ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វត្ត​៥​ក្នុងស្រុក​លើកដែក​មាន​បរិស័ទ​យក​ចង្ហាន់​ទៅក្នុង​សភាព​ស្ងប់ស្ងាត់​
18, Apr 2020 , 1:19 pm        
រូបភាព
​កណ្ដាល​៖ ដ្បិត​មាន​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​វត្ត​ក៏ពិតមែន ប៉ុន្តែ​វត្ត​៥​នៅក្នុង​ស្រុក​លើកដែក នៅតែមាន​សភាព​ស្ងប់ស្ងាត់ ដែល​ខុសពី​ឆ្នាំមុនៗ​។ បរិស័ទ​ភាគច្រើន គ្រាន់តែ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ រួច​ក៏​ប្រញាប់ប្រញាល់​ត្រឡប់មកផ្ទះ​វិញ​រៀងៗ​ខ្លួន​។ បើទោះបី​នៅ​ជនបទ​ក៏ពិតមែន តែ​វត្ត​ទាំង​៥​ដែល​ស្ថិត​ក្នុងស្រុក​លើកដែក ក៏បាន​ដាក់​អាល់កុល​ទុក​សម្រាប់​បាញ់​ឱ្យ​ពុទ្ធបរិស័ទ​ពេល​ចូល​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ដែរ​។

 
​ផ្ដើមចេញពី​វត្ត​ប​ទុគ​ង្គា​ហៅ​វត្ត​ព្រែក​ដាច់ ដែល​ស្ថិត​ក្នុងភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្ដាល នា​ម៉ោង​ប្រមាណ​៨​ព្រឹក ក្នុង​ថ្ងៃទី​៤​នៃ​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ មាន​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ប្រមាណ​តែ​១០​នាក់​ប៉ុណ្ណោះ​។ ក្នុង​ទីធ្លា​វត្ត​ទាំងមូល​មាន​សភាព​ស្ងប់ស្ងាត់ ដោយមាន​ម៉ូតូ​ប្រមាណ​៥​គ្រឿង​តែប៉ុណ្ណោះ ដែល​ចត​នៅ​ទីនោះ​។

សូមស្តាប់សំឡេង៖





 
​លោក ផុន ភឿន ដែលជា​គណៈកម្មការ​ប្រចាំ​វត្ត​បទុម​គង្គា ហៅ​វត្ត​ព្រែក​ដាច់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅក្រោយពេល​សូត្រធម៌​ថា ឆ្នាំនេះ​ពុទ្ធបរិស័ទ​យក​ចង្ហាន់​មក​ក្នុង​ចំនួន​តិចតួច ហើយ​គេ​ក៏​មិន​នៅ​វត្ត​យូរ​ដែរ​៖«​មក​តិចៗ ចេះតែ​មក​ហូរហែ​តែ​មិន​មានមក​ដុំៗ​ទេ​។ មក​តែ​៥​ទៅ​៦​នាក់ វេរ​ហើយ​ទៅ​បាត់ទៅ មិន​នៅ​យូរ​ទេ​។ ឆ្នាំនេះ​ដោយសារ​មិនមាន​កម្មករ​រោងចក្រ​មក បើ​រាល់​ឆ្នាំមាន​កម្មករ​រោងចក្រ​មក គឺមាន​ច្រើន​កុះករ​តែម្ដង ហើយ​បច្ច័យ​លោក​កសាង​ក៏បាន​គ្រាន់បើ​ដែរ តែ​ឆ្នាំនេះ​ក្នុង​មួយថ្ងៃ​បាន​ប្រហែល​២​លាន ឬមួយ​លានជាង​។ ក្នុង​មួយថ្ងៃ​មាន​អ្នក​មក​វត្ត​ប្រហែល​មួយរយ​នាក់ តែ​មិនមាន​អ្នក​នៅទេ​»​។ 


