អន្តរជាតិ
អ្នកជំនាញ​អប់រំ​ស្នើ​ចាត់វិធានការ​រួមគ្នា​ទ​ប់​ស្កាត់​ការរើសអើង​អាស៊ី​អាមេរិកាំង​ដោយសារ​កូ​វីដ​១៩
18, Apr 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ សមាជិកនៃគណៈកម្មការអាស៊ីអាមេរិកាំងប្រចាំរដ្ឋ Massachusetts ប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខការិយាល័យសមាជិករដ្ឋសភាប្រចាំរដ្ឋ អំពីបញ្ហារើសអើងលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ក្នុងអំឡុងរោគរាតត្បាតកូវីដ១៩ នៅទីក្រុង Boston កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០
រូបឯកសារ៖ សមាជិកនៃគណៈកម្មការអាស៊ីអាមេរិកាំងប្រចាំរដ្ឋ Massachusetts ប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខការិយាល័យសមាជិករដ្ឋសភាប្រចាំរដ្ឋ អំពីបញ្ហារើសអើងលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ក្នុងអំឡុងរោគរាតត្បាតកូវីដ១៩ នៅទីក្រុង Boston កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០
ដោយ: VOA
​វ៉ាស៊ីនតោន ៖ ក្រុម​អ្នកជំនាញ​វិស័យ​អប់រំ​សិក្សាធិការ​នៃ​សាកលវិទ្យាល័យ​ធំៗ នៅ​សហរដ្ឋអាមេរិក បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​អំពើហិង្សា និង​ការរើសអើង ដែល​បាន​កើតមាន​ឡើងលើ​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​កាន់តែ​ច្រើនឡើង ក្នុង​គ្រា​ដែល​វីរុស​កូ​រ៉ូ​ណា​កំពុងតែ​រាលដាល​នៅ​សហរដ្ឋអាមេរិក​។​

 
​នៅក្នុង​ការជួបប្រជុំ តាម​បណ្តាញ​អន​ឡាញ កាលពីដើម​ខែមេសា ពួកគេ​បានស្នើ​ឱ្យ​សហគមន៍​នានា​ក្នុង​សហរដ្ឋអាមេរិក ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ជាពិសេស​ដើម្បី​កុំឱ្យ​វា​បន្ត​រាលដាល​ដល់​គ្រឹះស្ថានសិក្សា​ក្នុងពេល​ខាងមុខ​។​
 
​លោក ភី​ថឺ តាន់​កែវ អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​កែប្រែ​សាលារៀន​នៃ​សាកលវិទ្យាល័យ​រដ្ឋកា​លី​ហ្វ​ញ៉ា ប្រចាំ​នៅ​ក្រុង ឡូ​សអាន់​ជឺ​ឡេស យល់ថា ពលរដ្ឋ​អាស៊ី​ត្រូវបាន​គេ​ប្រើ​ជា​លេស ដើម្បី​ទម្លាក់កំហុស​ដាក់ ក្នុង​គ្រា​មានការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​។​
 
«​ជំងឺ​កូ​វីដ​១៩ បាន​បង្កបញ្ហា​ប្រឈម​ដល់​យើង​ជាច្រើន​។ មានការ​អន្ទះសារ និង​ការព្រួយបារម្ភ​សុខភាព​។ ជំងឺ​កូ​វីដ​១៩​ក៏បាន​ប៉ះពាល់​ដល់​សហគមន៍​អាស៊ី​អាមេរិកាំង​ផងដែរ ហើយ​ក៏មាន​សញ្ញា​យ៉ាងច្បាស់​ថា ជាការ​ប្រកាន់ពូជសាសន៍​ប្រឆាំងនឹង​អាស៊ី​»​។​
 
​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ជាច្រើន បាន​រង​ការវាយប្រហារ​លើ​រាងកាយ និង​ពាក្យសម្តី​ទាំង​នៅក្នុង​ជីវភាព​ធម្មតា និង​តាម​បណ្តាញ​សង្គម ហើយក៏​មានការ​ចៀសវាង​ហាង​លក់ទំនិញ និង​ភោជនីយដ្ឋាន​អាស៊ី​ផងដែរ​។​
 
