ជាតិ
សង្គមជាតិ
៣​ខែ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​ថយ ចុះ​១៤​ភាគរយ
18, Apr 2020 , 4:59 pm        
រូបភាព
រូបភាពពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
រូបភាពពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
​ភ្នំពេញ​៖ រយៈពេល​៣​ខែ គិត​ចាប់ពី​ថ្ងៃទី​២៤ ខែមករា ដល់​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​រឹតបន្តឹង​លើ​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែលមាន​កំណើន​កាលពី​ឆ្នាំ​២០១៩​។ រយៈពេល​ខែ​នៃ​ការ​រឹតបន្តឹង​នេះ ឃើញថា​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​១៥០​លើក ស្នើ​១៤​ភាគរយ ហើយ​ចំនួន​អ្នកស្លាប់​ថយចុះ​២០​នាក់ ស្នើ​នឹង​៤​ភាគរយ និង​អ្នករបួស​ថយចុះ​ចំនួន​២៧៧​នាក់ ស្នើ​នឹង​១៧​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។​


 
​តាមរយៈ​សេចក្តីជូនដំណឹង​ដែល​ចេញ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០២០ ទាក់ទង​នឹង​ការអនុវត្ត​អនុក្រឹត្យ​ថ្មី​ស្តីពី​ការពិន័យ​អន្តរកាល​ចំពោះ​បទល្មើស​ចរាចរណ៍​ផ្លូវគោក សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានកំណត់​ឆ្នាំ​២០២០ ក្នុងការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បាន​កើនឡើង​យ៉ាងច្រើន​ក្នុង​ឆ្នាំ​២០១៩​។  
 
​សម្តេច ស ខេង ដែលមាន​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ផង​នោះ បន្តថា ទោះបីជា​មានការ​កាត់បន្ថយ​ក៏ពិតមែន ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែមាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ដែល​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ​ផងដែរ​។​
 
​សូមបញ្ជាក់ថា គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នឹង​អនុវត្ត​ការពិន័យ​អន្តរា​ការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​តម្លើង​កម្រិត​ទឹកប្រាក់​ពិន័យ​ក្នុង​ចំនួន​ពី ៣-៥​ដង​៕

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com