លោក ផុន ភឿន គណៈកម្មការវត្តបទុមគង្គា ហៅវត្តព្រែកដាច់
 
​វត្ត​ដែលមាន​ព្រះសង្ឃ​គង់នៅ​ប្រមាណ​១៧​អង្គ​នេះ កាលពី​ឆ្នាំមុនៗ មាន​ពុទ្ធបរិស័ទ​មក​យ៉ាងច្រើន​កុះករ រហូត​ស្ទើរតែ​មិនមាន​កន្លែង​អង្គុយ នេះ​បើតាម​លោក ផុន ភឿន ដែល​អង្គុយ​ជិត​គណៈកម្មការ​វត្ត​ដទៃទៀត និង​មានទឹក​អាល់កុល​នៅក្បែរ​ផង​នោះបាន​បញ្ជាក់​៖«​ឆ្នាំមុន​មនុស្ស​ច្រើនណាស់ នៅ​សាលា​ធំ​នោះ រក​កន្លែង​ដាក់​មនុស្ស​មិនបាន​ផង​។ ដោយសារ​មាន​កូ​វីដ​១៩ ដូច្នេះ​ប្រជាជន​យើង​គាត់​ចេះតែ​ខ្លាច​មិន​ហ៊ាន​នៅ ដោយសារ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ នៅទីនេះ​មានទឹក​អាល់កុល នៅ​គ្រប់កន្លែង​សម្រាប់​លាងដៃ ឱ្យតែ​ចូលមក​បាញ់​លាងដៃ​ទាំងអស់​»​។​
 
​ឈរ​នៅ​ខាងមុខផ្ទះ ដៃ​កាន់​ចានស្រាក់​ពណ៌​ស ត្រៀម​ឡើង​ម៉ូតូ ដែល​ចត​នៅលើ​ផ្លូវ អ្នកស្រី ទ្រី ហុង អាយុ​៥០​ឆ្នាំ ទើបតែ​សម្រេចចិត្ត​ទៅ​វត្ត​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប៉ុណ្ណោះ​។ ទោះបី​ខ្លាច​ជំងឺឆ្លង​ក៏ពិតមែន តែ​ស្ត្រី​សម្បុរ​ស្រអែម​រាង​ខ្ពស់​មាឌ​មាំ​រូបនេះ ប្រថុយ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដូនតា​៖«​ខ្លាច​ដែរ​ប៉ុន្តែ​ឆ្លៀត​ទៅ ទើបតែ​ទៅ​ថ្ងៃនេះ ដោយសារ​គិតថា​ថ្ងៃនេះ​ជា​ថ្ងៃ​បញ្ចប់​។ រាល់​ឆ្នាំ​ខ្ញុំ​ទៅគ្រប់​៣​ថ្ងៃ​។ ពេលនេះ​ទៅ​៥​នាក់ ជាមួយ​កូន​និង​ចៅ​។ ខ្ញុំ​មិន​ពាក់​ម៉ាស់ ដោយ​គិតថា​វា​មិន​អី ព្រោះ​នៅទីនេះ​មានតែ​អ្នកភូមិ មិនមាន​អ្នក​ចំណាកស្រុក​មក​»​។ 


អ្នកស្រី ទ្រី ហុង ពុទ្ធបរិស័ទ
 
​ងាក​មក​ចាប់អារម្មណ៍​ដូនចាស់​អាយុ​៧៣​ឆ្នាំ​វិញ​ម្ដង​។ អុជ​ធូប​ក្នុង​សាលាឆាន់ នៃ​មណ្ឌល​វិបស្សនាធុរៈ​ទួល​អង្កាញ់ ដែល​ស្ថិត​ក្នុងភូមិ​ព្រែក​ដាច់ ស្រុក​លើកដែក​ខេត្តកណ្ដាល​ដែរនោះ ដូន ឃុ​ត ភឿន ក៏មាន​ការព្រួយបារម្ភ​ខ្លាច​ឆ្លង​កូ​រីដ​១៩​ដែរ តែ​ដូនចាស់​បាន​ពាក់​ម៉ាស់​និង​ត្រៀប​អាល់កុល​ជាប់​តាម​កាបូប​ជានិច្ច​៖«​ខ្ញុំ​ទើបតែ​បានមក​វត្ត​២​ថ្ងៃ​។ ខ្ញុំ​ខ្លាច​ជំងឺឆ្លង​ដែរ តែ​ខ្ញុំ​ការពារ​មានទឹក​អាល់កុល​លាងដៃ និង​ពាក់​ម៉ាស់​។ រាល់​ឆ្នាំ​ខ្ញុំ​មករ​ហូត ហើយ​ល្ងាច​សូត្រមន្ត​រហូត បើ​ភ្ជុំ​១៥​ថ្ងៃ​ខ្ញុំ​មក​សូត្រមន្ត​ទាំង​១៥​ថ្ងៃ បើ​ចូលឆ្នាំ​៣​ថ្ងៃ​ខ្ញុំ​ក៏​មក​សូត្រមន្ត​៣​ថ្ងៃ​ដែរ​។ ទើបតែ​ឆ្នាំនេះ​បានតែ​២​ថ្ងៃ​»​។ 


