COVID-19
ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ហៅ​ការ​រួមគ្នា​បរិច្ចាគ​ថវិកា ថា​ជា «​ចលនា​ជាតិ​ដ៏​ខ្លាំងក្លា​»
17, Apr 2020 , 7:39 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី
រូបពីទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ត​ផ្តល់ព័ត៌មាន​ពី​ចំនួន​ថវិកា ដែល​ទទួលបាន​ពី​សប្បុរសជន​និង​មន្ត្រីរាជការ សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។



សម្តេចនាយក​រដ្ឋមន្ត្រី បង្ហាញ​តួលេខ​ថា គិត​ត្រឹម​ថ្ងៃទី​១៧ ខែមេសា ថវិកា ដែល​ទទួលបាន​ពី​សប្បុរសជន គឺ​កើន​ឡើងដល់​ជាង​១៣​លាន​ដុល្លារ​ហើយ ដោយ​មិន​រាប់បញ្ចូល​ជំនួយ​ផ្នែក​បរិក្ខារ​ផ្សេងៗ ដូចជា ម៉ាស់ អាល់កុល សាប៊ូ និង សម្ភារ​ពេទ្យ ជាដើម ដែល​អាចមាន​តម្លៃ​ដល់​ទៅ​រាប់លាន​ដុល្លារ​។  ចំណែក មន្ត្រីរាជការ​គ្រប់​ស្ថាប័ន មាន​ជាង​១៤​ម៉ឺន​នាក់​ហើយ ដែល​ស្ម័គ្រចិត្ត​បរិច្ចាគ​ប្រាក់បៀវត្ស​ទាំងស្រុង ឬ មួយផ្នែក​។ ប៉ុន្តែ សម្តេចនាយក​រដ្ឋមន្ត្រី ពុំបាន​បញ្ចេញ​តួលេខ​ថវិកា ដែល​ទទួលបាន​ពី​មន្ត្រីរាជការ​នោះទេ​។ 

តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនា​ព្រឹក​ថ្ងៃទី​១៧ ខែមេសា​នេះ ប្រមុខ​រដ្ឋាភិបាល សរសេរ​ដូច្នេះ​ថា​៖« នេះ​ជា​ចលនា​ជាតិ​ដ៏​ខ្លាំងក្លា​មួយ​របស់​ប្រជាជន​កម្ពុជា​យើង ក្នុងការ​ប្រយុទ្ធ​ជាមួយ​ជំងឺ​ដ៏​កាច​សាហាវ​នេះ ដែល​ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូម​ថ្លែង​អំណរ​ព្រះ​គុណ​ថ្វាយ​ព្រះមហាក្សត្រ ថ្វាយ​សម្តេចម៉ែ ប្រគេន​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ជូន​ជនរួមជាតិ មន្ត្រីរាជការ​គ្រប់​ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដែល​បាន​ចូលរួម​ក្នុង​ចលនា​ជាតិ​ដ៏​ធំ​មួយ​នេះ​»​។ 

ប្រមុខ​រដ្ឋាភិបាល បញ្ជាក់​កន្លងមក​ថា ថវិកា ដែល​ទទួលបាន​ពី​សប្បុរសជន​និង​មន្ត្រីរាជការ នឹង​ទុក​ចំណាយ​លើ​ការទិញ​សម្ភារ​ពេទ្យ និង​សម្ភារ​ផ្សេងទៀត សម្រាប់​ការពារ​ជំងឺ​កូ​វីដ​១៩ ដូចជា​ម៉ាស់ និង​អាល់កុល​លាងដៃ​ជាដើម​។ ប្រមុខ​រដ្ឋាភិបាល ប្រកាសថា ទិញ​ម៉ាស់​ដល់​ទៅ​ជាង​៥​លាន រួមទាំង​សម្ភារ​ពេទ្យ​នានា ពី​ក្រៅប្រទេស​និង​ក្នុងស្រុក យកមក​ស្តុ​ប​ទុក​ ដោយ​បង្ហាញ​​ជំហរ​រឹងប៉ឹង​ថា  នឹងមិន​ឲ្យ​ពេទ្យ​កម្ពុជា ខ្វះខាត​សម្ភារឬបរិក្ខារ សម្រាប់​ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ឡើយ​៕ 

Tag:
 ​ហ៊ុន សែន​
  COVID-19
  បរិច្ចាគ​ថវិកា​
© រក្សាសិទ្ធិដោយ thmeythmey.com