ពីនេះ ពីនោះ
ត្រី​ព្រាម​លឿង អាច​រស់នៅក្នុង​ទឹក​ភ្លាវ​ក៏បាន ទឹកសាប​ក៏បាន​
18, Apr 2020 , 7:39 pm        
រូបភាព
​ត្រី​ព្រាម​ស​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប​នៃ​រដ្ឋបាល​ជលផល
​ត្រី​ព្រាម​ស​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប​នៃ​រដ្ឋបាល​ជលផល
ដោយ:
​ត្រី​ព្រាម​លឿង មាន​រូបរាង​ស្ទើរតែ​ដូចគ្នា​បេះបិត​ទៅនឹង​ត្រី​ព្រាម​ស ខុសគ្នា​តែ​ពណ៌​សម្បុរ​ប៉ុណ្ណោះ ព្រមទាំង​មាន​ដើមកំណើត​ក្នុង​តំបន់​ទឹក​ភ្លាវ (​ទឹកសមុទ្រ​លាយ​ទឹកសាប​) នា​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្នុងប្រទេស​វៀតណាម ហើយ​ចូលមក​រស់នៅក្នុង​ប្រព័ន្ធ​ទន្លេមេគង្គ ទន្លេបាសាក់ និង​បឹង​ទន្លេសាប ដូចគ្នា​។

 
​មាន​សម្បុរ​លឿង​ដូច​ឈ្មោះ ត្រី​ព្រាម​លឿង មានឈ្មោះ​វិទ្យាសាស្ត្រ (Polynemus melanochir) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Blackhand paradise fish​។ ទោះបី​មាន​រូបរាង​ស្រដៀង​គ្នា​នឹង​ត្រី​ព្រាម​ស​ដែរ តែ​ត្រី​ព្រាម​លឿង មាន​ស្តង់ដា​ប្រវែង​ដងខ្លួន ២៥ ស​.​ម វែង​ជាង​ត្រី​ព្រាម​ស​ជិត​ពាក់កណ្តាល​។ នៅលើ​ដងខ្លួន​ទាំងមូល​របស់​វា ពាស​ទៅដោយ​ពណ៌​លឿង​លាយ​ពណ៌​មាស មាន​ទ្រនុង​ព្រុយ​ទ្រូង​តូចឆ្មារ​ចំនួន ៧​សរសៃ​វែងៗ ដូច​ពុកមាត់ឆ្មា ដែល​ងាយ​ឲ្យ​យើង​ចំណាំបាន និង​ព្រុយ​ទ្រូង​ធំ​មួយ​មាន​ពណ៌​ខ្មៅ​នៅ​ខាងចុង​។ ជាធម្មតា ព្រុយ​ទ្រូង​របស់​ត្រី មាន​មុខងារ​សម្រាប់ធ្វើ​ឲ្យ​ដងខ្លួន​មាន​តុល្យភាព មាន​លំនឹង និង​ជា​ហ្វ្រាំង​ទប់ខ្លួន​ផងដែរ​។ ត្រី​ព្រាម​លឿង វា​ស៊ី​ពពួកសត្វ​មាន​សម្បក​តូចៗ ដូចជា ក្តាម កំពឹស បង្គា និង​ព្រោន​ជាដើម ជា​អាហារ​។​
​នាពេល​បច្ចុប្បន្ននេះ កត្តា​គំរាមកំហែង​ចំពោះ​ពួកវា​មានដូចជា​៖ ការបំពុល​បរិស្ថាន និង ការនេសាទ​ហួស​កម្រិត គឺជា​បញ្ហា​ប្រឈម​យ៉ាងខ្លាំង​ចំពោះ​ពួកវា​។​
 
​ដកស្រង់​ចេញពី​ប្រភព​៖ មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា​, fishbase.org

© រក្សាសិទ្ធិដោយ thmeythmey.com