លោកយាយ ឃុត ភឿន ពុទ្ធបរិស័ទ
 
​ទោះបីជា​បាន​បង្ការ​ខ្លួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ហើយ​ក្ដី ប៉ុន្តែ​កូនក្មួយ​របស់លោក​យាយ ក៏​នៅតែ​មិន​ចង់ឱ្យ​លោក​មក​វត្ត​ជួប​មនុស្ស​ច្រើន​ដែរ បើទោះបីជា​នៅក្នុង​បរិវេន​អារាម​ដែល​ដូនចាស់​ទៅ​មិនសូវមាន​បរិស័ទ​ក្ដី​៖«​មុនដំបូង​ក្មួយ​ចេះតែ​ហាម​ដែរ តែ​ខ្ញុំ​គិតថា​វា​មិន​អី​ទេ ព្រោះ​ស្រុក​យើង​វា​សន្តិភាព​ដែរ វា​នៅ​ជនបទ បើ​នៅក្នុង​ក្រុង យើង​ចេះតែ​ខ្លាច​។ ខ្ញុំ​មិន​ធ្លាប់​ឃើញ​ទិដ្ឋភាព​ស្ងាត់​បែបនេះ​ទេ ឆ្នាំមុនៗ​ច្រើនណាស់ វត្ត​នៅឯ​កើត​ក៏​ច្រើន​នៅទីនេះ​ក៏​ច្រើន មកពី​អ្នក​លឿង មកពី​អង្គរជ័យ មក​តាំងពី​ព្រៃវែង​។ គ្រាប់​តែ​អាណិត​លោក បើ​មក​ច្រើន​ទៅបាន​បច្ច័យ​កសាង​ក៏​ច្រើន​»​។​
 
​ជា​អ្នករៀបចំ​ចង្ហាន់​ប្រចាំថ្ងៃ​សម្រាប់​ព្រះសង្ឃ​ក៏ដូចជា​ចង្ហាន់​នៅ​ថ្ងៃ​បុណ្យទាន​នានា ក្នុង​មណ្ឌល​វិបស្សនាធុរៈ​ទួល​អង្កាញ់ អ្នកស្រី ឃឹម ជុំ ថា​រាល់​ឆ្នាំ​ពុទ្ធបរិស័ទ​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ ហើយក៏​នៅចាំ​វេរ​ថ្វាយ​សង្ឃ និង​នៅ​ទទួលទាន​បាយ​ជុំគ្នា ប៉ុន្តែ​ឆ្នាំនេះ​មិនមាន​ទិដ្ឋភាព​នេះឡើយ​៖«​គាត់​មិន​នៅ​ហូប​ទេ វេរ​ហើយក៏​គាត់​ទៅវិញ​ទៅ ប្រហែលជា​១០០​នាក់ មកហើយ​ទៅៗ​។ រៀបចំ​សម្រាប់​ព្រះសង្ឃ​ហើយ ពុទ្ធបរិស័ទ​ដែល​នៅសល់​ទាំង​ប៉ុន្មាន​ហ្នឹង​គាត់​ហូប​ទៅ​។ បើ​ហូប​សល់​ឱ្យ​គាត់​យកទៅ​ផ្ទះ​ទៀត​ទៅ យើង​ខ្លាច​តែ​យើង​ចេះ​ការពារ​ទាំងអស់គ្នា​។ បើ​យើង​មិន​មក តើ​មាន​អ្នកណា​មក​រៀប​ចង្ហាន់​ព្រះសង្ឃ​។ រាល់​ឆ្នាំ​ពុទ្ធបរិស័ទ​មក ហើយ​នៅ​ហូប​អាហារ​នៅទីនេះ​ពេញៗ​គ្រប់​៣​ថ្ងៃ​»​។ 


