កីឡាអន្តរជាតិ
អន្តរជាតិ
Top 4 នៅ La Liga នឹង​បាន​កៅអី UCL រដូវ​កាល​ក្រោយ បើ​លី​គ​ត្រូវ​ឆាចោល​ព្រោះ COVID-19
18, Apr 2020 , 3:19 pm        
រូបភាព
​ក្រុម​កំពូល​តារាង​ទាំង​៤ (Top 4) នៅ La Liga នឹង​ទទួលបាន​កៅអី UEFA Champions League រដូវ​កាល​ក្រោយ ប្រសិនបើ​ការប្រកួត​ដែល​សេសសល់​រដូវ​កាល​នេះ​ត្រូវ​ឆាចោល​ដោយសារ​វិបត្តិ COVID-19​។ នេះ​បើតាម​ការបញ្ជាក់​របស់​ស​ព័ន្ធ​កីឡាបាល់ទាត់​អេ​ស្ប៉ា​ញ (RFEF)​។​


 
​ក្រុម​ទាំង​២០​នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​អេ​ស្ប៉ា​ញ បាន​ឆ្លងកាត់​ការប្រកួត​ចំនួន ២៧​លើក​រួចមកហើយ​ក្នុង​រដូវ​កាល​នេះ មុនពេល RFEF សម្រេច​ឲ្យ​ផ្អាក​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​១២ ខែមីនា បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​ដែល​សម្លាប់​មនុស្ស​ជាង​មួយ​សែន​នាក់​ជុំវិញ​ពិភពលោក​។​
 
​ក្នុងចំណោម​ក្រុម​ទាំងអស់ Barcelona, Real Madrid Sevilla និង​ក្រុម Real Sociedad ជា​ក្រុម​ដែល​ស្ថិតក្នុង​លំដាប់ថ្នាក់ Top 4 ហើយនឹង​ត្រូវ​ឆ្លងទៅ​ការប្រកួត​ក្របខណ្ឌ​អឺរ៉ុប​រដូវ​កាល​ល​ក្រោយ ប្រសិនបើ​គ្មាន​ប្រកួត​ដើម្បី​បញ្ចប់​លី​គ​រដូវ​កាល​នេះ​ទេនោះ​។​
 
​លោក Andreu Camps អគ្គលេខាធិការ RFEF បាន​និយាយថា RFEF ចង់​ធ្វើ​កិច្ចការ​របស់ខ្លួន​ក្នុងករណី​មានការ​ផ្អាក​ការប្រកួត ដែល​នេះ​ទទួលបាន​ការស្នើ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ទាក់ទង​នឹង​ក្លិប​នៅ​អេ​ស្ប៉ា​ញ​ដែល​នឹងមាន​សិទ្ធិ​ចូលរួម​ការប្រកួត Champions League រដូវ​កាល​ក្រោយ​។ 
 
RFEF បន្ថែមថា​៖ «​ដូច្នេះ វា​ត្រូវបាន​ព្រមព្រៀង​នៅក្នុង​គណៈប្រតិភូ RFEF ដើម្បី​រៀបចំ​ផែនការ​ដើម្បី​ផ្តល់​ភាពប្រាកដប្រជា​អំពី​សេណា​រី​យ៉ូ បើសិន​មិនអាច​បញ្ចប់​ការប្រកួត​លី​គ​បាន​ទេនោះ ក្លិប​ទាំងអស់​ត្រូវ​ដឹង​ពី​សេណា​រី​យ៉ូ​ថ្មី​ដែល​ពួកគេ​កំពុង​ប្រឈមមុខ​»​។ 
 
​បន្ទាប់ពី​ការប្រកួត​ចុងក្រោយ​បានបញ្ចប់​នៅ​ថ្ងៃទី​១០ ខែមីនា ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ Barcelona ស្ថិតនៅ​កំពូល​តារាង La Liga ដោយមាន​៥៨​ពិន្ទុ នាំមុខ Real Madrid ចំនួន​២​ពិន្ទុ​។ Sevilla នៅ​លេខ​រៀង​ទី​៣ មាន​៤៧​ពិន្ទុ ខណៈ Real Sociedad មាន​៤៦​ពិន្ទុ ឈរ​លេខ​៤​។ រីឯ Getafe និង Atletico Madrid ដែលជា​ក្រុម​លេខ ៥ និង​លេខ ៦ ក៏​នឹង​បាន​កៅអី​សម្រាប់​ការប្រកួត Europa League ផងដែរ​។​
 
​មកទល់​ថ្ងៃទី​១៧ ខែមេសា​នេះ អេ​ស្ប៉ា​ញ​មាន​ចំនួន​អ្នក​ឆ្លង​ច្រើនជាងគេ​លំដាប់​ទី​ពីរ​បន្ទាប់ពី​អាមេរិក​ក្នុង​ចំនួន​ជាង​១៨​សែន​ករណី ក្នុងនោះ​ស្លាប់​ជិត​២​ម៉ឺន​នាក់ និង​សះស្បើយ​ជាង​៧​ម៉ឺន​នាក់​៕

Tag:
 COVID-19
  La Liga
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com