 
​គេហទំព័រ​ក្រុមប្រឹក្សា​ផែនការ និង​គោលនយោបាយ​អាស៊ី​ប៉ាស៊ីហ្វិក (Asian Pacific Policy and Planning Council) ដែល​តាមដាន​ហិង្សា​ដែល​បាន​កើតមាន​ក្នុងអំឡុង​ការឆ្លង​ជំងឺ​កូ​វីដ​១៩ បាន​ចងក្រង​នូវ​ករណី​ចំនួន​ជាង ១.១០០​ករណី ក្នុង​រយៈពេល​ពីរ​សប្តាហ៍ កាលពី​ចុងខែ​មីនា រហូតដល់​ដើមខែ​មេសា​។​
 
​ក្នុងចំណោម​ជនរងគ្រោះ​ទាំងអស់ គឺ​ស្ត្រី​មាន​ចំនួន​ច្រើនជាង​បុរស ដល់​ទៅ​ពីរដង​។ ពួកគេ​ត្រូវ​រង​ការប្រមាថ​នៅ​ហាង​លក់​ម្ហូបអាហារ ឱសថស្ថាន និង​សង្កាត់​ដែល​ពួកគេ​រស់នៅ​។​
 
​អ្នកស្រី ណែន​ស៊ី គូ​ទឺ​រេស (Nancy B. Gutierrez) ជា​ប្រធាន​និង​នាយក​នៃ​បណ្ឌិតសភា​ភាពជា​អ្នកដឹកនាំ​នៃ​ទីក្រុង​ញ៉ី​វ​យ៉​ក យល់ថា ពលរដ្ឋ​អាស៊ី​អាមេរិកាំង​មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់​ច្រើន​ទេ នៅពេលដែល​និយាយ​ដល់​សមភាព និង​ការស្វែងរក​គន្លឹះ​ដោះស្រាយ​បញ្ហា​។ ក្នុងពេល​កន្លងមក ចំណាប់អារម្មណ៍​ផ្តោត​សំខាន់​លើ​ក្រុម​ពលរដ្ឋ​ស្បែក​ខ្មៅ និង​អាមេរិកាំង​ដើមកំណើត​អេ​ស្ប៉ា​ញ​ជាដើម ហើយ​នេះ​ក៏​ជា​ដើមចម​នៃ​ការ​ឈានទៅ​ការរើសអើង នៅពេល​មាន​វិបត្តិ​ដូចនេះ​។​
 
​អ្នកស្រី ណែន​ស៊ី បាន​បន្ថែមថា ទន្ទឹមនឹងនោះ​គឺ​ពលរដ្ឋ​អាមេរិកាំង​មាន​ទម្លាប់​ទម្លាក់កំហុស​លើ​អ្នកដទៃ ពេលដែល​មានរឿង​រ៉ាវ​មិនល្អ​កើតឡើង​។​
 
«​លោកអ្នក​ដឹង​ហើយ​ថា យើង​ខ្លាច​ពេក​រហូតដល់​មិន​ហ៊ាន​កាន់​កញ្ចក់​ឆ្លុះ​មើល​ខ្លួនឯង​ដល់​អីចឹង​ទៅ​យើង​ចាប់ផ្តើម​ចង្អុល​អ្នកដទៃ​។ រឿងនេះ​គឺ​ដូចជា​ពេលដែល​សិស្ស​បឋមសិក្សា ដែល​ចូលរៀន​ថ្នាក់មធ្យមសិក្សា ហើយ​បែរជា​មក​បន្ទោស​គ្រូ​ថា​អន់​។ វា​ជា​និន្នាការ​របស់​យើង ដែល​យក​អ្នកដទៃ​មក​រង​ទោស​ជំនួស ហើយ​ក្នុងករណីនេះ គឺ​បន្ទោស​ពលរដ្ឋ​អាស៊ី​អាមេរិកាំង​យ៉ាង​អយុត្តិធម៌​»​។​
 
​ជំងឺ​កូ​វីដ​១៩​បានសម្លាប់​ពលរដ្ឋ​អាមេរិកាំង​ជាង ៣៣.០០០ នាក់ និង​មាន​អ្នក​ឆ្លង​សរុប​ជាង ៦៧ ម៉ឺន​នាក់​។ នេះ​បើតាម​ការ​ចងក្រង​រប​ស់​សាកលវិទ្យាល័យ​សុខាភិបាល​ច​ន​ហប់​គីន (Johns Hopkins University and Medicine) គិត​ត្រឹម​ថ្ងៃ​សុក្រ​។ ជំងឺ​នេះ​មាន​ប្រភព​មកពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​ដែល​ធ្វើឱ្យ​អ្នកខ្លះ​ជះ​កំហឹង និង​ស្អប់ខ្ពើម​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​។​
 
