្មី ក៏បាន​កើនឡើង​ផងដែរ ដោយ​ជា​មធ្យម​១៥​នាក់​ក្នុង​មួយថ្ងៃ ក្នុង​រយៈពេល​១​សប្តាហ៍​ចុងក្រោយ​។ ដោយឡែក តួលេខ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​បាន​ថយចុះ​បន្ដិច ដោយ​ជា​មធ្យម​៣៧​នាក់​ក្នុង​មួយថ្ងៃ​ក្នុង​រយៈពេល​១​សប្តាហ៍​ចុងក្រោយ​។ 
 
​អន្តេវាសិកដ្ឋាន​៩​កន្លែង ដែលជា​ផ្ទះ​របស់​ពលករ​បរទេស​៥​ម៉ឺន​នាក់ (​ភាគច្រើន​មកពី​បង់​ក្លា​ដែ​ស​, ឥណ្ឌា និង​ចិន​) កន្លងទៅ ត្រូវបាន​រដ្ឋាភិបាល​សិង្ហ​បុរី​ប្រកាស​ដាក់ «​ជា​តំបន់​ដាច់ដោយឡែក​»​។  យ៉ាងណាមិញ ក្រោយ​ហេតុការណ៍​ករណី COVID-19 ហក់​ឡើង​ក្នុងចំណោម​ពលករ​បរទេស​ទាំងនេះ នៅ​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​សិង្ហ​បុរី បានសម្រេច​ដាក់​អន្តេវាសិកដ្ឋាន​ទាំងអស់​ក្នុងប្រទេស​ស្ថិតក្នុង​សភាព​បិទ​ជិត (lockdown)​។ នេះ​មានន័យថា ពលករ​ប្រមាណ​៣០​ម៉ឺន​នាក់ ប្រ​រ៉​ឈម​ការ​រឹតត្បិត​ការដើរ​ហើរ​យ៉ាង​តឹងរ៉ឹង​។​
 
​គួរ​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃ​ពុធ ១៥ ខែមេសា ក្រសួងសុខាភិបាល​សិង្ហ​បុរី ក៏បាន​រកឃើញ​ករណី​ឆ្លង​COVID-19​ថ្មី ចំនួន ៤៤៧​នាក់ ក្នុងនោះ​៤០៤​នាក់​ជា​ពលករ​បរទេស​ដែល​រស់នៅក្នុង​អន្តេវាសិកដ្ឋាន​។ នេះ​មានន័យថា ២​ថ្ងៃ​ជាប់​គ្នា ករណី​ឆ្លង​COVID-19​ក្នុងចំណោម​ពលករ​បរទេស​ដែល​រស់នៅក្នុង​អន្តេវាសិកដ្ឋាន​មាន​សរុប​រហូតដល់​ជាង​១០០០​នាក់​ហើយ​៕
 

Tag:
 សិង្ហ​បុរី​
  COVID-19
  ពលករ​បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com