អ្នកស្រី ឃឹម ជុំ អ្នករៀបចង្ហាន់ព្រះសង្ឃ
 
​ទោះ​មាន​ជំងឺឆ្លង​ហើយក៏​ពិតមែន ប៉ុន្តែ​សម្រាប់​មណ្ឌល​វិបស្សនាធុរៈ​ទួល​អង្កាញ់ ដែលមាន​ទីតាំងនៅ​កណ្ដាល​វាលស្រែ​និង​ចម្ការ​ដាច់​ឆ្ងាយ​ពី​ភូមិ ក៏​នៅមាន​ពុទ្ធបរិស័ទ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ថ្ងៃ​ធម្មតា​ដែរ​។ នេះ​បើតាម​អ្នកស្រី ឃឹម ជុំ ដែល​ឈរ​ជិត​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​កំពុងកាន់​នំ​រៀប​ចង្ហាន់​ព្រះសង្ឃ ដោយ​ប្រើ​ថង់​ប្លា​ស្ទិ​ក​ជំនួយ​ឱ្យ​ស្រោមដៃ​៖«​មិនមាន​ថ្ងៃបុណ្យ​ក៏មាន​បរិស័ទ​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ដែរ​មិន​ដាច់​ទេ​។ តែបើ​ថ្ងៃ​ណា​មិនសូវមាន​ភ្ញៀវ ពួក​ខ្ញុំ​ដាំបាយ ហើយ​ព្រះសង្ឃ​ឱ្យ​លុយ​ខ្លះទៅ​ទិញ​ម្ហូប​យកមក​ស្ល​ប្រគេន​លោក​ថ្ងៃត្រង់​។ អង្ករ​មាន​មិន​ខ្វះ​ទេ គេ​យកមក​បង្សុកូល​ទាំង​បេ​រៗ​។ ពេល​រៀប​ចង្ហាន់​យើង​យក​ថង់​ជំនួស​ឱ្យ​ស្រោមដៃ ដោយ​មិន​កាន់​ផ្ទាល់ដៃ​ទេ​»​។​
 
​ចេញពី​វត្ត​ក្នុង​ឃុំ​ព្រែក​ដាច់ ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​វត្ត​មួយទៀត​ដែល​ស្ថិតក្នុង​ភូមិ​ព្រែ​តូច ឃុំ​ព្រែក​ដាច់ គឺ​វត្ត​ឥន្ទនិម្មិត ហៅ​វត្ត​ព្រែក​តូច​។ វត្ត​នេះ​មាន​ពុទ្ធបរិស័ទ​ច្រើន​ជាវ​ត្ត​ទាំង​២​ខាងលើ​បន្តិច​។ នៅ​មាត់ទ្វារ​សាលាឆាន់ មាន​លោក​នេន​តូច​២​អង្គ​គង់​លើ​កៅអី កាន់​ដប​ទឹក​អាល់កុល​ទុក​បាញ់​ឱ្យ​ពុទ្ធបរិស័ទ មុន​យក​ចង្ហាន់​ចូល​ប្រគេន​ព្រះសង្ឃ​។ 


ទិដ្ឋភាពក្នុងវត្តឥន្ទនិម្មិត
 
​ឈរ​ក្បែរ​ព្រះសង្ឃ​ទាំងពីរ​អង្គ ដោយមាន​កូនស្រី​នៅ​ជិត​ផង អ្នកស្រី កិ​ច រី អាយុ​៤៣​ឆ្នាំ មិនបាន​ពាក់​ម៉ាស់​ឡើយ ពេល​ចូលក្នុង​វត្ត តែ​អ្នកស្រី​ព្យាយាម​នៅ​ដាច់​ឆ្ងាយ​ពី​មនុស្ស​ដទៃទៀត​។ មាន​អារម្មណ៍​ដូចជា​កម្សត់​បន្តិច ពេល​ស្ត្រី​កូន​៣​រូបនេះ ឃើញ​វត្តមាន​សភាព​ស្ងាត់​ខុស​រាល់​ឆ្នាំ​៖«​ខ្ញុំ​មក​វត្ត​៣​ថ្ងៃ​ហើយ ជួន​មកជា​មួយ​ប៉ា​វា ទើបតែ​ថ្ងៃនេះ​ទេ​ដែល​កូន​៣​នាក់មក​ជាមួយ​។ ខ្ញុំ​មិន​ខ្លាច​ទេ ព្រោះ​ព្រះសង្ឃ​បាញ់​អាល់កុល​ឱ្យ​ហើយ​។ អ្នកខ្លះ​ដែល​ពាក់​ម៉ាស់​គេ​នៅ​ជួបជុំគ្នា តែ​អ្នក​ដែល​មិន​ពាក់​ម៉ាស់ គេ​អង្គុយ​ដាច់​ឆ្ងាយ​ពីគ្នា​។ ខ្ញុំ​មិន​ធ្លាប់​ឃើញ​សភាព​បែបនេះ​ពីមុនមក​ទេ នេះ​ទើបតែ​លើក​ទី​១​។ នេះ​មិនមែន​កម្សត់​តិច​ទេ គឺ​កម្សត់​ខ្លាំង​ធ្លាប់​ពុទ្ធ​បរិ​ស័​យមក​វត្ត​ច្រើន ដល់​លើក​នេះ​មិនមាន​ដូច​គេ​ខ្លាច​ជំងឺ​នេះ​តែម្ដង​»​។ 


