COVID-19
អន្តរជាតិ
លោក ប្រា​យុទ្ធ អំពាវនាវ​ឲ្យ​អ្នកមាន​ជាងគេ​ទាំង​២០​នៅ​ថៃ ជួយ​ប្រយុទ្ធ​នឹង COVID-19
18, Apr 2020 , 7:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១៧ ខែមេសា បាន​បោះដៃ​ទៅរក​វិស័យ​ឯកជន​របស់​ថៃ​ឲ្យ​ចូល​រួមជាមួយ​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​ដែល​កើតចេញពី​ការ​រាលដាល​ជំងឺ COVID-19 ក្នុងប្រទេស​។ ក្នុង​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍ លោក ប្រា​យុទ្ធ អះអាងថា រដ្ឋាភិបាល​តែឯង​មិនអាច​ដោះស្រាយ​ដ៏​ច្រើន​បានឡើយ ដែល​ការណ៍​តម្រូវ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី តែ​មិន​និយាយ​ឲ្យ​ច្បាស់​ពី​ជំនួយ​ដែល​វិស័យ​ឯកជន​អាចជួយ​ឡើយ​។​

 
​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុងស្រុក​ដែល​បង្កដោយ COVID-19 នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា និយាយថា លោក​នឹង​សរសេរ​សំបុត្រ​ទៅកាន់​អ្នកមាន​ជាងគេ​ទាំង​២០​នៅ​ថៃ ដើម្បី​ហៅ​ពួកគេ​ឲ្យ​ផ្ដល់យោបល់ និង​របៀប​ដោះស្រាយ​វិបត្តិ​ដ៏​ធំ​នេះ​។ ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​នៅ​យប់​ថ្ងៃទី​១៧ ខែមេសា លោក ប្រា​យុទ្ធ អះអាងថា COVID-19 ក្លាយជា​ការគំរាមកំហែង​កាន់តែ​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាជន និង​ស្ថានភាព​សេដ្ឋកិច្ច​របស់​ថៃ​។  
 
«​ជនជាតិ​ទាំងនេះ មាន​ឥទ្ធិពល​ខ្លាំង​លើ​សេដ្ឋកិច្ច​ប្រទេស ហើយ​ត្រូវបាន​ចាត់ទុកថា ស្ថិតក្នុង​ចំណោម​អ្នកមាន​ជាងគេ​លើ​លោក​។ ខ្ញុំ​ស្នើ​ឲ្យ​ពួកគេ​ដើរតួនាទី​សំខាន់​ដើម្បី​ធ្វើការ​ទាំងអស់គ្នា​ជូ​យ​ប្រទេស​។​» នេះ​ជាការ​លើកឡើង​របស់លោក ប្រា​យុទ្ធ ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ថៃ មិនបាន​បញ្ជាក់​ឲ្យ​ចំ​ពី​អ្វីដែល​រដ្ឋាភិបាល​រប​ស់លោក​ចង់បាន​ពី​មហាសេដ្ឋី​ថៃ​ទាំង​២០​នាក់​នោះដែរ​។​
 
​យ៉ាងណាមិញ លោក ប្រា​យុទ្ធ លើកឡើងថា អ្វីដែល​ត្រូវការ​ចាំបាច់ គឺ​គំនិត និង​ធនធាន​។ លើសពីនោះ លោក​នឹង​ជួប​ជាមួយ​សមាគម​តំណាង​ធុរកិច្ច​គ្រប់​តូចធំ​ទាំងអស់​ដើម្បី​ស្ដាប់​មតិយោបល់​របស់​ពួកគេ សំដៅ​ស្រោចស្រង់​សេដ្ឋកិច្ច​។​
 
​ទោះ​មិន​បញ្ចេញ​ឈ្មោះ គេ​អាច​ស្មាន​បាន​ថា ក្នុងចំណោម​មហាសេដ្ឋី​ដែល​លោក ប្រា​យុទ្ធ នឹង​ផ្ញើ​សំបុត្រ​ឲ្យ​អាចមាន​ត្រកូល Chearavanont ដែល​កាន់កាប់​ក្រុមហ៊ុន CP, លោក Chalerm Yoovidhya សហ​ស្ថាបនិក​ក្រុមហ៊ុន​ភេសជ្ជៈ Red Bull និង​លោក Prasert Prasarttong-Osoth អ្នកបង្កើត​អាកាសចរណ៍ Bangkok Airways ជាដើម​។​
 
​យ៉ាងណាមិញ ការអំពាវនាវ​របស់​លោក ប្រា​យុទ្ធ រង​ការវាយប្រហារ​ខ្លាំង​លើ​បណ្ដាញ​សង្គម Twitter ដោយ Hashatag #BeggarGovernment (​រដ្ឋាភិបាល​សុំទាន​) ត្រូវបាន​ចែករំលែក​យ៉ាង​ទូលាយ​។ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងនោះ មិន​សប្បាយ​ចិត្តនឹងរ​ដ្ឋា​ភិ​បាល​លោក ប្រា​យុទ្ធ ដែល​ទំនង​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា ហើយ​រក​ជំនួយ​ពី​ភាគី​ផ្សេង​៕ 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com