COVID-19
ជាតិ
សាលា​រាជធានី​ទទួលបាន​ជំនួយ​អភិវឌ្ឍន៍ និង​ជំនួយ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ពី​សមាគម A.I.M.F.
18, Apr 2020 , 10:47 am        
រូបភាព
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ
​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (A.I.M.F.) បានអនុម័ត​គម្រោង​ផ្តល់​ថវិកា​សម្រាប់​ការសាងសង់​មជ្ឈមណ្ឌល​ប្រព្រឹត្ត​កម្ម​សំណល់​ភក់​បង្គន់​នៅ​រាជធានី​ភ្នំពេញ និង​គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​ការប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។ សេចក្តីសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៩១ (​កិច្ចប្រជុំ​អន​ឡាញ​-VideoConference) នៃ​ការិយាល័យ​អចិន្ត្រៃយ៍​របស់​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​នា​ល្ងាច​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០២០​នេះ ដែល​ត្រូវបាន​ដឹកនាំ​ដោយ​លោកស្រី Anne Hildago ដែល​ប្រធាន​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង និង​ជា​អភិបាលក្រុង​ប៉ារីស​។​

 
​សាលា​រាជធានី​ភ្នំពេញ​បានទទួល​ជំនួយ​លើ​គម្រោង​ចំនួន​ពីរ​ពី​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (A.I.M.F.)​។ ជំនួយ​ទាំងនេះ​ត្រូវបាន​អនុម័ត​ក្រោម​ទិដ្ឋភាព​នៃ​បុព្វហេតុ​សាមគ្គីភាព​រវាង​ទីក្រុង និង​ទីក្រុង ក្នុង​ក្របខ័ណ្ឌ​សមាគម A.I.M.F.​។​
 
​ជំនួយ​ទីមួយ គឺជា​ថវិកា​ជំហាន​ទី​១​ដែលមាន​តម្លៃ​ជាង​១៦​ម៉ឺន​ដុល្លារ ដែល​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការកសាង​មជ្ឈមណ្ឌល​ប្រព្រឹត្ត​កម្ម​សំណល់​ភក់​បង្គន់​នៅក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម​សេចក្តី​ជូន​ព័ត៌មាន​នៃ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​។ លោក នួន ផា​រ័ត្ន ត្រូវបាន​ចាត់ជា​តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​កិច្ចប្រជុំ​អចិន្ត្រៃយ៍​សមាគម (A.I.M.F.) នេះ​។​
 
​គ្រោង​សាងសង់​មជ្ឈមណ្ឌល​ប្រព្រឹត្ត​កម្ម​សំណល់​ភក់​បង្គន់​ក្នុង​រាជធានី​ភ្នំពេញ​មានតម្លៃ​សរុប​ប្រមាណ​១,៩​លាន​ដុល្លារ ដែល​នឹងត្រូវ​ផ្តល់ជំនួយ​ដោយ​សមាគម A.I.M.F, សហជីព​អន្តរ​តំបន់ ដើម្បី​គ្រប់គ្រង​អនាម័យ​សាធារណៈ ក្នុង​តំបន់​ទីក្រុង​ប៉ារីស​, ទឹកប្រាក់​ជំនួយ​តាម​ការគ្រោងទុក​ដោយ​ទីភ្នាក់ងារ​គ្រប់គ្រង​ទឹក​នៅ​តំបន់​សែន​ន័​រម៉ង់​ឌី រួមទាំង​ថវិកាបដិភាគ​របស់​សាលា​រាជធានី​ភ្នំពេញ​។ 
 
​ចំណែកឯ​ជំនួយ​ទី​ពីរ បើ​យោងតាម​សេចក្តីជូនដំណឹង​នោះ​ដដែល គឺជា​ជំនួយ​បច្ចេកទេស និង​សម្ភារ​ដែលមាន​តម្លៃ​សរុប​ជាង ៧៦០០០​ដុល្លារ ជា​មូលនិធិ​សហប្រតិបត្តិការ​របស់​សមាគម A.I.M.F ដែល​នឹងត្រូវ​ប្រើ​ដើម្បី​លើកកម្ពស់​សមត្ថភាព​ប្រយុទ្ធប្រឆាំង និង​ដោះស្រាយ​វិបត្តិ​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ​។ ជំនួយ​នេះ គឺជា​ការបន្ថែម​លើ​ថវិកា​ជិត ១១​ម៉ឺន​ដុល្លារ ពី​មូលនិធិ​មី​លិ​ន​ដា និង ហ្គេ​ត ដែល​សាលា​រាជធានី​បានស្នើ​សុំ សម្រាប់​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។​


 
​កិច្ចប្រជុំ អន​ឡាញ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ A.I.M.F. បាន​ពិភាក្សា និង​អនុម័ត​លើ​របៀប​វាៈ​ចំនួន​៦​ដែល​រួមមាន​៖ ១. ការធ្វើ​បច្ចុប្បន្នភាព​សមាជិកភាព​, ២. ការអនុម័ត​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ការិយាល័យ​អចិន្ត្រៃយ៍​លើក​ទី​៩០ ដែល​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩, ៣. យុទ្ធសាស្ត្រ​នៃ​ការគ្រប់គ្រង​វិបត្តិ​កូ​វីដ​-១៩, ៤. គំរោង​ថ្មីៗ នៃ​មូលនិធិ​សហប្រតិបត្តិការ​, ៥. សេចក្តីរាយការណ៍​រប​ស់អគ្គ​លេខាធិការ​សមា​គម A.I.M.F.
​និង ទី​៦. សេចក្តីរាយការណ៍​អំពី​ការបិទបញ្ជី​គណនេយ្យ​ប្រតិបត្តិការ​ប្រចាំឆ្នាំ គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ​២០១៩​។​
 
​គួរ​រម្លឹក​ផងដែរ​ថា រាជធាន​ភ្នំពេញ​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​លើក​ទី​៩០ កាល​ចុងឆ្នាំ​២០១៩​កន្លងទៅ ដែល​បាន​អនុញ្ញាតឱ្យ​ទីក្រុង​ជាច្រើន​នៅលើ​ពិភពលោក​បាន​ស្គាល់​កម្ពុជា​កាន់តែច្រើន​និយាយ​ជារួម និង​ស្គាល់​រាជធានី​ភ្នំពេញ​និយាយ​ដោយឡែក​ដែល​បានប្រែក្លាយ​ពី​ទីក្រុង​ខ្មោច​កាលពី​ជាង​៤០​ឆ្នាំមុន​មកជា​ទីក្រុង​ទំនើប​ក្នុងពេល​បច្ចុប្បន្ន​៕ 





© រក្សាសិទ្ធិដោយ thmeythmey.com