COVID-19
អន្តរជាតិ
រដ្ឋាភិបាល​ថៃ ដាក់ពង្រាយ​ទ័ព​ត្រៀម​ទទួល​ពលរដ្ឋ​ត្រលប់​ពី​បរទេស​
17, Apr 2020 , 9:59 pm        
រូបភាព
កងទ័ពថៃ នៅព្រំដែនថៃ-ម៉ាឡេស៊ី ក្នុងខេត្ត Narathiwat (បាងកកប៉ុស្តិ៍)
កងទ័ពថៃ នៅព្រំដែនថៃ-ម៉ាឡេស៊ី ក្នុងខេត្ត Narathiwat (បាងកកប៉ុស្តិ៍)
ដោយ:
​រដ្ឋាភិបាល​ថៃ កំពុង​ត្រៀមលក្ខណៈ​ចាត់ចែង​ពលរដ្ឋ​ខ្លួន​ដែល​ត្រលប់​ពី​បណ្ដា​ប្រទេសជិតខាង​មកកាន់​ស្រុកកំណើត​វិញ​ក្នុង​បរិយាកាស​ជំងឺ​រាតត្បាត​សាកល COVID-19 រួមមាន​ពលករ​រាប់ពាន់នាក់​មកពី​ព្រំដែន​ម៉ាឡេស៊ី​។ ពួកគេ​នឹង​ចាប់ផ្ដើម​ចូលមកក្នុង​ប្រទេស​ថៃ នា​ថ្ងៃទី​១៨ ខែមេសា​។

 
​ថ្លែងប្រាប់​កាសែត បាងកក​ប៉ុស្តិ៍ អ្នកនាំពាក្យ​យោធា​ថៃ Sirichan Ngathong បញ្ជាក់ថា ប្រមុខ​កងទ័ពជើងគោក​ថៃ ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong បានដាក់​ចេញ​បញ្ជា​ទៅកាន់​កងកម្លាំង​យោធា​តំបន់​ទាំងអស់​នៅតាម​ព្រំដែន​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរខេត្ត​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ថៃ​ដែល​នឹង​ត្រលប់​មកពី​បណ្ដា​ប្រទេស​ក្បែរ​ខាង តាមរយៈ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សរុប ១៥​ទីតាំងនៅ​ទូទាំងប្រទេស​។ 
 
​កងទ័ព​នឹង​ជួយ​សម្របសម្រួល​ការចូល​មកដល់​របស់​ពលរ​ដ្ឋ​ថៃ ដូចជា ការត្រួតពិនិត្យ​កម្ដៅ និង​ជួយ​ដឹក​ពួកគេ​ទៅកាន់​ទីតាំង​ធ្វើ​ច​ត្ដា​ឡី​ស័ក ។ លោក Sirichan បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា នាយ​ឧ​ត្ត​ម​សេនីយ៍ Apirat បាន​សង្កត់ធ្ងន់​ពី​ភាពចាំបាច់​ក្នុងការ​បង្ការ​ករណី​ឆ្លង​ព្រំដែន​ដោយ​ខុសច្បាប់​ក្នុង​គ្រប់​រូបភាព​ទាំងអស់​។ 
 
​តាម​កាសែត​ដដែល ក្រសួងមហាផ្ទៃ​ថៃ បាន​ប៉ាន់​ស្មានថា យ៉ាងហោចណាស់​ពលរដ្ឋ​ថៃ​៨០០០​នាក់ ដែលមាន​លិខិតបញ្ជាក់​សុខភាព​ក្នុងប្រទេស​ម៉ាឡេស៊ី ត្រូវបាន​កំណត់​ឲ្យ​ត្រលប់មក​ស្រុកកំណើត​វិញ តាមរយៈ​ព្រំដែន​ភាគខាងត្បូង​។ ក្នុង​ខេត្ត Narathiwat ពលករ​ថៃ​ជិត​១០០​នាក់​ដែល​ជាប់គាំង​ក្នុងប្រទេស​ម៉ាឡេស៊ី បាន​ឆ្លង​ព្រំដែន​ខុសច្បាប់​មកកាន់​ទឹកដី​ថៃ​វិញ ដោយ​ពួកគេ​អះអាងថា ពួកគេ​នឹង​ដាច់ពោះ​ស្លាប់​ខណៈ​រង់ចាំ​តម្រង់​ជួរ​ចាំ​ត្រលប់មក​ស្រុក​វិញ​។  
 
​អាជ្ញាធរខេត្ត​ភាគខាងត្បូង​នៃ​ប្រទេស​នេះ បានបញ្ជាក់​នៅ​ថ្ងៃទី​១៦ ខែមេសា​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៩៤​នាក់ ដែល​ប្រើប្រាស់​ផ្លូវទឹក ឆ្លង​ចូលមក​កាន់​ទឹកដី​ថៃ ពី​ប្រទេស​ម៉ាឡេស៊ី​។ ពួកគេ​ត្រូវបាន​ពិន័យ​ជា​ប្រាក់​៨០០​បាត​ក្នុង​ម្នាក់ ហើយ​ត្រូវ​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​សម្រាប់​ពេល​២​សប្តាហ៍​។ 
 
​រដ្ឋាភិបាល​ថៃ បានប្រកាសថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន​រហូតដល់​៣០០​នាក់ ត្រលប់​ពី​ប្រទេស​ម៉ាឡេស៊ី​ចូល​ប្រទេស​វិញ​រៀងរាល់ថ្ងៃ​។ ការកំណត់​បែបនេះ គឺជា​ចំណាត់ការ​មួយ​ដែល​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការបង្ការ COVID-19 ដោយ​ផ្អែកលើ​ទីតាំង​ច​ត្តា​ឡី​ស័ក​ដែលមាន​ក្នុងប្រទេស​។ បើតាម​របាយការណ៍រ​បស់​រដ្ឋាភិបាល​ថៃ គិត​ត្រឹម​ថ្ងៃ​៩ មេសា ពលរដ្ឋ​ថៃ ប្រមាណ ១៤០០០​នាក់ ដែល​ជាប់គាំង​នៅ​បរទេស បាន​ចុះឈ្មោះ​ត្រលប់មក​ស្រុកកំណើត​វិញ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​១៦ ខែមេសា ប្រទេស​ថៃ មាន​ករណី​ឆ្លង​COVID-19​សរុប​ចំនួន​២៦៧២​ករណី ខណៈ​អ្នក​ស្លាប់មាន ៤៦​នាក់​។ អ្នកជា​សះស្បើយ​មាន ១៥៩៣​នាក់​៕ 

Tag:
 ថៃ​
  COVID-19
  ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com