COVID-19
អន្តរជាតិ
លោក ពូទីន និងលោក ស៊ី ទាត់ចោលពាក្យរិះគន់ចិនពាក់ព័ន្ធការលាក់បាំងព័តមានជុំវិញ COVID-19 ប្រធានាធិបតីចិនស៊ី ជិនភីង (ខាងឆ្វេង) និយាយជាមួយសមភាគីរុស្ស៊ី វ្លាឌីមៀ ពូទី។ រូបភាព៖ Reuters
× ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន ស៊ី ជិនភីង នាថ្ងៃទី១៦ ខែមេសា បានទាត់ចោលពាក្យសម្តីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលថា ចិនពន្យារពេលប្រាប់ពិភពលោកជុំវិញជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ។
តាមរយៈកិច្ចសន្ទនាជាមួយសមភាគីចិនលោក ស៊ី ជិនភីង លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានលើកឡើងយ៉ាងដូច្នេះថា៖ «ការប៉ុនប៉ងពីសំណាក់មនុស្សមួយចំនួន ក្នុងការបង្ខូចកេរ្តិ៍ឈ្មោះរបស់ចិន ជុំវិញដើមកំណើតនៃកូរ៉ូណាវីរុស គឺមិនអាចទទួលយកបានឡើយ»។ ការលើកឡើងរបស់លោកពូទីនបែបនេះ គឺទំនងជាចង់សំដៅដល់ប្រធានាធិបតី ដូណាស់ ត្រាំ ដែលកន្លងមកបានចោទចិនថា បានពន្យារពេលប្រាប់ពិភពលោកអំពី COVID-19 ។ លោក ត្រាំ ថែមទាំង ឲ្យគេស៊ើបអង្កេតពីដើមកំណើតកូរ៉ូណាវីរុស ថា តើចេញពីមន្ទីរពិសោធនៅក្នុងទីក្រុងវូហាន ឬអត់ថែមទៀត។
ក្នុងកិច្ចសន្ទនាដដែលនេះ លោក ស៊ី ក៏បានលើកឡើងដែរថា ការព្យាយាមធ្វើ COVID-19 ឲ្យក្លាយជាបញ្ហានយោបាយ នឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយវានឹងអាចធ្វើឲ្យស្ថានភាពកូរ៉ូណាវីរុស កាន់តែអាក្រក់ឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua។
ក្រៅពីបញ្ហាទាក់ទងនឹងអាមេរិក ភាគីទាំងពីរក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការទេ្វភាគីផងដែរ ដើម្បីប្រយុទ្ធប្រឆាំងជាមួយ COVID-19។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានប្រមុខរដ្ឋទាំងពីរដាក់ឈ្មោះថា «ដៃគូជាយុទ្ធសាស្ត្រ»។ ក្រោមការរួមគ្នានេះ ចិន និងរុស្ស៊ី នឹងផ្តោះប្តូរអ្នកជំនាញរបស់ខ្លួន ជួយគ្នា និងផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រទៅវិញទៅមក ដើម្បីទប់ស្កាត់ការរាតត្បាតនៃ COVID-19។ បន្ថែមពីលើនេះ ភាគីទាំងពីរក៏បានបង្ហាញពីទំនុកចិត្ត ក្នុងការយកឈ្នះជំងឺរលាកសួតថ្មីនេះផងដែរ។
សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ រុស្ស៊ីមានករណី COVID-19 សរុបជាង ៣ម៉ឺនករណី អ្នកស្លាប់មានចំនួន ២៧២ករណី និងអ្នកជាសះស្បើយចំនួន ២៥៩០ករណី។ ចំណែកចិនវិញ ស្ថានភាព COVID-19 បានធូរស្បើយខ្លាំង។ គិតត្រឹមរយៈពេលដូចគ្នានេះ ចិនមានករណី COVID-19 សរុបចំនួនជាង ៨ម៉ឺនករណី អ្នកស្លាប់ជាង ៤ពាន់ករណី។ ចំណែកអ្នកជាសះស្បើយនៅចិន ក៏មានចំនួនច្រើនដែរ ពោលគឺមានរហូតដល់ទៅជាង ៧៧០០០នាក់៕
Tag:
រុស្ស៊ី
ចិន
អាមេរិក
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com