COVID-19
អន្តរជាតិ
សមាជិកសភា​អាមេរិក ស្នើ​លោក ត្រាំ ឲ្យ​ផ្អឹប​ជំនួយ WHO រហូត​លោក Tedros លាលែង​ពី​តំណែង​
17, Apr 2020 , 8:19 pm        
រូបភាព
លោកTedros Adhanom Ghebreyesus អគ្គនាយកWHO-AFP
លោកTedros Adhanom Ghebreyesus អគ្គនាយកWHO-AFP
ដោយ:
​សមាជិកសភា​បក្ស​សាធារណរដ្ឋ​មួយចំនួន នៅ​ថ្ងៃទី​១៦ ខែមេសា គាំទ្រ​ការរិះគន់​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ទៅ លើ​អង្គការ​សុខភាព​ពិភពលោក (WHO) ដោយ​មួយចំនួន​បានផ្តល់​យោបល់​ឲ្យ​ផ្អាក​ការផ្តល់​វិភាគទាន​រហូតដល់​អគ្គ​នាយក​អង្គការ​សុខភាព​ពិភពលោក លាលែង​ចេញពី​តំណែង​។ សមាជិក​ខ្លះទៀត ថែមទាំង​ស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​អន្តរជាតិ​ចំពោះ​ការគ្រប់គ្រង​ជំងឺ COVID-19 ។​

 
​សមាជិកសភា​ចំនួន​១៧​រូប មកពី​គណ​កម្ម​ធិ​ការ​កិច្ចការបរទេស​នៃ​សភា​តំណាង បា​នស​សេរ​សំបុត្រ​ទៅកាន់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដោយ​បង្ហាញ​ការគាំទ្រ​លើ​ការសម្រេចចិត្ត​ក្នុងការ​ផ្អាក​ផ្តល់​វិភាគទាន​ដល់​អង្គការ​សុខភាព​ពិភពលោក​។ សមាជិកសភា​ទាំងនេះ ក៏​ស្នើ​ឲ្យ​អាមេរិក​គួរ​បន្ត​ផ្តល់​វិភាគទាន​វិញ​ដរាបណា​លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​លាលែង​ចេញពី​តំណែង​។​
 
​ក្នុង​លិខិត​ផ្ញើ​ទៅកាន់​លោក ត្រាំ សមាជិកសភា​ទាំងនោះ​និយាយថា ពួកគេ​បាត់បង់​ទំនុកចិត្ត​លើ​លោក Tedros ហើយ​បន្ទោស​អង្គការ​សុខភាព​ពិភពលោក និង​បក្សកុម្មុយនិស្ត​ចិន​ដែល​បណ្តាល​ឲ្យ​មាន​វិបត្តិ​សុខាភិបាល​សកល​បែបនេះ ប៉ុន្តែ​ក៏​ឆ្លៀត​ស​សើរ​ពី​តួនាទី​ដ៏​សំខាន់​ដែល​អង្គការ​នេះ​បាន​បំពេញ​នៅ​ជុំវិញ​ពិភពលោក​។​
 
​បន្ថែម​ពីនេះ សមាជិកសភា​ទាំងនោះ​លើកឡើងថា អង្គការ​សុខភាព​ពិភពលោក ត្រូវការ​ការរុះរើ​រៀបចំ​សារជាថ្មី ប៉ុន្តែ​គេ​គួរតែ​ធ្វើ​រឿងនេះ​ក្រោយពេល​វិបត្តិ​ជំងឺ​COVID-19​ចប់សព្វគ្រប់​។ នេះ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ។​
 
«​ទោះជា​យ៉ាងណាក្តី វា​ជាការ​សំខាន់​ដែល​យើង​ត្រូវ​បញ្ចេញ​សកម្មភាព​ឲ្យ​បាន​រហ័ស ដើម្បី​ធានា​ភាពមិនលម្អៀង តម្លាភាព និង​ភាពស្របច្បាប់​របស់​ស្ថាប័ន​ដ៏​មានតម្លៃ​មួយ​នេះ​»​។ នេះ​ជាការ​ដកស្រង់​ពី​លិខិត​របស់​សមាជិកសភា ដែលមាន​លោក Mike McCaul ជា​អ្នក​នាំមុខ​។​
 
​ចំណែក​ឯខាង​ព្រឹទ្ធសភា​វិញ ព្រឹទ្ធសមាជិក​ចំនួន​៨ ដែល​ចេញមុខ​ដោយ​ព្រឹទ្ធសមាជិក​Marco Rubio ក៏បាន​ស​សេរ​សំបុត្រ​ទៅលើ​ប្រធានាធិបតី ត្រាំ ដែរ ដោយ​អំពាវនាវ​ឲ្យ​លោក​ធ្វើការ​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង ជប៉ុន និង​បណ្តា​ប្រទេស​អឺរ៉ុប​ដើម្បី​ស៊ើបអង្កេត​ពី​ដើមកំណើត​នៃ​វីរុស​កូ​រ៉ូ​ណា និង​ជំងឺ​COVID-19 ក៏ដូចជា​ការសម្រេចចិត្ត​របស់ WHO ។ សំបុត្រ​របស់​ព្រឹទ្ធសមាជិក​ទាំង​៨​រូប ពុំបាន​រួមបញ្ចូល​អនុ​សាសន៍ ដូចជា​ការលាលែង​ពី​តំណែង​របស់លោក Tedros​ឡើយ​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ការសម្រេច​ផ្អាក​ផ្តល់​វិភាគទាន​ទៅកាន់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃទី​១៤ ខែមេសា ដោយ​លោក ត្រាំ រង​ការរិះគន់​ពី​អ្នកជំនាញ​សុខាភិបាល ក៏ដូចជា​បក្ស​ប្រជាធិបតេយ្យ​។ មុននឹង​ផ្អាក​ផ្តល់​វិភាគទាន លោក ត្រាំ បាន​រិះគន់​អង្គកា​សុខភាព​ពិភពលោក​ចំពោះ​ការជួយ​ផ្សព្វផ្សាយ​ព័​ត៍​មាន​មិន​ត្រឹមត្រូវ​របស់​ចិន និង​អត់អោន​ឲ្យ​ចិន​ជ្រុល​ហួសហេតុ​៕

Tag:
 អាមេរិក​
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com