COVID-19
ជាតិ
COVID-19៖ សះស្បើយ៥នាក់ទៀតនៅកម្ពុជាក្នុងនោះមានអាមេរិក២ ខ្មែរ១ អង់គ្លេស១ និងកាណាដា១
18, Apr 2020 , 7:22 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នាសន្និសីទសារព័ត៌មាន​កន្លងមក។ រូបថត Thmeythmey
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នាសន្និសីទសារព័ត៌មាន​កន្លងមក។ រូបថត Thmeythmey
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល នាព្រឹក​ថ្ងៃទី​១៨ ខែ​មេសា នេះ បាន​ប្រកាសពី​ករណីសះស្បើយ​៥នាក់​បន្ថែមទៀតពីជំងឺ COVID-19 នៅកម្ពុជា ដែល​ធ្វើឲ្យចំនួនអ្នកជាសះស្បើយ​សរុប​ឡើង​ដល់​១០៣នាក់ ក្នុងចំណោម​អ្នកជំងឺ​១២២នាក់។ អ្នកសះស្បើយ​ដែលត្រូវបាន​ប្រកាសនៅថ្ងៃនេះ មាន​អាមេរិក២នាក់ និងអង់គ្លេស១នាក់ ពី​នា​វា​ Viking Cruise Journey ១នាក់ជាបុរសកាណាដាដែលបម្រើ​ការនៅ​សាលាអន្តរជាតិមួយ​នៅកោះពេជ្យ និង​១នាក់ទៀត​ជាបុរសខ្មែរអាយុ​៣៨ឆ្នាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។



ជាមួយគ្នានេះផងដែរ ក្រសួងក៏បានប្រកាសថាកម្ពុជាមិនបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ឡើយ។ ដូច្នេះមានន័យថា ក្នុងរយៈពេល៦ថ្ងៃចុងក្រោយនេះ កម្ពុជារកមិនឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩នោះទេ។

ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាលធ្លាប់ព្រមានថា ប្រសិនបើពលរដ្ឋមិនបានអនុវត្តន៍វិធានអនាម័យឱ្យខ្ជាប់ខ្ជួន និងស្តាប់ការណែនាំនានារបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ឬទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ទេ នោះកម្ពុជានឹងឈានដល់ការចម្លងវីរុសកូរ៉ូណាប្រភេទថ្មីនេះនៅក្នុងសហគមន៍។

សូមជម្រាបថាគិតត្រឹមថ្ងៃទី១៨មេសា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១២២នាក់ ក្នុងរាជធានី-ខេត្តចំនួន១៣។ ក្នុងនោះ ភ្នំពេញ មាន២៨នាក់(សះស្បើយ១៧នាក់), ព្រះសីហនុ មាន៤០នាក់(សះស្បើយ៣៨នាក់), កំពង់ចាមមាន១៦នាក់(សះស្បើយទាំងអស់),បាត់ដំបង មាន៨នាក់(សះស្បើយ៧នាក់), សៀមរាប មាន៧នាក់(សះស្បើយ៥នាក់),ត្បូងឃ្មុំ មាន៤នាក់(ជាសះស្បើយទាំងអស់), កែប មាន៤នាក់(សះស្បើយ៣នាក់), បន្ទាយមានជ័យ មាន៤នាក់(សះស្បើយ៣នាក់), កំពង់ឆ្នាំង មាន៣នាក់(សះស្បើយ២នាក់), ព្រះវិហារមាន២នាក់(ជាសះស្បើយទាំងអស់), កំពត មាន២នាក់(ជាសះស្បើយទាំងអស់), កោះកុងមាន២នាក់(ជាសះស្បើយទាំងអស់) និងខេត្តកណ្តាលមាន២នាក់(ជាសះស្បើយទាំងអស់)៕

© រក្សាសិទ្ធិដោយ thmeythmey.com