ជាតិ
សេដ្ឋកិច្ច
COVID-19៖សមាគមមីក្រូហិរញ្ញវត្ថុ ប្រាប់ពលរដ្ឋដែលជួបវិបត្តិហិរញ្ញវត្ថុ ទាក់ទងទៅគ្រឹះស្ថានកម្ចី ដើម្បីរកដំណោះស្រាយ
×
ដោយ៖ ស៊ែម ម៉ូនីតា(Sem Monita)
ភ្នំពេញ៖ពលរដ្ឋដែលជួបវិបត្តិហិរញ្ញវត្ថុ នៅអំឡុងពេលនៃការរីករាលដាលនៃជំងឺCOVID-19នេះ អាចទាក់ទងទៅគ្រឹះស្ថានកម្ចីរបស់ខ្លួន ដើម្បីពិភាក្សាគ្នា ដំណោះស្រាយ។ នេះជាលើកឡើងរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានចេញសេចក្ដីថ្លែងការណ៍មួយស្ដី អំពីដំណោះស្រាយដល់អតិថិជន នៅថ្ងៃទី១៧ មេសា។
សមាគមមីក្រូហិរញ្ញវត្ថុ បានអះអាងថា សមាជិកខ្លួននីមួយៗ កំពុងអនុវត្តដំណោះស្រាយផ្សេងៗទៅតាមនីតិវិធី គោលការណ៍ផ្ទៃក្នុង ស្របទៅនឹងប្រភេទអតិថិជន ទំហំនៃផលប៉ះពាល់ និងស្ថានភាពជាក់ស្ដែងរបស់អតិជនម្នាក់ៗ នៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺCOVID-19នេះ ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។
សេចក្តីថ្លែងការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុ បានបញ្ជាក់ដូច្នេះថា៖«ដើម្បីទទួលបានការគាំទ្រ និងដំណោះស្រាយ ជាពិសេសការរៀបចំឥណទានឡើងវិញ អតិថិជនត្រូវទំនាក់ទំនងទៅគ្រឹះស្ថានដែលខ្លួនបានខ្ចីប្រាក់ ដើម្បីពិភាក្សាអំពីស្ថានភាព និងលទ្ធភាពដោះស្រាយនានាជាមួយនឹងបុគ្គលិកគ្រឹះស្ថាន។ អតិថិជនត្រូវផ្ដល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានដំណោះស្រាយសមស្រប និងឈ្នះឈ្នះទាំងអស់គ្នា ដើម្បីបន្តនិរន្តរភាពវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ»។
ដ្បិតគ្រឹះស្ថានហិរញ្ញវត្ថុ អាចជួយដោះស្រាយបញ្ហាលំបាកពលរដ្ឋ ដែលជួបវិបត្តិហិរញ្ញវត្ថុក្តី ប៉ុន្តែពលរដ្ឋដែលមិនរងផលប៉ះពាល់ខ្លាំង លើការរកស៊ី និងចំណូល ដោយសារបញ្ហារាតត្បាតជំងឺកូវីដ-១៩នេះវិញ គប្បីជួយសងត្រឡប់ទៅគ្រឹះស្ថានកម្ចី ដើម្បីអាចឱ្យស្ថាប័នរក្សានិរន្តភាពផងដែរ។
«ចំពោះអតិថិជន ដែលមិនទទួលរងផលប៉ះពាល់ ឬរងផលប៉ះពាល់តិចតួច ហើយមានសមត្ថភាពសងត្រឡប់វិញនោះ សមាគមសូមធ្វើការលើកទឹកចិត្តដល់អតិថិជន ឱ្យបន្តការបង់សងត្រឡប់តាមធម្មតា ដោយទុកអាទិភាពឱ្យគ្រឹះស្ថាននីមួយៗ យកលទ្ធភាពដែលខ្លួនមាន ទៅជួយដល់អតិថិជន ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ក្នុងកាលៈទេសៈនេះ ការប្រកាន់ភាពស្មោះត្រង់ និងការផ្ដល់សម្បទានទៅអ្នកដែលលំបាកខ្លាំង គឺជាកាយវិការសប្បុរស ដែលនឹងទទួលបាននូវការគោរព»។ នេះជាការបញ្ជាក់របស់សមាគមមីក្រូហិរញ្ញវត្ថុ ដែលបានបន្ថែមថា សមាជិកខ្លួន នឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីឆ្លើយតបនឹងការគាំទ្រអតិថិជន តាមរយៈលទ្ធភាពរៀងខ្លួន ដើម្បីធនានិរន្តភាព និងការផ្ដល់សេវាហិរញ្ញវត្ថុដល់អតិថិជន។
បើតាមសមាគមមីក្រូហិរញ្ញវត្ថុ ការរកដំណោះស្រាយដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវរវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងអតិថិជន នឹងអាចធានាបាននូវស្ថិរភាពវិស័យហិរញ្ញវត្ថុ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
កាលពីថ្ងៃទី២៧ មីនាកន្លងមក ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា «រៀបចំឥណទានឡើងវិញ» តាមរយៈការចរចារវាងស្ថាប័ន និងអតិថិជន ដើម្បីជួយសម្រួលដល់ការលំបាករបស់ពួកគេ ដែលកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុ ដោយសារផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩នេះ។ បើតាមធនាគារជាតិ អ្នកដែលប្រកបរបរអាជីវកម្មនៅក្នុងវិស័យចំនួន៤ ដែលគ្រឹះស្ថានប្រាក់កម្ចីទាំងនោះ ត្រូវយកចិត្តទុកដាក់ដោះស្រាយនោះ គឺទេសចរណ៍ កាត់ដេរ សំណង់ និងការដឹកជញ្ជូន៕
Tag:
ធនាគារ
មីក្រូហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com