វិបត្តិសុខភាព កូវីដ១៩ បានធ្វើឲ្យជំនួញមួយចំនួនធំបិទទ្វារ បុគ្គលិកជាច្រើននាក់គ្មានការងារធ្វើ គ្មានប្រាក់ចំណូល។ល។ ប៉ុន្តែ រឿងមួយទៀតដែលកំពុងប្រឈមដែរនោះ គឺការជំពាក់លុយគ្នាទៅវិញទៅមកនៅក្នុងជំនួញ ឬជាការជំពាក់ខ្ចីគ្នាក្នុងន័យជួយគ្នាទៅវិញទៅមក។ សុធីរ និងសំណាង បានលឺគេជជែកគ្នាច្រើនណាស់ជុំវិញរឿងបំណុលនេះនៅក្នុងបរិបទកូវីដ១៩។
សុធីរ៖ អា សំណាង! តើអ្ហែងមានគេជំពាក់លុយអត់សងដែរឬទេឥឡូវនេះ?
សំណាង៖ អានេះ សួរអញដូចជាឌឺអញពេកហើយ។ អញឯណាមានលុយឲ្យគេខ្ចីអ្ហា! មានតែអញខ្ចីគេអ្ហា។
សុធីរ៖ អើអញសួរអ្ហែងលេងតើ! អញលឺគេនិយាយគ្នារឿងបំណុលហ្នឹងច្រើនណាស់ណា៎។ អ្ហែងមានលឺដូចអញអត់?
សំណាង៖ អញលឺគេរអ៊ូរាល់ថ្ងៃហ្នឹងតាំងពីមេរោគកូវីដ១៩រាតត្បាតមក។ រឿងបំណុលនេះមានពីរផ្នែក។ ផ្នែកទី១ គឺក្រុមបុគ្គលជំពាក់ធនាគារ ឬជំពាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ រីឯផ្នែកទី២ គឺអ្នកជំនួញជំពាក់អ្នកជំនួញទៅវិញទៅមក ព្រោះគេរកស៊ីជាមួយគ្នា ឬគេទិញហើយមិនបានទូទាត់លុយ។ អ្នកខ្លះ ជំពាក់មានឯកសារ អ្នកខ្លះក៏អត់ឯកសារ ព្រោះ ពួកគេទុកចិត្តគ្នាដោយគេរកស៊ីជាមួយគ្នាយូរយារមកហើយ។ ដល់ពេលកូវីដ១៩ចូលមក កូនបំណុលខ្លះ ក៏សងម្ចាស់បំណុល តែកូនបំណុលខ្លះទៀតធ្វើមិនដឹងមិនលឺ។ល។
សុធីរ៖ អ៊ីចឹង ម្ចាស់បំណុលមិនវីវរទៅហើយ?
សំណាង៖ ម្ចាស់បំណុលខ្លះ សឹងតែក្អួតឈាមហើយ ព្រោះ ទៅទារលុយពីគេ គេច្រើននិយាយថា អត់លុយ សេដ្ឋកិច្ចគាំង លក់អត់ដាច់ ម្ចាស់មិននៅ អ្នកជំពាក់ក៏មិនទាន់សង។ល។
សុធីរ៖ តើអាចមានកូនបំណុលខ្លះ មានលុយដែរ តែមិនចង់សងគេឬទេ?
សំណាង៖ អើ វាចេះតែមានហើយ។ អ្នកខ្លះ យកលេសបញ្ហាកូរ៉ូណា មិនចង់សងគេតែម្តង។ មានមនុស្សជំពូកនេះច្រើនដែរតើ!
សុធីរ៖ តែក៏មានដែរ អ្នកដែលទាល់លុយមែនទែន មិនថាអ៊ីចឹង?
សំណាង៖ អើវាមានហើយអ្នកទាល់លុយ។ អ្នកខ្លះ គ្មានអ្វីបង្វិលមែនណា៎! ជួនកាល
អ្ហែងឃើញអ្នករកស៊ីធំៗ មានមុខមានមាត់អ៊ីចឹងមែន តែឲ្យរកលុយសុទ្ធសម្រាប់ចំណាយចរន្ត គឺពិបាក!
សុធីរ៖ ចុះអារឿងជំពាក់ហ្នឹងដោះស្រាយម៉េចទៅបើគេអត់សង ឬមិនទាន់សង?
សំណាង៖ បើមានឯកសារត្រឹមត្រូវមិនអីទេ គេអាចបន្តទារបាន ឬអាចប្តឹងបាន។ ប៉ុន្តែ ទាក់ទងនឹងបំណុលអត់ឯកសារ គឺពិបាកបន្តិច។ អ្នកខ្លះ ខូចមិនចង់សងគេទេ។ នៅស្រុកខ្មែរ ដូចឯងដឹងអ៊ីចឹង អ្នករកស៊ីមួយចំនួនធំអនុញ្ញាតឲ្យជំពាក់គ្នាទៅវិញទៅមកដោយគ្មានឯកសារអ្វីឡើយ ព្រោះ ពួកគេទុកចិត្តសម្តីគ្នាជាងឯកសារទៅទៀត។ ដូច្នេះ បើមានអ្នកខូចមិនចង់សងពេលកូរ៉ូណានេះ មនុស្សខូចនោះ មិនអាចរកស៊ីជាមួយគេបានទៀតឡើយ៕