COVID-19
ជាតិ
សុខភាព
ក្រសួងសុខាភិបាល ហាមពលរដ្ឋទិញ ម៉ាស់ ជែល និងសារធាតុសម្លាប់មេរោគ ពីគណនីហ្វេសប៊ុកចំនួន២
× ភ្នំពេញ៖ ក្រសួងសុខាភិបាល ហាមប្រជាពលរដ្ឋទាំងអស់មិនឱ្យប្រើប្រាស់នូវឧបករណ៍វាស់កម្តៅ ម៉ាស់ ជែល និងសារធាតុសម្លាប់មេរោគផ្សេងៗ ពីគណនីហ្វេសប៊ុកឈ្មោះ Koung Rich និង Xing Kim ព្រោះផលិតផលទាំងនេះ គ្មានការធានាគុណភាពស្រមតាមបទដ្ឋានកំណត់។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៦មេសា បានបញ្ជាក់ថា គ្រប់ផលិតផលដែលម្ចាស់គណនីហ្វេសប៊ុកទាំងពីរខាងលើផ្សព្វផ្សាយលក់ គឺគ្មានលេខទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍ និងគ្មានច្បាប់ពីក្រសួងសុខាភិបាលឡើយ។ ដើម្បីសុវត្ថិភាពនូវសុខភាពសាធារណៈ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ជាធរមាន ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Koung Rich និង Xing Kim និងជនដទៃទៀតដែលនៅតែបន្តលក់ផលិតផល ឱសថ បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគនានា ដែលគ្មានបញ្ជិកា។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានរម្លឹកសារជាថ្មីថា តាមអនុលោមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្ម ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ឧបករណ៍បរិក្ខារពេទ្យ សារធាតុសម្លាប់មេរោគ និងគ្រឿងសម្អាងគ្រប់ប្រភេទនៅកម្ពុជា គឺត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍ ពីក្រសួងសុខាភិបាល ។ ជាពិសេសការផ្សព្វផ្សាយលក់នូវផលិតផលទាំងនោះ ក៏ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ផងដែរ៕
Tag:
មេរោគ
ម៉ាស់
សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com