COVID-19
អន្តរជាតិ
លោក ពូ​ទីន និង​លោក ស៊ី ទាត់ចោល​ពាក្យរិះគន់​ចិន​ពាក់ព័ន្ធ​ការ​លាក់បាំង​ព័ត​មាន​ជុំវិញ COVID-19
17, Apr 2020 , 6:29 pm        
រូបភាព
ប្រធានាធិបតីចិនស៊ី ជិនភីង (ខាងឆ្វេង) និយាយជាមួយសមភាគីរុស្ស៊ី វ្លាឌីមៀ ពូទី។ រូបភាព៖ Reuters
ប្រធានាធិបតីចិនស៊ី ជិនភីង (ខាងឆ្វេង) និយាយជាមួយសមភាគីរុស្ស៊ី វ្លាឌីមៀ ពូទី។ រូបភាព៖ Reuters
​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​សម​ភាគី​ចិន ស៊ី ជិន​ភីង នា​ថ្ងៃទី​១៦ ខែមេសា បាន​ទាត់ចោល​ពាក្យសម្តី​របស់លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ដែលថា ចិន​ពន្យារពេល​ប្រាប់​ពិភពលោក​ជុំវិញ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ 


 
​តាមរយៈ​កិច្ចសន្ទនា​ជាមួយ​សម​ភាគី​ចិន​លោក ស៊ី ជិន​ភីង លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ការប៉ុនប៉ង​ពី​សំណាក់​មនុស្ស​មួយចំនួន ក្នុងការ​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​ចិន ជុំវិញ​ដើមកំណើត​នៃ​កូ​រ៉ូ​ណាវី​រុស គឺ​មិនអាច​ទទួលយក​បានឡើយ​»​។ ការលើកឡើង​របស់លោក​ពូ​ទីន​បែបនេះ គឺ​ទំនងជា​ចង់​សំដៅ​ដល់​ប្រធានាធិបតី ដូ​ណាស់ ត្រាំ ដែល​កន្លងមក​បាន​ចោទ​ចិន​ថា បាន​ពន្យារពេល​ប្រាប់​ពិភពលោក​អំពី COVID-19 ។ លោក ត្រាំ ថែមទាំង ឲ្យ​គេ​ស៊ើបអង្កេត​ពី​ដើមកំណើត​កូ​រ៉ូ​ណាវី​រុស ថា តើ​ចេញពី​មន្ទីរ​ពិសោធ​នៅក្នុង​ទីក្រុង​វូ​ហាន ឬ​អត់​ថែមទៀត​។ 
 
​ក្នុង​កិច្ចសន្ទនា​ដដែល​នេះ លោក ស៊ី ក៏បាន​លើកឡើង​ដែរ​ថា ការព្យាយាម​ធ្វើ COVID-19 ឲ្យ​ក្លាយជា​បញ្ហានយោបាយ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ហើយ​វា​នឹង​អាចធ្វើ​ឲ្យ​ស្ថានភាព​កូ​រ៉ូ​ណាវី​រុស កាន់តែ​អាក្រក់​ឡើង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua​។ 
 
​ក្រៅពី​បញ្ហា​ទាក់ទង​នឹង​អាមេរិក ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ទេ្វ​ភាគី​ផងដែរ ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ COVID-19​។ កិច្ចសហប្រតិបត្តិការ​នេះ ត្រូវបាន​ប្រមុខរដ្ឋ​ទាំងពីរ​ដាក់ឈ្មោះថា «​ដៃគូ​ជា​យុទ្ធសាស្ត្រ​»​។ ក្រោម​ការរួម​គ្នា​នេះ ចិន និង​រុស្ស៊ី នឹង​ផ្តោះ​ប្តូរ​អ្នកជំនាញ​របស់ខ្លួន ជួយ​គ្នា និង​ផ្គត់ផ្គង់​សម្ភារ​វេជ្ជសាស្ត្រ​ទៅវិញទៅមក ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ COVID-19​។ បន្ថែម​ពីលើ​នេះ ភាគី​ទាំងពីរ​ក៏បាន​បង្ហាញ​ពី​ទំនុកចិត្ត ក្នុងការ​យកឈ្នះ​ជំងឺ​រលាក​សួត​ថ្មី​នេះ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ រុស្ស៊ី​មាន​ករណី COVID-19 សរុប​ជាង ៣​ម៉ឺន​ករណី អ្នកស្លាប់​មាន​ចំនួន ២៧២​ករណី និង​អ្នកជា​សះស្បើយ​ចំនួន ២៥៩០​ករណី​។ ចំណែក​ចិន​វិញ ស្ថានភាព COVID-19 បាន​ធូរស្បើយ​ខ្លាំង​។ គិត​ត្រឹម​រយៈពេល​ដូចគ្នានេះ ចិន​មាន​ករណី COVID-19 សរុប​ចំនួន​ជាង ៨​ម៉ឺន​ករណី អ្នកស្លាប់​ជាង ៤​ពាន់​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​នៅ​ចិន ក៏មាន​ចំនួន​ច្រើន​ដែរ ពោល​គឺមាន​រហូតដល់​ទៅ​ជាង ៧៧០០០​នាក់​៕ 

Tag:
 ​រុស្ស៊ី​
  ចិន​
  អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com