​លោក​សាស្ត្រាចារ្យ ផេ​ដ្រូ ណូ​ហ្គឺ​រ៉ា (Pedro Noguera) នាយក​នៃ​មជ្ឈមណ្ឌល​កែប្រែ​សាលារៀន​នៃ​សាកលវិទ្យាល័យ​រដ្ឋកា​លី​ហ្វ​ញ៉ា ប្រចាំ​នៅ​ក្រុង ឡូ​សអាន់​ជឺ​ឡេស យល់ថា អំពើហិង្សា​និង​ការរើសអើង​នេះ មិនមែនជា​រឿង​ចៃដន្យ​ទេ គឺ​វា​បាន​ចាក់ឫស​យ៉ាងជ្រៅ​ជា​យូរ​មកហើយ ជាពិសេស ការ​ប្រឆាំងនឹង​ជនអន្តោប្រវេសន៍​។​
 
​លោក ណូ​ហ្គឺ​រ៉ា បាន​បន្ថែមថា វោហា​សាស្ត្រ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ដែលមាន​ដូចជា​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​រដ្ឋមន្ត្រីការបរទេស​បាន​បន្ថែម​បន្ទុក ដោយសារតែ​ការហៅ​វីរុស​កូ​រ៉ូ​ណា​ថា​ជា​ជា​វីរុស​ចិន ឬ​វីរុស​វ៉ូ​ហាន​។​
 
​លោក​សាស្ត្រាចារ្យ ណូ​ហ្គឺ​រ៉ា បានផ្តល់​ដំណោះស្រាយ​ថា​៖ «​ខ្ញុំ​គិតថា វា​ជា​រឿង​សំខាន់​ណាស់​ដែល​យើងទាំងអស់គ្នា និង​ជាពិសេស​អ្នក​ដែល​មិនមែន​អាស៊ី ឱ្យ​ហ៊ាន​និយាយ​ចេញ និង​និយាយឱ្យចំ​បញ្ហា​និង​ទទួលស្គាល់ថា​ការ​លម្អៀង​ដូចនេះ គឺមាន​គ្រោះថ្នាក់​ណាស់ និង​អាចមាន​ផលប៉ះពាល់​ច្រើន​។ ប៉ុន្តែ រឿង​ដែល​សំខាន់​នោះ​គឺ​ការ​បង្វែរ​ចំណាប់អារម្មណ៍​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​យើង​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​។ យើង​ត្រូវតែ​ធ្វើឱ្យ​ប្រាកដថា ក្នុងពេលដែល​យើង​ដោះស្រាយ​ជំងឺ​រាតត្បាត​នេះ គឺ​យើង​កុំ​ងាក​មក​ឈ្លោះ​គ្នា ហើយ​យើង​កុំ​ទម្លាក់កំហុស​លើ​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ​»​។​
 
​លោក ថូ​មមី ឆាង ជា​អតីត​អ្នកគ្រប់គ្រង​នៃ​សាលា​សាធារណៈ​ទីក្រុង បូ​ស្តុ​ន និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​នៃ​កម្មវិធី​សាលារៀន​សាធារណៈ​ទូទៅ​។ លោក​គឺជា​វាគ្មិន​ដែល​មកពី​សហគមន៍​អាស៊ី​អាមេរិកាំង​។​
 
​លោក ថូ​មមី បាន​ខិតខំ​បន្ធូរបន្ថយ​ស្ថានការណ៍​ខ្លះ​ពី​វាគ្មិន​ខាងដើម ដោយ​លើកឡើងថា​មិន​ត្រឹមតែ​ពលរដ្ឋ​អាស៊ី​ទេ គឺ​អ្នក​ស្បែក​ខ្មៅ​និង​អាមេរិក​ឡាទីន ក៏ត្រូវ​បាន​គេ​ផាត់​ចេញពី​ការពិភាក្សា​ដែរ ដោយ​យក​លេស​ថា «​មិនមែន​អាមេរិកាំង ឬ​មិនទាន់​ល្អ​គ្រប់គ្រាន់​»​។​
 
​ប៉ុន្តែ លោក ថូ​មមី យល់ស្រប​ថា ការ​ហ៊ាន​បង្ហាញ​ពី​អំពើ​អយុត្តិធម៌​ក្នុងសង្គម​គឺ​ត្រូវតែ​ធ្វើ​។​
 
