COVID-19
អន្តរជាតិ
ករណី​ឆ្លង COVID-19 នៅ​សិង្ហ​បុរី​ហក់​ឡើង​ជិត​៦​ពាន់​នាក់​, ឈរ​លេខ​ពីរ​នៅ​អាស៊ាន​
18, Apr 2020 , 3:53 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​សិង្ហ​បុរី នៅ​ថ្ងៃទី​១៨ ខែមេសា បាន​រាយការណ៍​ពី​ការ​ហក់​ឡើង​ខ្ពស់បំផុត​នៃ​ចំនួន​អ្នក​ឆ្លង COVID-19 ប្រចាំថ្ងៃ​ដែលមាន​ដល់​ទៅ​៩៤២​នាក់​។ តួលេខ​ឆ្លង​សរុប​នៅ​បុរី​រដ្ឋ​មួយ​នេះ ក៏​កើន​ដល់​៥៩៩២​នាក់ ដែល​ភាគច្រើន​ជា​ពលករ​បរទេស​។ ហ្វីលីពីន ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ​នៅ​អាស៊ាន គឺ​៦០៨៧ នាក់​។

 
​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​មកហើយ សិង្ហ​បុរី​មាន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ក្បែរ​មួយ​ពាន់​នាក់​បែបនេះ​។ ខណៈ​ចំនួន​ករណី​ឆ្លង​កើនឡើង​ក្នុងចំណោម​ពលករ​បរទេស ចំនួន​ករណី​ឆ្លង​ថ្មី​ក្នុងចំណោម​ពលរដ្ឋ​សិង្ហ​បុរី​មាន​មិន​ដល់​២០​នាក់​ផង​។ 
 
​ក្នុងចំណោម​អ្នក​ឆ្លង​ទាំងអស់​នៅ​សិង្ហ​បុរី​ចំនួន​៥៩៩២​នាក់ មាន​ជាង​៦០​ភាគរយ​ជា​ពលករ​បរទេស​ដែល​ធ្វើការ​នៅតាម​ការដ្ឋាន​សំណង់ និង​ការសាងសង់​កប៉ាល់​ជាដើម​។ អាគារ​រស់នៅ​រួមគ្នា​របស់​ពលករ​ទាំង​នេះ ជា​កន្លែង​ចម្លង COVID-19 ដ៏​ធំ​នៅ​សិង្ហ​បុរី​។ គេ​រំពឹងថា ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ច្រើន​បែបនេះ នឹង​បន្ត​មាន​ទៀត ខណៈ​អាជ្ញាធរ​បង្កើន​ការធ្វើ​តេស្ត​អ្នក​ដែល​រស់ក្នុង​អាគារ​ជាមួយ​ពលករ​ដែលមាន​លទ្ធផល​វិជ្ជមាន​។​
 
​ឈរលើ​សិង្ហ​បុរី គឺ​ហ្វីលីពីន​។ នៅ​ថ្ងៃទី​១៨ ខែមេសា ក្រសួងសុខាភិបាល​ហ្វីលីពីន​បានប្រកាស​ពី​ករណី​ឆ្លង​ចំនួន​២០៩​នាក់​ទៀត ដែល​នាំ​តួលេខ​ឆ្លង​នៅ​ប្រទេស​មាន​កើន​ដល់​៦០៨៧​នាក់ ដែល​ចំនួន​ច្រើនជាងគេបង្អស់​នៅ​អាស៊ាន​។​
 
​នៅ​លេខ​បី គឺ​ឥណ្ឌូណេស៊ី ដែលមាន​ចំនួន​អ្នក​ឆ្លង​សរុប​៥៩២៣ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមេសា​។ ឥណ្ឌូណេស៊ី មាន​អ្នកស្លាប់​ចំនួន​៥២០​នាក់ ឈរ​លេខ​មួយ​នៅ​អាស៊ាន​។ បន្ទាប់ពី​ឥណ្ឌូណេស៊ី គឺ​ម៉ាឡេស៊ី ដែលមាន​ករណី​ឆ្លង​ចំនួន​៥២៥១​នាក់ គិត​ត្រឹម​ថ្ងៃទី​១៧ ខែមេសា​។ នេះ​បើតាម​វេ​ប​សាយ Worldometers ៕  

Tag:
 សិង្ហ​បុរី​
  អាស៊ាន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com