COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កាតា រកឃើញកម្មករសាងសង់កីឡដ្ឋាន World Cup ចំនួន៨នាក់ ឆ្លង COVID-19
× កាតា បានរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន៣ករណីបន្ថែមទៀតក្នុងចំណោមកម្មករដែលកំពុងសាងសង់កីឡដ្ឋានដើម្បីត្រៀមការប្រកួត FIFA World Cup 2020។ បើតាមការអះអាងរបស់អ្នករៀបចំនៅថ្ងៃទី១៦ ខែមេសា ចំនួនអ្នកឆ្លងក្នុងការដ្ឋានសំណង់សម្រាប់ព្រឹត្តិការកីឡាបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ឡើងដល់៨នាក់ហើយ។
ប្រទេសតំបន់អារ៉ាប់មួយនេះបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៧ នាក់ហើយដោយសារជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) និងឆ្លងជាង ៤០០០ ករណី។ ក្នុងនោះដែរ កាតាបានប្រកាសពីការឆ្លងលើកដំបូងចំពោះកម្មករនៅទីតាំងសំណង់កីឡដ្ឋាននៅថ្ងៃទី១៥ ខែមេសា។
ការងារកសាងកីឡដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធដើម្បីរៀបចំការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាកំពុងជួបវិបត្តិ ស្របពេលរបស់របរដែលមិនចាំបាច់ត្រូវបានបញ្ឈប់ដំណើរការ ហើយវិហារឥស្លាម សួនច្បារ និងភោជនីយដ្ឋាន ត្រូវបានបិទទ្វារបណ្តោះអាសន្ន។
អ្នករៀបចំព្រឹត្តិការណ៍បាននិយាយក្នុងសេចក្តីប្រកាសថា គណៈកម្មាធិការជាន់ខ្ពស់សម្រាប់ការដឹកជញ្ជូន (SC) បញ្ជាក់ថាបុគ្គលិកពីរនាក់ដែលធ្វើការឲ្យអ្នកម៉ៅការ SC បានធ្វើតេស្តវិជ្ជមាន COVID-19។ លើសពីនេះ កម្មករចំនួន ៦ នាក់ទៀតក៏តេស្តវិជ្ជមានដូចគ្នា។
នៅថ្ងៃទី១៥ ខែមេសា SC ក៏បានអះអាងថាបុគ្គលិក៣នាក់ ក្នុងចំណោម៧នាក់នៅកីឡដ្ឋានដែលកំពុងសាងសង់ក៏កំពុងស្ថិតក្នុងការតាមដានផងដែរ ដ្បិតពួកគេមានទំនាក់ទំនងជាមួយអ្នកឆ្លងទាំងនោះ។ យ៉ាងណាក៏ដោយ SC បានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីឆ្លើយតបទៅនឹងករណីទាំងនេះ ហើយអ្នកដែលរងផលប៉ះពាល់ទាំងអស់ នឹងទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ។
តាមការគ្រោងទុក World Cup ឆ្នាំ២០២២ នៅកាតានឹងចាប់ផ្តើមការប្រកួតចន្លោះខែវិច្ឆិកា និងខែធ្នូ។ ដោយសារវិបត្តិ COVID-19 ដែលរាតត្បាតកាន់តែខ្លាំងជុំវិញពិភពលោក ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ត្រូវពន្យារទៅឆ្នាំ២០២១វិញ៕
Tag:
COVID-19
FIFA World Cup
កាតា
© រក្សាសិទ្ធិដោយ thmeythmey.com