COVID-19
ពីនេះ ពីនោះ
​កូ​វីដ​-១៩៖ ឪពុកម្តាយ​សិស្ស និង​ម្ចាស់​សាលា​ឯកជន​ខ្លះ​ដំឡើង​ស​សៃ​ក​ដាក់គ្នា​!
17, Apr 2020 , 3:16 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅថ្ងៃនេះ​(១៧​ខែមេសា​ឆ្នាំ​២០២០)​អាណាព្យាបាល​សិស្សសាលា​ឯកជន​ខ្លះ និង​ម្ចាស់​សាលា​ចាប់ផ្តើម​ដំឡើង​ស​សៃ​ក​ដាក់គ្នា​ទៅវិញទៅមក ព្រោះតែ​រឿង​ថ្លៃ​សាលា​ថា​ត្រូវ​បង់​ក្នុង​កម្រិតណា​?



រឿងរ៉ាវ​ចេញពី​កូ​វីដ​១៩​នេះ ចេះតែ​កើតឡើង​គ្រប់​ទីកន្លែង ដូច្នេះ សុធីរ និង​សំណាង ក៏​មិន​ទៅណា​ឆ្ងាយ​ពី​ប្រធានបទ​ហ្នឹង​ដែរ​។ ក្នុង​បរិបទ​កូ​វីដ​១៩​នេះ បើ​សាលា​បិទទ្វារ តើ​អាណាព្យាបាល​គួរ​បង់ថ្លៃ​សាលារៀន​ឯកជន​ឬទេ​? បើ​បង់ តើ​គេ​គួរ​បង់​ក្នុង​កម្រិតណា​? ចុះបើ​សាលា​បើក​បង្រៀន​អន​ឡាញ តើ​អាណាព្យាបាល​ត្រូវ​បង់​ឬទេ​? 
 
​សុធីរ​៖ អា សំណាង​! តើ​អាណាព្យាបាល​គួរ​បង់ថ្លៃ​សាលារៀន​ឬទេ បើ​គេ​អត់​បង្រៀន​ផង​ហ្នឹង​? 
 
​សំណាង​៖ បើ​គេ​អត់​បង្រៀន ម៉េច​បាន​ត្រូវ​បង់ថ្លៃ​សាលា អញ​សួរ​ទៅ​អ្ហែង​វិញ​?  
 
​សុធីរ​៖ អើ​មែន​អ្វី​។ ចុះបើ​គេ​បង្រៀន​តាម​អន​ឡាញ ឬ Distance Learning ស្អី​គេ​នោះ​? 
 
​សំណាង​៖ អើ​! បើ​គេ​បន្ត​បង្រៀន​តាម​អន​ឡាញ អាណាព្យាបាល​គួរ​ជួយ​បង់លុយ​ខ្លះ​ទើប​ត្រឹមត្រូវ ព្រោះ គ្រូបង្រៀន​បន្តធ្វើ​កា​រដែ​រ ទោះបី​មិន​ពេញលេញ​ក៏ដោយ​ក្តី​។ 
 
​សុធីរ​៖ បង់​ខ្លះ​ហ្នឹង បង់​ប៉ុន្មាន​ទៅ អា សំណាង​? 
 
​សំណាង​៖ បើ​អាច គួរ​បង់​ក្នុង​កម្រិត​ណាមួយ​ទៅ ព្រោះ​សាលា​ក៏​មិនបាន​ចំណាយ​ថ្លៃ​ទឹក ភ្លើង និង​សេវា​រដ្ឋបាល​ផ្សេងៗ​ឡើយ​។ 
 
សុធីរ​៖ តែ​ម្ចាស់​សាលារៀន​ក៏​នៅ​បន្ត​បង់ថ្លៃ​អាគារ​ជួល​គេ​ដែរ​តើ​? 

​សំណាង​៖ អើ​វា​អ៊ីចឹង​ហើយ​។ តែបើ​តាម​អញ​លឺ គឺថា សាលា​ក៏​កំពុង​តវ៉ា​បញ្ចុះ​ថ្លៃ​ជួល​ទីតាំង​អាជីវកម្ម​ដែរ​។ ហើយ​បើ​ថ្លៃ​ទីតាំង​ត្រូវបាន​បញ្ចុះ ហេតុ​អី​មិនអាច​បញ្ចុះ​ថ្លៃ​សិក្សា​បាន​? 
 
​សុធីរ​៖ តើ​អ្វី​ទៅ​ដែលជា​មធ្យោបាយ​ល្អ​បំផុត​សម្រាប់​ម្ចាស់​សាលា និង​អាណាព្យាបាល​អា សំណាង​? 
 
​សំណាង​៖ ដំណោះស្រាយ​ដែល​ល្អ​បំផុត គឺ សាលា​ត្រូវ​បញ្ចុះតម្លៃ​ក្នុង​កម្រិត​មួយ​សមរម្យ អាច​ថា ២០ ៣០ ឬ​៤០% អាស្រ័យ​លើ​ការចរចា​គ្នា​។ គ្រូបង្រៀន​ត្រូវ​បន្ថយ​ប្រាក់ចំណូល​របស់ខ្លួន​។ អាណាព្យាបាល​ត្រូវ​បង់ខាត​ខ្លះ ហើយ​ម្ចាស់​អគារ​ក៏ត្រូវ​បញ្ចុះតម្លៃ​ថ្លៃ​ឈ្មួ​ល​ដែរ​។ ធ្វើ​យ៉ាង​ដូច្នេះ​ទៅ អ្វីៗ​វា​ទៅ​រួចហើយ​។ កាលៈទេសៈ​ប្រឈម​ដ៏​លំបាក​នេះ មិនមែនជា​ពេលវេលា​ដែល​ត្រូវ​ឈ្លោះ​គ្នា​ទេ តែ​ជា​ពេលវេលា​ដែល​ត្រូវ​ជួយ​គ្នា​ទៅវិញទៅមក ឬ​ជា​ពេលវេលា​ដែល​ត្រូវ​អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com