COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កាតា រកឃើញ​កម្មករ​សាង​សង់​កីឡដ្ឋាន World Cup ចំនួន​៨​នាក់ ឆ្លង COVID-19
17, Apr 2020 , 2:52 pm        
រូបភាព
​កាតា បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ COVID-19 ចំនួន​៣​ករណី​បន្ថែមទៀត​ក្នុងចំណោម​កម្មករ​ដែល​កំពុង​សាងសង់​កីឡដ្ឋាន​ដើម្បី​ត្រៀម​ការប្រកួត FIFA World Cup 2020​។ បើតាម​ការអះអាង​រប​ស់​អ្នករៀបចំ​នៅ​ថ្ងៃទី​១៦ ខែមេសា ចំនួន​អ្នក​ឆ្លង​ក្នុង​ការដ្ឋាន​សំណង់​សម្រាប់​ព្រឹត្តិការ​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ ២០២២ ឡើងដល់​៨​នាក់​ហើយ​។


 
​ប្រទេស​តំបន់​អារ៉ាប់​មួយ​នេះ​បាន​រាយការណ៍​ថា មាន​អ្នកស្លាប់​ចំនួន ៧ នាក់​ហើយ​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) និង​ឆ្លង​ជាង ៤០០០ ករណី​។ ក្នុងនោះដែរ កាតា​បានប្រកាស​ពី​ការឆ្លង​លើកដំបូង​ចំពោះ​កម្មករ​នៅ​ទីតាំង​សំណង់​កីឡដ្ឋាន​នៅ​ថ្ងៃទី​១៥ ខែមេសា​។​
 
​ការងារ​កសាង​កីឡដ្ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​រៀបចំ​ការប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​កាតា​កំពុង​ជួប​វិបត្តិ ស្របពេល​របស់របរ​ដែល​មិនចាំបាច់​ត្រូវបាន​បញ្ឈប់​ដំណើរការ ហើយ​វិហារ​ឥស្លាម សួនច្បារ និង​ភោជនីយដ្ឋាន ត្រូវបាន​បិទទ្វារ​បណ្តោះអាសន្ន​។​
 
​អ្នករៀបចំ​ព្រឹត្តិការណ៍​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាសថា គណៈកម្មាធិការ​ជាន់ខ្ពស់​សម្រាប់​ការដឹកជញ្ជូន (SC) បញ្ជាក់ថា​បុគ្គលិក​ពីរ​នាក់​ដែល​ធ្វើការ​ឲ្យ​អ្នកម៉ៅការ SC បានធ្វើ​តេស្ត​វិជ្ជមាន COVID-19​។ លើសពីនេះ កម្មករ​ចំនួន ៦ នាក់​ទៀត​ក៏​តេស្ត​វិជ្ជមាន​ដូចគ្នា​។​
 
​នៅ​ថ្ងៃទី​១៥ ខែមេសា SC ក៏បាន​អះអាងថា​បុគ្គលិក​៣​នាក់ ក្នុងចំណោម​៧​នាក់​នៅ​កីឡដ្ឋាន​ដែល​កំពុង​សាងសង់​ក៏​កំពុងស្ថិត​ក្នុងការ​តាមដាន​ផងដែរ ដ្បិត​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ឆ្លង​ទាំងនោះ​។ យ៉ាងណាក៏ដោយ SC បាន​ធ្វើតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ដើម្បី​ឆ្លើយតប​ទៅនឹង​ករណី​ទាំងនេះ ហើយ​អ្នក​ដែល​រង​ផលប៉ះពាល់​ទាំងអស់ នឹង​ទទួលបាន​ការថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​។​
 
​តាម​ការគ្រោងទុក World Cup ឆ្នាំ​២០២២ នៅ​កាតា​នឹង​ចាប់ផ្តើម​ការប្រកួត​ចន្លោះ​ខែវិច្ឆិកា និង​ខែធ្នូ​។ ដោយសារ​វិបត្តិ COVID-19 ដែល​រាតត្បាត​កាន់តែខ្លាំង​ជុំវិញ​ពិភពលោក ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ត្រូវ​ពន្យារ​ទៅ​ឆ្នាំ​២០២១​វិញ​៕

Tag:
 COVID-19
  FIFA World Cup
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com