COVID-19
ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តី៖ កម្មករ ដែលមិនអនុវត្តវិធានការចត្តាឡីស័ក នឹងត្រូវបញ្ឈប់ការងារ
17, Apr 2020 , 1:15 pm        
រូបភាព
លោក អ៊ិត សំហេង  រដ្ឋមន្រ្តីក្រសួងការងារ បានដាក់ចេញសេចក្តីណែនាំ៧ចំណុច ទាក់ទងនឹងវិធានការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ (ចត្តាឡីស័ក) ទៅកាន់កម្មករនិយោជិត ដែលសម្រាកពេលចូលឆ្នាំខ្មែរ ហើយទើបនឹងវិលត្រឡប់ទៅបំពេញការងារវិញ។



តាមរយៈសេចក្តីសេចក្តីណែនាំ ដែលចេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ លោករដ្ឋមន្រ្តី ព្រមានដូច្នេះថា៖«ក្នុងករណីកម្មករនិយោជិតណាម្នាក់ មិនបានអនុវត្តតាមកាតព្វកិច្ចទាំង៧ចំណុចខាងលើ កម្មករនិយោជិតនោះ អាចត្រូវបានបញ្ឈប់ការងារ ដោយមិនមានការទូទាត់អត្ថប្រយោជន៍ពីនិយោជកឡើយ»។

សេចក្តីណែនាំទាំង៧ចំណុច ដែលកម្មករនិយោជិត ត្រូវអនុវត្ត រួមមាន៖

១. បង្ហាញខ្លួននៅតាមរោងចក្រ និងផ្តល់ព័ត៌មានចាំបាច់ជាដាច់ខាត តាមការកំណត់របស់ក្រសួងការងារ ដើម្បីរដ្ឋបាលរោងចក្រចុះវត្តមាន និងសហការអនុវត្តវិធានការចត្តាឡីស័ករបស់ក្រសួងការងារ។

២. ទៅពិនិត្យសុខភាពនៅមណ្ឌលត្រួតពិនិត្យសុខភាព តាមការណែនាំរបស់រដ្ឋបាលរោងចក្រ ស្របតាមការកំណត់របស់អធិការការងារ។

៣. អនុវត្តវិធានការចត្តាឡីស័កនៅតាមមណ្ឌលដែលបានកំណត់ ឬកន្លែងស្នាក់នៅរបស់ខ្លួនរយៈពេល១៤ថ្ងៃ តាមការកំណត់របស់ក្រុមគ្រូពេទ្យ ឬអាជ្ញាធរមានសមត្ថកិច្ច។

៤. រក្សាទុក និងបង្ហាញលិខិតបញ្ជាក់ស្ថានភាពសុខភាពរបស់ខ្លួន ដែលចេញដោយក្រុមគ្រូពេទ្យ ដើម្បីបង្ហាញរដ្ឋបាលរោងចក្រ និងម្ចាស់ផ្ទះ។

៥. រាយការណ៍ជូនរដ្ឋបាលរោងចក្រតាមទូរស័ព្ទ អំពីស្ថានភាពសុខភាពរបស់ខ្លួនរៀងរាល់ម៉ោង៨ព្រឹក ដើម្បីរដ្ឋបាលរោងចក្ររាយការណ៍បន្ត ជូនរដ្ឋបាលគ្រូពេទ្យនៃក្រសួងការងារ។

៦. ទាក់ទងទៅក្រសួងសុខាភិបាល តាមរយៈលេខ១១៥ ឬលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៩៥៨ ១៧៩ បើមានអាការសង្ស័យណាមួយ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក នៅកន្លែងស្នាក់នៅរយៈពេល១៤ថ្ងៃ។

៧. ពាក់ម៉ាស់ជាដាច់ខាតនៅកន្លែងបម្រើការងារ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល១៤ថ្ងៃ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅថ្ងៃទី១៧ ខែមេសាថា មានកម្មករ-កម្មការិនី ដល់ទៅជាង១,៥ម៉ឺននាក់ ដែលទៅស្រុកកំណើតក្នុងអំឡុងចូលឆ្នាំខ្មែរ ហើយក្រោយត្រឡប់មករាជធានីភ្នំពេញវិញ ពួកគេ នឹងត្រូវរៀបចំដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ មុននឹងអនុញ្ញាតឲ្យចូលធ្វើការវិញ។ 

អត្ថបទទាក់ទង


ចំនួនកម្មករ-កម្មការនី ជាង១,៥ម៉ឺននេះ គឺសម្រាប់តែរាជធានីភ្នំពេញប៉ុណ្ណោះ តែចំពោះចំនួនកម្មករ-កម្មការនី នៅតាមបណ្តាខេត្តនានា ដែលឈប់សម្រាកពេលចូលឆ្នាំដែលនោះ នៅមិនទាន់មានព័ត៌មាននោះទេ។ សារព័ត៌មានថ្មីៗ បានផ្ញើសំណួរទៅកាន់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារតាមបណ្តាញទំនាក់ទំនងតេឡេក្រាម តែលោក ពុំទាន់បានផ្តល់ចម្លើយនោះទេ។ 

កម្មករនិយោជិត ដែលសម្រាកពេលចូលឆ្នាំ ដោយមានការអនុញ្ញាតពីថៅកែ នឹងទទួលបានប្រាក់ឈ្នួលត្រឹម៧ថ្ងៃ ក្នុងអំឡុងស្ថិតនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ កម្មករនិយោជិត ដែលសម្រាកពេលចូលឆ្នាំ ដោយសារតែមានធុរៈពិសេស ដូចជា ប្រពន្ធឆ្លងទន្លេ ឬជីដូនជីតា ម្តាយឪពុក ប្តីប្រពន្ធ កូន ទទួលមរណភាព នឹងទទួលបានប្រាក់ឈ្នួលទាំង១៤ថ្ងៃ ក្នុងអំឡុងស្ថិតនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ចំពោះកម្មករនិយោជិត ដែលសម្រាកដោយឯកឯងពេលចូលឆ្នាំ នឹងមិនទទួលបានប្រាក់ឈ្នួល ក្នុងអំឡុងស្ថិតនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃឡើយ។ ទាំងនេះ គឺជាការកំណត់របស់រដ្ឋមន្រ្តីការងារ នៅក្នុងសេចក្តីណែនាំខាងលើ៕ 



Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com