«​ខ្ញុំ​គិតថា មាន​និន្នាការ​ដែល​បណ្តាលមកពី​វិធី​ដែល​យើង​ធំធាត់​ឡើង និង​អ្វីដែល​បាន​បណ្តុះ​ក្នុង​ខ្លួន​យើង​ឱ្យ​ងាក​ចេញពី​ក្មេង​ដទៃ និង​មិន​ហ៊ាន​និយាយ នៅពេល​ដែលមាន​អំពើ​អយុត្តិធម៌​កើតឡើង​។ យើង​ត្រូវតែ​ប្រយុទ្ធ​នឹង​និន្នាការ​នោះ ហើយ​ក្នុងនាម​ជា​មេដឹកនាំ​សហគមន៍​អាស៊ី​អាមេរិកាំង ខ្ញុំ​ក៏​ទទួលខុសត្រូវ​ក្នុងការ​និយាយ និង​ដើរតួ​ជា​សំឡេង​ដ៏​សកម្ម​មួយ​»​។​
 
​ក្រុម​វាគ្មិន​ក៏​អំពាវនាវ​ឱ្យ​មនុស្ស​គ្រប់រូប​ត្រូវតែ​ប្រុងប្រយ័ត្ន និង​តាមឃ្លាំមើល​ការប្រើប្រាស់​ភាសា ហើយ​ត្រូវ​ឈរលើ​ការពិត និង​ព័ត៌មាន​ដែល​ត្រឹមត្រូវ និង​អំពាវនាវ​ឱ្យ​មេដឹកនាំ​ខាង​ផ្នែក​អប់រំ​សិក្សាធិការ ត្រូវ​រៀបចំ​ដើម្បី​បង្កា​បញ្ហា​នេះ នៅពេលដែល​សាលារៀន​បើក​បវេសនកាល​ឡើងវិញ ដោយសារតែ​ក្មេងៗ​ខ្លះ​ប្រហែលជា​បានឮ​ពី​ឪពុកម្តាយ ឬ​បណ្តាញ​ព័ត៌មាន​ដោយ​កុំឱ្យ​វា​រាលដាល​ដល់​គ្រូ និង​សិស្ស​ដែលមាន​ដើមកំណើត​អាស៊ី ពីព្រោះ​បញ្ហា​នេះ​នឹងមិន​ទៅណា​បាត់​ភ្លាមៗ​ទេ​។​
 
​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្លាប់បាន​ប្រកាសថា ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ក្នុង​សហរដ្ឋអាមេរិក គឺ​មិនមែនជា​កំហុស​ពលរដ្ឋ​អាស៊ី​អាមេរិកាំង​ទេ ហើយ​ថា​ជាការ​ចាំបាច់​ដែល​ត្រូវការពារ​សហគមន៍​អាស៊ី​អាមេរិកាំង​នៅ​សហរដ្ឋអាមេរិក​។​
 
​លោក អែន​ឌ្រូ យ៉ែ​ង អតីត​បេក្ខជន​ប្រធានាធិបតី​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ ដែលមាន​ដើមកំណើត​អាស៊ី បានចាត់ទុក​ហិង្សា​ទាំងនោះ​ថា ជា​បាតុភូត​មួយ​គួរឱ្យ​ខកចិត្ត​។​
 
​នៅក្នុង​បទ​សម្ភាស​ជាមួយនឹង​បណ្តាញ​ទូរទស្សន៍ ស៊ី​អឹ​ន​អឹ​ន កាលពីដើម​ខែមេសា​នេះ លោក​បញ្ជាក់ថា ក្នុងនាម​ជា​ពលរដ្ឋ​អាមេរិកាំង គឺ​គ្រប់គ្នា​មាន​កង្វល់​ពី​អនាគត និង​គិតថា​តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​គ្រួសារ​របស់​ពួកគេ ដូច​ពលរដ្ឋ​អាមេរិកាំង​គ្រប់ៗ​គ្នា​ដែរ​។ ប៉ុន្តែ​បែរជា​ត្រូវ​បន្ថែម​ការកើនឡើង​ភាព​ប្រ​ទុ​ស្ត​រ៉ា​យ និង​អ​រី​យ​ភាព​ដែលមាន​ចំពោះ​ពលរដ្ឋ​អាស៊ី​អាមេរិកាំង​ទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com