ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី កុ​ត រ៉េ​ន កំពុង​ប្រមូល​ផល​បន្លែ និង​ផ្លែឈើ​ដែល​ដាំ​ជុំវិញ​ផ្ទះ​
18, Apr 2020 , 4:19 pm        
រូបភាព
​សៀមរាប​៖ កសិករ អ្នកស្រី កុ​ត រ៉េ​ន កំពុង​រីករាយ​ជាមួយនឹង​ការប្រមូល​ផល​បន្លែ និង​ផ្លែឈើ​ដែល​អ្នកស្រី​បាន​ដាំ​ជុំវិញ​ផ្ទះ​។ បន្លែ​ដែល​អ្នកស្រី រ៉េ​ន ដាំ​រួមមាន ល្ពៅ ស្ពៃ ជីគ្រប់មុខ ម្ទេស ស្លឹកគ្រៃ ស្លឹក​ខ្ទឹម ត្រាប់ រមៀត ឃ្លោក ។​ល​។ រីឯ​ជុំវិញ​ផ្ទះ​អ្នកស្រី រ៉េ​ន សម្បូរ​ដោយ​ដើម​ស្វាយ​ច្រើន​ប្រភេទ​។​

 
 
 
​មាន​វ័យ​៥៧​ឆ្នាំ អ្នកស្រី រ៉េ​ន ប្រើប្រាស់​ដី​លិច​ទឹក​ក្រោយ​ផ្ទះ​នា​រដូវវស្សា សម្រាប់​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ក្នុង​រដូវ​ខ្សត់​ភ្លៀង​។ ដំណាំ​ទាំងនោះ​បានផ្តល់​ផល​ច្រើន ហើយ​ដំណាំ​ភាគច្រើន​ត្រូវប៉ាន់​សម្រាប់​ទីផ្សារ ដូចជា​ត្រួយ​ល្ពៅ ជីគ្រប់មុខ និង​ស្ពៃ​ជាដើម ដែល​ឈ្មួញ​តែង​មក​ទិញ​ដល់ផ្ទះ​។ មួយថ្ងៃៗ អ្នកស្រី រ៉េ​ន មិនបាន​ទៅណា​ទេ គឺ​រវល់​នៅតែ​ក្រោយ​ផ្ទះ រៀបចំ​សួន​បន្លែ និង​ថែទាំ​ផលដំណាំ​ទាំងនោះ​ដោយ​យកចិត្តទុកដាក់​។​
 
​កសិករ​នៅ​ភូមិ​ត្រាច​ជ្រំ សង្កាត់​អំពិល ស្រុក​ប្រាសាទបាគង អ្នកស្រី រ៉េ​ន ប្រាប់ថា​បានចាប់ផ្តើម​ដាំ​បន្លែ​ក្រោយ​ផ្ទះ​ប្រមាណ​២០​ឆ្នាំ​មកហើយ គឺ​តែង​ធ្វើ​នា​រដូវ​ច្រូតកាត់​រួច​។ មុនៗ​កសិករ​រូបនេះ​មាន​របរ​ចិញ្ចឹមសត្វ​គោក្របី តែ​នៅពេល​ខ្លួន​កាន់តែ​ចាស់ ខ្សត់​កម្លាំង ក៏​ងា​កម​កដាំ​បន្លែ​នេះ​វិញ​។ 


 
​ចំណែក​បច្ចេកទេស​ដាំ អ្នកស្រី រ៉េ​ន បាន​រៀន​ពី​អង្គការ​កសិកម្ម អា​ហ្គ្រី​ស៊ូ​ត​។ អ្នកស្រី​ប្រើ​ជីធម្មជាតិ​សម្រាប់​ដាក់​ដាំ​ផ្សេងៗ មាន​ជី​អាចម៍គោ ជី​អាចម៍មាន់​។ ក្រៅពី​បន្លែ អ្នកស្រី រ៉េ​ន មាន​ដើម​ស្វាយ​ច្រើន​ដើម និង​ច្រើន​ប្រភេទ​ជុំវិញ​ផ្ទះ និង​តាម​ដីដំបូក​តាម​វាលស្រែ​ច្រើន​ដើម​ទៀត​។ ស្វាយ​ដែល​អ្នកស្រី​ដាំ មាន​ស្វាយកែវចិន ស្វាយ​ភូមិ​សែន​។​ល​។ ដែល​កសិករ​រូបនេះ​បេះ​លក់​ជា​រៀងរាល់ថ្ងៃ​។ កសិករ​រូបនេះ​មិនអាច​ប៉ាន់ប្រមាណ​ចំណូល​ពី​ការដាំ​បន្លែ និង​ផ្លែឈើ​បានច្បាស់លាស់​ទេ ដោយ​គ្រាន់តែ​ប្រាប់ថា ថវិកា​ទាំង​នោះបាន​គ្រប់គ្រាន់​សមល្មម​សម្រាប់​ចាយវាយ​ក្នុង​គ្រួសារ​៕




















 

Tag:
 កសិកម្ម​
  កសិកម្ម​លក្ខណៈ​គ្រួសារ​
© រក្សាសិទ្ធិដោយ thmeythmey.com