COVID-19
អន្តរជាតិ
រដ្ឋាភិបាល​ជប៉ុន នឹង​ចែក​លុយ​៩៣០​ដុល្លារ​ជូន​ពលរដ្ឋ​គ្រប់រូប​នៅ​ខែឧសភា​
18, Apr 2020 , 9:54 am        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ (AFP)
នាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ (AFP)
ដោយ:
​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន លោក Taro Aso បានបញ្ជាក់​នៅ​ថ្ងៃទី​១៧ ខែមេសា​ថា ការផ្ដល់ប្រាក់​៩៣០​ដុល្លារ​សម្រាប់​មនុស្សម្នា​ក់ៗ​របស់​រដ្ឋាភិបាល គួរតែ​ត្រៀម​រួចរាល់​ត្រឹម​ខែឧសភា​ខាងមុខ​។ លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា ការឆ្លើយតប​លឿន​រហ័ស គឺមាន​សារសំខាន់​ក្នុងការ​បន្ធូរបន្ថយ​ការដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​បណ្ដាលមកពី COVID-19 ។​


 
​ថ្លែង​នៅ​សន្និសីទ​ព័ត៌មាន​មួយ លោក​រដ្ឋមន្ត្រី Taro Aso គូសបញ្ជាក់ថា ខណៈ​មនុស្ស​រាល់គ្នា នឹងមាន​សិទ្ធិ​ទទួលយក​ប្រាក់​៩៣០​ដុល្លារ​នេះ ពួកគេ​ក៏​នឹងត្រូវ​ការដាក់​ពាក្យសុំ​ផងដែរ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ការចែក​ប្រាក់​នេះ រំពឹង​ផ្ដល់ជូន​ជនបរទេស​ដែល​ទទួល​សិទ្ធិ​ស្នាក់នៅ​អចិន្ត្រៃយ៍​ក្នុងប្រទេស​ជប៉ុន ក៏ដូចជា​ពលរដ្ឋ​ជប៉ុន​។
 
«​យើង​ជឿជាក់ថា ល្បឿន​គឺមាន​សារសំខាន់​ណាស់​។ ខ្ញុំ​គិតថា យើង​អាច​សម្រេច​គោលដៅ​នេះ​បាន​នា​ខែឧសភា​»​។ លោក រដ្ឋមន្ត្រី Aso បញ្ជាក់​បែបនេះ​។ ការប្រកាស​របស់លោក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ជប៉ុន​រូបនេះ ធ្វើឡើង​មួយថ្ងៃ​ក្រោយ​លោកនាយក​រដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ បានប្រកាស​ឲ្យ​ព​ន្លឿ​ន​គម្រោង​ផ្ដល់ប្រាក់​ជូន​ពលរដ្ឋ​ជប៉ុន​នេះ​។ 
 
​ដំបូង​ឡើយ លោក អា​បេ មាន​គម្រោង​ផ្ដល់ប្រាក់​រហូតដល់​ជាង​២៧៨៣​ដុល្លារ​ជូន​ដល់​គ្រួសារ​ជប៉ុន​ដែល​រងគ្រោះ​។ តែ​ផែនការ​នេះ​រង​ការរិះគន់​ពី​សំណាក់​សម្ព័ន្ធភាព​បក្ស​កាន់អំណាច​ដោយ​អះអាងថា​វា​នៅ​ពុំទាន់​គ្រប់គ្រាន់​ឡើយ​សម្រាប់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​COVID-19​។  
​ជាមួយ​ករណី​ឆ្លង​សរុប​ឡើងដល់​ជាង​៩០០០​ករណី ហើយ​អ្នកស្លាប់​ជិត​២០០​នាក់ លោក ស៊ិន​ហ្សូ អា​បេ នៅ​ថ្ងៃទី​១៦ ខែមេសា បានសម្រេច​ដាក់​ប្រទេស​ទាំងមូល​ក្នុងស្ថានភាព​អាសន្ន ក្នុង​បំណង​ពន្យឺត​ការឆ្លង​ជំងឺ​COVID-19​។ ការប្រកាស​ដាក់​ប្រទេស​ទាំងមូល ក្នុងស្ថានភាព​អាសន្ន​បែបនេះ នឹង​អនុញ្ញាត​ឲ្យ​អភិបាល​តំបន់ អំពាវនាវ​ឲ្យ​មនុស្ស​ស្ថិតនៅ​ក្នុងផ្ទះ ក៏ប៉ុន្តែ​ពុំមាន​ការដាក់ពិន័យ​អ្វី​ឡើយ​។ វិធាន​ការដែល​គេ​ឃើញថា អនុវត្ត​នៅ​ជប៉ុន មាន​សភាព​ធូរស្រាល​ជាង​ប្រទេស​ដទៃ​៕
 
 

Tag:
 ជប៉ុន​
  COVID-19
  Taro Aso
  ស៊ិន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com