អ្នកស្រី កិច រី ពុទ្ធបរិស័ទ
 
​មិន​ខុសពី​វត្ត​ខាងលើ​ឡើយ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ឥន្ទនិម្មិត​នេះ ប្រគេន​ចង្ហាន់​ព្រះសង្ឃ​រួច​ក៏​រូតរះ​ត្រឡប់ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន​។ លោក ស៊ឹ​ន សារិន ជា​អាចារ្យវត្ត​ឥន្ទនិម្មិត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅ​ឆ្នាំនេះ​ពុទ្ធបរិស័ទ​មក​វត្ត​ថយចុះ​ជាង​ឆ្នាំមុន​ប្រមាណ​៣០០​នាក់​ក្នុង​មួយថ្ងៃៗ​៖«​បី​ថ្ងៃនេះ​គាត់​មក​បង្សុកូល​របៀប​គ្រួសារ​ហើយ គាត់​ត្រឡប់​ទៅវិញ​។ ដល់ពេល​ថ្ងៃ​មាន​ចាស់​ប្រហែល​១០​ទៅ​២០​នាក់​នៅ​វេរចង្ហាន់​ប្រគេន​ព្រះសង្ឃ​។ បើ​សរុប​ពី​ព្រឹក​រហូតដល់​ថ្ងៃត្រង់ ពុទ្ធបរិស័ទ​ដែល​អញ្ជើញ​មក​វត្ត​មិន​ក្រោម​ពី​៣០០​ទៅ​៤០០​នាក់​ទេ​។ បើ​យើង​ប្រៀបធៀប​ជាមួយ​ឆ្នាំមុន ក្នុង​មួយថ្ងៃៗ​តិច​បំផុត​ក៏​៦០០​ទៅ​៧០០​នាក់​ដែរ​»​។ 


លោក ស៊ឹន សារិន ជាអាចារ្យវត្តឥន្ទនិម្មិត 

​អនុវត្តន៍​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល វត្ត​ឥន្ទនិម្មិត បានរៀបចំ​កន្លែង​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ច្រើន​កន្លែង ដើម្បី​រក្សា​គម្លាត​គ្នា ហើយ​លោក​អាចារ្យ​ពន្យល់​ដូច្នេះ​៖«​ទី​វត្ត​ឥន្ទនិម្មិត​ខ្ញុំ​នេះ ចែក​អាចារ្យ​ឬ​គណៈកម្មការ ដែលមាន​ភារ​ទទួល​ក​ន្លែ​ង​បង្សុកូល ដូចជា​ព្រះសង្ឃ​ក្ដី មាន​ច្រើន​កន្លែង​ណាស់ ៥​ឬ​៦​កន្លែង​។ អ៊ីចឹង​គ្រួសារ​ដែល​គាត់​មកដល់​មុន គាត់​បង្សុកូល​មុន​ទៅ​។ ហើយ​បើ​គ្រួសារ​ផ្សេង​មក​ជាន់​ជាមួយ​គេ គាត់​ទៅ​បង្សុកូល​នៅ​កន្លែង​ផ្សេង​ទៅ មិនមាន​ផ្ដុំគ្នា​ទេ​។ ទោះបី​២​គ្រួសារ​ក្ដី ៣​គ្រួសារ​ក្ដី ទៅ​បែក​គ្នា​ទាំងអស់​។ ទី​បរិវេណ​ចង្អៀត​ផង ហើយ​គាត់​យល់​ពី​គោលការណ៍​នយោបាយ​រប​ស់រាជ​រដ្ឋាភិបាល ពេល​ចឹ​ង​គាត់​ចាត់ចែង​ដោយ​ខ្លួនឯង​តែម្ដង​»​។​
 
​វត្ត​ពីរ​ទៀត​ក្នុង​ឃុំ​ព្រែក​ទន្លាប់ គឺ​វត្ត​ព្រែក​ទន្លាប់ និង​វត្ត​កំពង់​ភ្នំ​ក្នុង ក្នុង​ឃុំ​កំពង់​ភ្នំ ដែល​ស្ថិត​ក្នុងស្រុក​និង​ខេត្ត​ដូចគ្នា ក៏មាន​សភាព​ស្ងប់ស្ងាត់​ដែរ សូម្បី​ភ្លេងពិណពាទ្យ​ដែល​ចាក់​កំដរ​វត្ត ក៏​បើក​ឮ​តិចៗ​ប៉ុណ្ណោះ​៕


សកម្មភាពបរិស័ទ រៀបចំចង្ហាន់ព្រះសង្ឃ
 
 

Tag:
 វត្ត​
  បរិស័ទ​
  ចង្ហាន់​
 ​ស្រុក​លើកដែក​
 ​ស្ងាត់​
 
© រក្សាសិទ្ធិដោយ thmeythmey.com