COVID-19
ជាតិ
កម្ពុជា បន្តផ្អាកផ្តល់ទិដ្ឋាការ ដល់ភ្ញៀវមកពីប្រទេស៥ ដែលមានជំងឺកូវីដច្រើនជាងគេលើពិភពលោក ទិដ្ឋភាពរួមនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត៖ ទំព័រហ្វេសប៊ុកសា្ថនទូតអាឡឺម៉ង់ប្រចាំកម្ពុជា។
× ភ្នំពេញ៖ កម្ពុជា បន្តផ្អាកមិនឱ្យជនបរទេស ដែលមកពីអាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង និង អាល្លឺម៉ង់ ចូលកម្ពុជា។ បច្ចុប្បន្ន ប្រទេសទាំង៥នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេលើពិភពលោក។
សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញកាលពីថ្ងៃទី១៦មេសា បានឲ្យដឹងថា ការផ្អាកផ្តល់ទិដ្ឋាការដល់ជនបរទេសនៃប្រទេសទាំងនេះ នឹងបន្តអនុវត្តរហូតដល់ស្ថានភាពជំងឺកូវីដ-១៩ (COVID-19) មានលក្ខណៈធូរស្រាល ដោយមានការវាយតម្លៃរួមគ្នាពីក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO)។
ជាមួយគ្នានេះ ក្រសួងការបរទេស បានបញ្ជាក់ថា ការផ្អាកគោលការណ៍លើកលែងទិដ្ឋាការ ការផ្តល់ទិដ្ឋាការទេសចរណ៍ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រនិច (E-Visa) និង ទិដ្ឋាការនៅពេលមកដល់កម្ពុជា (Visa on Arrival) ក៏ដូចជាវិធានការសុខាភិបាលនានា រួមទាំងតម្រូវការវិញ្ញាបនបត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាព ត្រូវស្ថិតនៅជាធរមានបន្តទៅទៀត។
តួលេខលើគេហទំព័រ
https://www.worldometers.info/coronavirus/ នៅថ្ងៃទី១៧ ខែមេសា បង្ហាញថា អាមេរិក មានអ្នកឆ្លងជំងឺកូវីដ-១៩ ដល់ទៅជាង៦៨ម៉ឺននាក់ (ស្លាប់ជាង៣,៤ម៉ឺននាក់), អេស្ប៉ាញ មានអ្នកឆ្លងជាង១៨ម៉ឺនាក់ (ស្លាប់ជាង១,៩ម៉ឺននាក់), អ៊ីតាលី មានអ្នកឆ្លងជាង១៦ម៉ឺននាក់ (ស្លាប់ជាង២,២ម៉ឺននាក់), បារាំង មានអ្នកឆ្លងជាង១៦ម៉ឺននាក់ (ស្លាប់ជាង១,៧ម៉ឺននាក់), អាល្លឺម៉ង់ មានអ្នកឆ្លងជាង១៣ម៉ឺននាក់ (ស្លាប់ជាង៤ពាន់នាក់)។
កម្ពុជា បានចេញសេចក្តីប្រកាសលើកទី១ ស្តីពីការផ្អាកទទួលជនបរទេសពីអាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង និង អាល្លឺម៉ង់ ចូលកម្ពុជារយៈពេល៣០ថ្ងៃ គឺអនុវត្តពីថ្ងៃទី១៧ ខែមីនា ដល់ថ្ងៃទី១៥ ខែមេសា។ ប៉ុន្តែការផ្អាកនេះ ត្រូវបានបន្ត តាមរយៈសេចក្តីប្រកាសលើកទី២ ក្រោយមើលឃើញថា ស្ថានភាពជំងឺកូវិដ-១៩ នៅបណ្តាប្រទេសទាំងនោះ មិនទាន់ធូរស្រាល៕
Tag:
COVID-19
ផ្អាកទិដ្ឋាការ
© រក្សាសិទ្ធិដោយ thmeythmey.com