ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោកគ្រូ​កង នួន ភារ​ម្យ​៖ ឯកទេស​កុលាលភាជន៍ ខ្សត់​អ្នករៀន​ខ្លាំង​
18, Apr 2020 , 10:29 am        
រូបភាព
លោក កង នួនភារុំ គ្រូឯកទេសកុលាលភាជន៍ នៅសាលាមធ្យមវិចិត្រសិល្បៈ
លោក កង នួនភារុំ គ្រូឯកទេសកុលាលភាជន៍ នៅសាលាមធ្យមវិចិត្រសិល្បៈ
​ភ្នំពេញ​៖ លោក កង នួន​ភា​រុំ គ្រូ​ឯកទេស​កុលាលភាជន៍ នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ឯកទេស​កុលាលភាជន៍ មិនសូវមាន​សិស្ស​រៀន​ឡើយ​។ បើតាម​លោកគ្រូ នួន​ភា​រុំ មាន​សិស្ស​រៀន​តែ​៧​នាក់​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ដោយ​បូកសរុប​សិស្ស​រៀន​៤​កម្រិត​ចូលគ្នា គឺ​មានន័យថា នៅ​ឆ្នាំ​ទី​២​មាន​សិស្ស​រៀន​២​នាក់ នៅ​ឆ្នាំ​ទី​៤ មាន​សិស្ស​រៀន​២​នាក់ ហើយ​នៅ​ឆ្នាំ​ទី​៥ មាន​សិស្ស​រៀន​២​នាក់ និង​ឆ្នាំ​ទី​៦ មាន​សិស្ស​រៀន​តែ​ម្នាក់​តែប៉ុណ្ណោះ នេះ​សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០​។​


 
​កុលាលភាជន៍ គឺ​ភាជន៍​ដី ចាន ឆ្នាំង ឬ​ក្អម​ដែល​ធ្វើ​ដោយ​ដី​។ ហេតុផល​ដែលនាំឱ្យ​ឯកទេស​មួយ​នេះ មិនសូវ​ទទួលបាន​ចំណាប់អារម្មណ៍​ពី​សិស្ស ទំនង​មកពី​ទីផ្សារការងារ​លើ​ឯកទេស​នេះ​ចង្អៀត​។ ម្យ៉ាងវិញទៀត ប្រជាជន​ខ្មែរ ក៏​មិនសូវ​និយម​ប្រើ​ផលិតផល​ចេញពី​សាលា ដែលមាន​គុណភាព​ខ្ពស់ ព្រោះ​អាច​ថា មកពី​វា​មានតម្លៃ​ថ្លៃ​។ បើតាម​លោក កង នួន​ភា​រុំ បញ្ជាក់ប្រាប់​បន្ថែមថា ប្រជាជន​ខ្មែរ​ភាគច្រើន ដែល​ទិញ​កុលាលភាជន៍​ពី​ស្នាដៃ​សិស្ស ឬ​ជា​ស្នាដៃ​ដែល​ចេញពី​ការហ្វឹកហាត់​តាម​ក្បួនខ្នាត​ច្បាស់លាស់ ច្រើនតែ​យកទៅ​តាំង​លម្អ​ក្នុងផ្ទះ​។ បើ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​វិញ ប្រជាជន​ខ្មែរ​ចូលចិត្ត​ទិញ​កុលាលភាជន៍ ធ្វើ​នៅ​ខេត្តកំពង់ឆ្នាំង ដែលជា​ការចេះ​តៗ​គ្នា ព្រោះ​វា​មានតម្លៃ​ទាប​។ 
 
​ដើម្បី​ជ្រាប​ច្បាស់​ពី​ដំណាក់កាល​នីមួយៗ នៃ​ការធ្វើ​កុលាលភាជន៍​តាម​ក្បួនខ្នាត តទៅ​នេះ​សូម​ទស្សនា​វីដេអូ ដែល​លោក កង នួន ភារ​ម្យ នឹង​បង្ហាញ​៖
 

 
​លោក កង នួន ភារ​ម្យ ពន្យល់​ដូច្នេះ​៖«​ជាទូទៅ​ខ្មែរ​យើង គាត់​មិនសូវ​ដឹងថា នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ មាន​បង្រៀន​ឯកទេស​កុលាលភាជន៍​ទេ​។ តែ​ខ្មែរ​យើង​ភាគច្រើន ដឹងថា​នៅ​ខេត្តកំពង់ឆ្នាំង មាន​ការធ្វើ​ក្អមឆ្នាំង​ពី​ដី​។ សាលា​យើង មានការ​បង្រៀន​តាម​ក្បួនខ្នាត និង​ក្បាច់​ពី​បុរាណ​ត្រឹមត្រូវ​។ ដូច្នេះ​សិស្ស​ត្រូវការ​ពេល​យូរ​ឆ្នាំ ទម្រាំ​ចេះ​ហើយ​អាចធ្វើ​បានល្អ​។ ហើយ​នៅពេលដែល​គាត់​(​សិស្ស​)​ធ្វើ​លក់ ក៏មាន​តម្លៃ​រៀង​ថ្លៃ​ជាង​ទីផ្សារ​បន្តិច​ដែរ​។ អ៊ីចឹង​បាន​ពេលដែល​គេ​ទិញ ភាគច្រើន​គេ​យកទៅ​តាំង​លម្អ​ក្នុងផ្ទះ​។ ហើយ​គេ​ទិញ​ផលិតផល​ពី​ខេត្តកំពង់ឆ្នាំង យកមកប្រើ​ប្រាស់​ប្រចាំថ្ងៃ​វិញ​»​។​


 
​បើតាម​លោក កង នួន​ភា​រុំ គ្រូ​ឯកទេស​កុលាលភាជន៍ នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ ការធ្វើ​កុលាលភាជន៍​តាម​ក្បួនខ្នាត និង​ក្បាច់​ពី​បុរាណ មាន​ដំណាក់កាល​ច្រើន រួមទាំង​ត្រូវការ​បច្ចេកទេស​ច្បាស់លាស់​ផងដែរ​។ ជាង​នោះ​ទៅទៀត ដី​ដែល​ត្រូវ​យកមក​ធ្វើ កុលាលភាជន៍ ត្រូវតែ​យកមក​ពី​ខេត្តកំពង់ឆ្នាំង ពោលគឺ​ពី​ភ្នំ​ក្រាំង​ដី​មាស​៕
 

Tag:
 កុលាលភាជន៍​
  សិល្បៈ​
 ​សាលា​មធ្យម​វិចិត្រសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com