COVID-19
កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍​កីឡាអត្តពលកម្ម​អន្តរជាតិ​ចំនួន​៤ ត្រូវបាន​ផ្អាក​ដោយសារ​កូ​វីដ​-១៩
18, Apr 2020 , 12:19 pm        
រូបភាព
(រូបតំណាង)សកម្មភាពកីឡាករកម្ពុជា(អាវក្រហម)ចូលរួមប្រកួត Marathon កន្លងទៅ
(រូបតំណាង)សកម្មភាពកីឡាករកម្ពុជា(អាវក្រហម)ចូលរួមប្រកួត Marathon កន្លងទៅ
ដោយ:
​ព្រឹត្តិការណ៍​កីឡា​រត់ប្រណាំង​អន្តរជាតិ​ធំៗ​ចំនួន​៤​ត្រូវបាន​ផ្អាក​ដំណើរការ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​(​កូ​វីដ​-១៩)​។ កម្ពុជា ដែល​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ព្រឹត្តិការណ៍​នេះ ក៏បាន​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​ផងដែរ​។

 
​សហព័ន្ធ​កីឡាអត្តពលកម្ម​អន្តរជាតិ​, អាស៊ី និង​អាស៊ាន បានសម្រេច​ផ្អាក​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាអត្តពលកម្ម​កម្រិត​ពិភពលោក អាស៊ី និង​អាស៊ាន​ចំនួន​៤​នៅ​ឆ្នាំនេះ​។ ការផ្អាក​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ចិន ថៃ និង​ឥណ្ឌូណេស៊ី ដែល​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​។  
 
​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ទាំងនេះ រួមមាន​ការប្រកួត​ជើងឯក​ពិភពលោក​ក្នុង​សាល​(World Athletics Indoor Championship, Asian Athletics Championship នៅ​ចិន​,  ASEAN  Youth Athletics Championship នៅ​ប្រទេស​ថៃ និង SEA Youth Athletics  Championship នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ 
 
​លោក ហ៊ុន បូរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស្ម័គ្រ​ចិត្តបាន​បញ្ជាក់ថា ការផ្អាក​នេះ​មិនបាន​កំណត់​ពី​ពេលវេលា​នោះឡើយ ហើយ​វា​ទំនងជា​អាច​ចាប់ផ្តើម​ឡើងវិញ​នៅពេល​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩​មាន​ភាព​ធូរស្រាល​។​
 
​អគ្គលេខាធិការ​រូបនេះ​បាន​បន្តថា អត្ត​ព​លិ​ក​កម្ពុជា​បាន​ព្យាយាម​ហ្វឹកហាត់​យ៉ាងខ្លាំង​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ តែ​ក៏​ត្រូវបាន​ផ្អាក​ការហ្វឹកហាត់​វិញ ក្រោយ​ទទួលបាន​លិខិត​ផ្អាក​ការរៀបចំ​ជា​បន្ត​បន្ទាប់ពី​សហព័ន្ធ​កីឡាអត្តពលកម្ម​អន្តរជាតិ​, អាស៊ី និង​អាស៊ាន​។ 
 
«​យើង​បាន​ហ្វឹកហាត់​យ៉ាងខ្លាំង​ដើម្បី​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ទាំងនេះ ប៉ុន្តែ​ការហ្វឹកហាត់​ជុំគ្នា​ត្រូវបាន​រំសាយ​។ បច្ចុប្បន្ន​កីឡាករ​របស់​យើង​ត្រូវបាន​គ្រូបង្វឹក​ដាក់​កាលវិភាគ​ឲ្យ​ហ្វឹកហាត់​ដោយ​ខ្លួនឯង​នៅតាម​ផ្ទះ និង​ទីកន្លែង​មាន​សុវត្ថិភាព​មួយចំនួន ហើយ​មាន អ្នកខ្លះ​ហ្វឹកហាត់​នៅក្បែរៗ​ស្ដា​ត​អូឡាំពិក​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន បូរី​។ 
 
​សម្រាប់​ការប្រកួត​នេះដែរ កម្ពុជា​គ្រោង​បញ្ជូន​កីឡាករ​ជម្រើសជាតិ និង​អត្ត​ព​លិ​ក​ថ្នាល​ចំនួន​៨​រូប​ឲ្យ​ចូលរួម ដោយ​ពួកគេ​ទាំងអស់​សុទ្ធសឹង​ជា​កីឡាករ​មាន​សមត្ថភាព​ខ្ពស់ ដែល​បាន​ឆ្លងកាត់​ការប្រកួតប្រជែង​ជាមួយ​កីឡាករ​មាន​សមត្ថភាព​ជាច្រើនរូប​។ តែ​យ៉ាងណា​គម្រោង​នៃ​ការចូលរួម​ប្រកួត​នេះ​នៅតែ​រក្សា​ដដែល បើសិន​ប្រទេស​ម្ចាស់ផ្ទះ​ទាំងនោះ​រៀបចំ​ឡើងវិញ​៕   
 
 

Tag:
 អត្តពលកម្ម​
  រត់ប្រណាំង
© រក្សាសិទ្ធិដោយ thmeythmey.com